វត្ថុបុរាណខ្មែរ ជាច្រើនមុខនឹងត្រូវបានជនជាតិ​ហុង​​គ្រីម្នាក់ប្រគល់ឱ្យកម្ពុជានៅថ្ងៃខាងមុខ

(ភ្នំពេញ)៖ បន្ទាប់ពីការចរចា អស់រយៈពេល​ជា​ច្រើន​ឆ្នាំ និងការខិតខំ​ប្រឹងប្រែងជាបន្តបន្ទាប់ ក្នុង​ការស្វែងរក និងទាមទារសម្បត្តិវប្បធម៌ខ្មែរ​ដែល​បាន បាត់បង់ត្រឡប់មកកម្ពុជាវិញ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឈានដល់កិច្ចព្រមព្រៀង​ជា​មួយ លោក István Zelnik ស្តីពីការប្រគល់វត្ថុ​សិល្បៈ​ខ្មែរទាំងអស់ ដែល លោក Zelnik កំពុង​កាន់កាប់ ជូនមកកម្ពុជាវិញ។ នេះបើតាមការ​ឱ្យ​ដឹង​ពីសំណាក់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

បើយោងតាមសេចក្តីប្រកាសរបស់ក្រសួងវប្បធម៌នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះឱ្យដឹងថា លោក István Zelnik ជាជនជាតិហុងគ្រី និង​ជា​អ្នកកាន់កាប់សមុច្ច័យឯកជនមួយរូប ដែលបាន​ប្រ​មូល​វត្ថុសិល្បៈ នៅក្នុងតំបន់អាស៊ី រួមទាំងវត្ថុ​សិល្បៈ​ខ្មែ​រផងដែរ អស់រយៈពេល​ជាច្រើន​ទស​វត្សរ៍ ។

លោក បានបង្កើតវិទ្យាស្ថានអាស៊ីអាគ្នេយ៍ ហុងគ្រី (Hungarian Southeast Asian Institute) នៅ​​ដើមទសវត្សរ៍ឆ្នាំ២០០០។ ក្រោមក្របខណ្ឌ​នៃ​វិទ្យាស្ថាននេះ ការស្រាវជ្រាវវិទ្យាសាស្ត្រ​សំខាន់ៗ​ត្រូវបានអនុវត្តនៅតំបន់អង្គរ និងកោះកេរ ដោយ​មាន​ការឧបត្ថម្ភថវិកាពីលោក Zelnik រួមទាំងការ​ធ្វើអង្កេតបុរាណវិទ្យា ការស្រាវជ្រាវដោយ​បច្ចេក​វិទ្យា (LIDAR) និងការសិក្សាប្រវត្តិសាស្ត្រ។ កិច្ច​ខិត​ខំប្រឹងប្រែង ទាំងនេះបានរួមចំណែកផងដែរ​ដល់ការរៀបចំឯកសារដាក់បញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌ ពិភព​លោក ។

ក្រសួងវប្បធម៌បានឱ្យដឹងដែរថាក្នុងចំណោមវត្ថុសិល្បៈខ្មែរសំខាន់ៗ ដែលបានព្រមព្រៀងប្រគល់មក​កម្ពុជា​វិញនាពេលនេះ មានជាអាទិ៍៖ វាយនភណ្ឌ​សូត្រខ្មែរចំនួន ១៨៣ផ្ទាំង ដែលជាគំរូសូត្រខ្មែរ​ដ៏ល្អ​ពិចិត្រមួយ សម្រាប់សមុច្ច័យវាយនភណ្ឌ​របស់​សារមន្ទីរ ជាតិកម្ពុជា និងវត្ថុសម័យបុរេ​ប្រវត្តិ​សាស្ត្រ ដូចជា៖ កាក់ អង្កាំ គ្រឿងអលង្ការ និងវត្ថុ​ប្រើប្រាស់ធ្វើពីលោហៈធាតុមានតម្លៃ សំរិទ្ធ ថ្ម និង​ដីដុត ដែលភាគច្រើនត្រូវបានលួចនាំ​ចេញពី​កម្ពុជា ក្នុងអំឡុងសម័យសង្គ្រាមស៊ីវិលច្រើន​ទសវត្សរ៍កន្លងទៅ។ ក្នុងនោះដែរ ក៏មានសមុច្ច័យ​សំខាន់ៗ​មួយចំនួនទៀតដូចជា វត្ថុធ្វើពីថ្ម និង​សំរិទ្ធ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋ​មន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​បានចាត់​ទុក​ថាការប្រគល់វត្ថុបុរាណខ្មែរជូនមកកម្ពុជាវិញដោយស្ម័គ្រចិត្តនេះ គឺជាកាយវិការមួយដែល​គួរទុក​ជាគំរូ ។

ជាមួយគ្នានេះលោកជំទាវបាន អំពាវនាវ និង​លើក​ទឹកចិត្តដល់គ្រប់អ្នកកាន់កាប់សមុច្ច័យឯកជន ក៏ដូច​ជាស្ថាប័ននានាលើ សាកលលោក ដែល​កំពុង​រក្សាទុកវត្ថុបុរាណរបស់កម្ពុជា សូមសហការ​ជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង​វប្ប​ធម៌ និងវិចិត្រសិល្បៈ ឬតាមរយៈស្ថានទូត​កម្ពុជា​ប្រចាំការក្នុងប្រទេសនីមួយៗ ក្នុងការសម្រប​សម្រួល​ប្រគល់សម្បត្តិវប្បធម៌ខ្មែរ ត្រឡប់មក​កម្ពុជាវិញ ។

គួរបញ្ជាក់ថា លោក Zelnik ដែលបច្ចុប្បន្ន លោក​មាន​អាយុជាង ៧០ឆ្នាំហើយ ក្នុងការប្រគល់វត្ថុ​សិល្បៈខ្មែរទាំងអស់ជូនមកកម្ពុជាវិញ។ នាពេល​កន្លងមក លោក Zelnik ក៏ធ្លាប់បានប្រគល់វត្ថុ​សិល្បៈ​ខ្មែរមួយចំនួនជូនមកកម្ពុជាវិញ និងបាន​ចូលរួមវិភាគទាន ដ៏សំខាន់ក្នុងគម្រោងស្រាវ​ជ្រាវ​បុរាណវិទ្យា និងការបោះពុម្ពស្នាដៃស្រាវជ្រាវ​វិទ្យា​សាស្ត្រជាច្រើនផងដែរពាក់ព័ន្ធនឹង បេតិកភណ្ឌ​វប្ប​ធម៌ សិលាចារឹក និងសិល្បៈខ្មែរសម័យទំនើប ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner