គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាកំណត់ បើក​សម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ នៅ​ថ្ងៃសុក្រសប្តាហ៍ក្រោយ

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២៥ បានអញ្ជើ​ញ​ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍​រដ្ឋស​ភា ដើម្បីពិនិត្យនិងអនុម័តលើរបៀបវារៈ​មួយ​ចំនួន​។

ជាលទ្ធផលគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ជូនគណៈកម្មការនីតិកម្ម និង​យុត្តិធម៌ នៃរដ្ឋសភា ដោយសហការជាមួយ​គណៈ​កម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា ពិនិត្យសិក្សា ហើយ​ធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃ​យ៍​រដ្ឋសភាវិញ ។

កិច្ចប្រជុំក៏បានអនុម័តកំណត់កាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ នៅព្រឹក​ថ្ងៃសុក្រ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ ដោយ​មានរបៀបវារៈចំនួន ៥គឺ៖

-របៀបវារៈទី១ ព្រះរាជសារព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៧ ។

-របៀបវារៈទី២ របាយការណ៍សង្ខេបស្ដីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភា លើកទី៤ និងលើកទី៥ នីតិកាលទី៧។

-របៀបវារៈទី៣ ការពិភាក្សា និងអនុម័តសេចក្តី​ព្រាង​ច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋ​សម្រាប់​ការគ្រប់គ្រងឆ្នាំ២០២៤។

-របៀបវារៈទី៤ ការពិភាក្សា និងអនុម័ត​សេចក្តី​ព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់​គ្រង​ឆ្នាំ២០២៦។

-របៀបវារៈទី៥ ការពិភាក្សា និងអនុម័ត​សេចក្តី​ព្រាង​ច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖ ១-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រ​ជា​ធិបតេយ្យប្រជាមានិតឡាវ ស្ដីពីការលុបបំបាត់​ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀស​វាង​ពន្ធ ។ ២-កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសា​ធារណរដ្ឋហ្វ៊ីលីពីន ស្ដីពីការលុបបំបាត់ការ​យក​ពន្ធ​ត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀស​វាង​ពន្ធ។ ៣-ពិធីសារទី២ ដើម្បីធ្វើវិសោធនកម្មលើ​កិច្ច​ព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជា​ណា​ចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នានិងការបង្ការការកិបកេង បន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់​ចំណូល ៕

អត្ថបទ ៖ ហេង សម្បត្តិ
រូបភាព ៖ ថេត វិចិត្រ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner