សម្ដេច ហ៊ុន ម៉ាណែត ស្វាគមន៍រតនវត្ថុសិល្បៈខ្មែរ មាតុភូមិនិវត្តន៍មកកម្ពុជាវិញ
(ភ្នំពេញ)៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអបអរសាទរ និងស្វាគមន៍រតនវត្ថុសិល្បៈខ្មែរ មាតុភូមិនិវត្តន៍មកកម្ពុជាវិញ ពីប្រទេសហុងគ្រី ។ នេះបើតាមបណ្ដាញសង្គមសម្ដេចធិបតី ដែលបានបង្ហោះនាព្រឹកថ្ងៃសុក្រ ទី២១ វិច្ឆិកា ឆ្នាំ២០២៥ ។
សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាក់ថា អនុវត្តតាមគោលការណ៍ដ៏ហ្មត់ចត់របស់រាជរដ្ឋាភិបាល ក្នុងនាមជាសេនាធិការផ្ទាល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានខិតខំប្រឹងប្រែងចរចាជាមួយលោក István Zelnik ជនជាតិហុងគ្រី និងរដ្ឋាភិបាលហុងគ្រី ដើម្បីនាំយករតនវត្ថុសិល្ប:ខ្មែរត្រឡប់មកកាន់មាតុភូមិវិញ ។
រតនវត្ថុសិល្បៈខ្មែរ រួមមាន៖ វាយនភណ្ឌសូត្រខ្មែរ ចំនួន ១៨៣ផ្ទាំង និងវត្ថុសម័យបុរេប្រវត្តិសាស្ត្រ ដូចជា៖ កាក់ អង្កាំ គ្រឿងអលង្ការ និងវត្ថុប្រើប្រាស់ធ្វើពីលោហធាតុមានតម្លៃ សំរិទ្ធ ថ្ម និងដីដុត ព្រមទាំងសមុច្ច័យសំខាន់ៗ ដូចជា៖ វត្ថុធ្វើអំពីថ្ម និងសំរិទ្ធ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ គឺសុទ្ធសឹងជាកេរតំណែលពីបុព្វបុរសខ្មែរសម្រាប់កូនចៅជំនាន់ក្រោយ ដោយប្រៀបបាននឹងការវិលត្រឡប់នូវព្រលឹងដូនតាខ្មែរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលទទួលបាននាថ្ងៃទី ២០វិច្ឆិកា បានឱ្យដឹងថា បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនឆ្នាំ និងការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការស្វែងរក និងទាមទារសម្បត្តិវប្បធម៌ខ្មែរដែលបានបាត់បង់ត្រឡប់មកកម្ពុជាវិញ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឈានដល់កិច្ចព្រមព្រៀងជាមួយលោក István Zelnik ស្តីពីការប្រគល់វត្ថុសិល្បៈខ្មែរទាំងអស់ ដែលលោក Zelnik កំពុងកាន់កាប់ ជូនមកកម្ពុជាវិញ ។
លោក István Zelnik ជាជនជាតិហុងគ្រី និងជាអ្នកកាន់កាប់សមុច្ច័យឯកជនមួយរូប ដែលបានប្រមូលវត្ថុសិល្បៈ នៅក្នុងតំបន់អាស៊ី រួមទាំងវត្ថុសិល្បៈខ្មែរផងដែរអស់រយៈពេលជាច្រើនទសវត្សរ៍ ។ លោកបានបង្កើតវិទ្យាស្ថានអាស៊ីអាគ្នេយ៍ ហុងគ្រី (Hungarian Southeast Asian Institute) នៅដើមទសវត្សរ៍ឆ្នាំ២០០០។ ក្រោមក្របខណ្ឌនៃវិទ្យាស្ថាននេះ ការស្រាវជ្រាវវិទ្យាសាស្ត្រសំខាន់ៗត្រូវបានអនុវត្តនៅតំបន់អង្គរ និងកោះកេរ ដោយមានការឧបត្ថម្ភថវិកាពីលោក Zelnik រួមទាំងការធ្វើអង្កេតបុរាណវិទ្យា ការស្រាវជ្រាវដោយបច្ចេកវិទ្យា (LiDAR) និងការសិក្សាប្រវត្តិសាស្ត្រ។ កិច្ចខិតខំប្រឹងប្រែង ទាំងនេះបានរួមចំណែកផងដែរដល់ការរៀបចំឯកសារដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក។
ក្រសួងវប្បធម៌ សូមថ្លែងអំណរគុណចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ លោក Zelnik ដែលបច្ចុប្បន្នលោកមានអាយុជាង៧០ឆ្នាំហើយ ក្នុងការប្រគល់វត្ថុសិល្បៈខ្មែរទាំងអស់ជូនមកកម្ពុជាវិញ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាត់ទុកការប្រគល់វត្ថុបុរាណខ្មែរជូនមកកម្ពុជាវិញ ដោយស្ម័គ្រចិត្តនេះ គឺជាកាយវិការមួយដែលគួរទុកជាគំរូ។ ក្រសួងវប្បធម៌ សូមអំពាវនាវ និងលើកទឹកចិត្តដល់គ្រប់អ្នកកាន់កាប់សមុច្ច័យឯកជន ក៏ដូចជាស្ថាប័ននានាលើ សាកលលោក ដែលកំពុងរក្សាទុកវត្ថុបុរាណរបស់កម្ពុជា សូមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឬតាមរយៈស្ថានទូតកម្ពុជាប្រចាំការក្នុងប្រទេសនីមួយៗ ក្នុងការសម្របសម្រួលប្រគល់សម្បត្តិវប្បធម៌ខ្មែរ ត្រឡប់មកកម្ពុជាវិញ ។ ការប្រគល់សម្បត្តិវប្បធម៌ខ្មែរជូនមកកម្ពុជាវិញ ដែលជាម្ចាស់ដើម គឺជាកាយវិការដ៏ថ្លៃថ្លាគួរឱ្យគោរព ដែលមិនត្រឹមតែបង្ហាញពីក្រមសីលធម៌ ក្នុងការចូលរួមលើកតម្លៃដល់វប្បធម៌នៃជាតិសាសន៍មួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកដ៏ឧត្តុង្គឧត្តម ក្នុងការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌របស់មនុស្សជាតិផងដែរ ៕




ដោយ ៖ វណ្ណលុក