នាំយកកូនត្រដក់ធំ ២ក្បាល បង្កាត់បានជោគជ័យ ទៅលែងក្នុងព្រៃធម្មជាតិ
(ភ្នំពេញ)៖ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានបញ្ជាក់ពីការបង្កាត់កូនត្រដក់ធំ ២ក្បាលយ៉ាងជោគជ័យមុននឹងយកទៅលែងក្នុងព្រៃដែលជាជម្រកធម្មជាតិរបស់ពួកវា។
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះឱ្យដឹងថា៖”
ការញាស់ចេញពីស៊ុតរហូតដល់ការលែងទៅជម្រកធម្មជាតិ ក្រុមការងាររបស់យើងបានចិញ្ចឹមកូនត្រដក់ធំ Greater Adjutant Stork ពីរក្បាលដោយជោគជ័យនៅមជ្ឈមណ្ឌលអភិរក្សរបស់យើង ហើយបានលែងវាទៅក្នុងព្រៃ គឺជាលើកទីមួយដែលមិនធ្លាប់មាននៅទូទាំងពិភពលោក”។
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះបានឱ្យដឹងដែរថា សម្រាប់ចំនួនឯក្កតសត្វពេញវ័យរបស់សត្វត្រដក់ធំ គឺមានត្រឹមតែ ២០០ ទៅ ២៥០ក្បាលប៉ុណ្ណោះ ដែលនៅសល់ក្នុងប្រទេសកម្ពុជា ហេតុនេះរាល់ជំហាននៃការធ្វើដំណើរនិងកិច្ចការពារគឺពិតជាមានសារៈសំខាន់ណាស់។
គួររំលឹកថា សត្វត្រដក់ធំ ជាប្រភេទសត្វ មាឌធំជាងគេបង្អស់ ដែលមានកម្ពស់ដល់១,៥ ម៉ែត្រ។ សត្វត្រដក់ធំ ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ដែលកំពុងរងគ្រោះជិតផុតពូជនៅលើពិភពលោក។ សត្វត្រដក់ធំ មានចំនួនពី ៨០០ ទៅ ១០០០ក្បាលប៉ុណ្ណោះ ដែលកំពុងមានជីវិតនៅលើពិភពលោក ។
ក្រសួងបរិស្ថាន និងអង្គការ WCS អំពាវនាវឱ្យប្រជាសហគមន៍ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងម្ចាស់ជំនួយទាំងអស់ បន្តសកម្មភាពអភិរក្សនៅតំបន់ព្រែកទាល់ ដើម្បីការពារសត្វស្លាបទឹក និង ទីជម្រកធម្មជាតិរបស់សត្វទាំងនោះ កុំឱ្យបាត់បង់ ៕
ដោយ ៖ ម៉ាដេប៉ូ