ឯកឧត្តម ហេង សួរ ចូលរួមសន្និសីទស្តីពី « គំនិ​ផ្តួច​ផ្តើមខ្សែក្រវាត់ និងផ្លូវសម្រាប់ វិស័យ​វាយ​ន​ភណ្ឌ» លើកទី៧ នៅសិង្ហបុរី

(សិង្ហបុរី)៖ សន្និសីទស្តីពី «គំនិតផ្តួចផ្តើមខ្សែក្រ​វា​ត់ និងផ្លូវសម្រាប់វិស័យវាយនភណ្ឌ» លើកទី៧ ក្រោ​មប្រធានបទ «ការជំរុញឧស្សាហកម្មវាយ​ន​ភណ្ឌ និងកាត់ដេរសកលសម្រាប់អនាគត​ប្រកប​ដោយកិច្ចសហប្រតិបត្តិការ និងនវានុវត្តន៍» បាន​រៀបចំប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសសិង្ហបុរី ដែល​មានអ្នកចូលរួមប្រមាណជាង ៣០០នាក់ ជា​តំ​ណាងរដ្ឋាភិបាល អង្គទូត អ្នកបញ្ជាទិញ អ្នក​ផលិ​ត​វត្ថុធាតុដើម អ្នកផ្គត់ផ្គង់ អ្នកគាំទ្រផ្នែក​បច្ចេ​ក​ទេ​ស អ្នកសិក្សាស្រាវជ្រាវ និងអ្នក​ពាក់​ព័ន្ធ​ផ្សេងទៀត ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល នៃឧស្សាហកម្មវាយ​នភណ្ឌ និងកាត់ដេរ។

សន្និសីទនេះ ផ្តល់ឱកាសឱ្យអ្នកចូលរួមទាំងអស់​ពិភាក្សាលើប្រធានបទសំខាន់ៗពាក់ព័ន្ធនឹងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យវាយនភណ្ឌ ក្រោមក្របខណ្ឌគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ តាម​រយៈកិច្ចសហប្រតិបត្តិការចិន-អាស៊ាន, សមា​ហរណកម្មខ្សែច្រវាក់ផ្គត់ផ្គង់សកល, ឱកាសភាព​ជា​ដៃគូ, និងទស្សនវិស័យនៃការវិនិយោគ​ក្នុង​តំបន់ ។

នៅក្នុងវេទិកាដ៏មានសារ:សំខាន់នេះ ឯកឧត្តម​រដ្ឋមន្ត្រី ហេង សួរ បានផ្តល់បទអន្តរាគមន៍​ចែក​រំលែកអំពី «គំរូកំណើន ឈ្នះ-ឈ្នះ សម្រាប់ចិន និងអាស៊ាន ក្នុងវិស័យវាយនភណ្ឌ ក្រោមក្រប​ខណ្ឌ​គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ» ដោយ​បាន​បង្ហាញពីការផ្លាស់ប្តូររបស់កម្ពុជាក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដោយសង្កត់ធ្ងន់​លើការធ្វើ​ឱ្យប្រសើរឡើងនូវ ហេដ្ឋារចនាសម្ព័ន្ធ កម្លាំងពល​កម្ម ដែលមានភាពប្រកួតប្រជែង ការរីកចម្រើន នៃ​ច្រវាក់ផលិតកម្មប្រកបដោយចីរភាព និងការ​ពង្រីកលទ្ធភាពចាប់យកឱកាសវិនិយោគ ក្នុង​វិស័យ​វាយនភណ្ឌ និងកាត់ដេរសម្រាប់​កំណើន​រួមគ្នារវាងកម្ពុជា និងចិនផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី ក៏មានជំនួបដាច់ដោយឡែក​ជា​មួយ អ្នកបញ្ជាទិញ អ្នកផលិតវត្ថុធាតុដើម អ្នក​ផ្គត់​ផ្គង់ អ្នកគាំទ្រផ្នែកបច្ចេកទេសក្នុងវិស័យ​វាយន​ភណ្ឌ ក្នុងគោលបំណងបង្ហាញពីសក្តានុពល និង​ឱកាសវិនិយោគ និងគោលនយោបាយគាំទ្រនានា របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វិស័យនេះ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជួបពិភាក្សា​ជាមួយ សាស្ត្រាចារ្យ Shen Bin ព្រឹទ្ធបុរសរង និង​ជាសាស្ត្រាចារ្យនៅសកលវិទ្យាល័យ Donghau ប្រទេសចិន ដើម្បីពិភាក្សាលទ្ធភាពក្នុង​ការ​សហ​ការ​ជាមួយគ្រឹះស្ថានអប់រំបណ្តុះ​បណ្តាល​បច្ចេក​ទេស និងវិជ្ជាជីវៈរបស់កម្ពុជាផងដែរ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner