លោក ត្រាំ ស្នើឱ្យអ៊ុយក្រែនទទួលយកផែនការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ីនៅត្រឹមចុងខែវិច្ឆិកា
វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និយាយថា រូបលោកចង់ឱ្យអ៊ុយក្រែនទទួលយកផែនការបញ្ចប់សង្គ្រាមអូសបន្លាយពេលជិត ៤ឆ្នាំជាមួយរុស្ស៊ី នៅត្រឹមថ្ងៃទី២៧ ខែវិច្ឆិកាខាងមុខ។
រដ្ឋបាលលោកប្រធានាធិបតី ត្រាំ បានបង្ហាញផែនការសន្តិភាពចំនួន ២៨ចំណុចទៅកាន់មេដឹកនាំអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ដែលកំពុងប្រឈមមុខនឹងសម្ពាធដ៏ធ្ងន់នៅពេលនេះ ជាមួយនឹងជម្រើសដ៏លំបាកនៅពេលខាងមុខ ក្នុងនោះមានការបាត់បង់សេចក្តីថ្លៃថ្នូរ និងសេរីភាព ពិសេសការបាត់បង់ដៃគូដ៏សំខាន់ គឺអាមេរិក។
បើតាមមន្រ្តីរដ្ឋាភិបាលអ៊ុយក្រែនមួយរូប, លោកប្រធានាធិបតី ហ្សេលេនស្គី និងមេដឹកនាំអឺរ៉ុបបានព្រមព្រៀងគ្នាបង្កើតជម្រើសថ្មី ជំនួសផែនការសន្តិភាពរបស់អាមេរិក។
លោកប្រធានាធិបតី ត្រាំ បានប្រាប់ក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Fox News ថា ខ្ញុំមានកាលបរិច្ឆេតច្រើនណាស់ ប៉ុន្តែបើសិនអ្វីៗដំណើរការល្អ នោះនៅថ្ងៃព្រហស្បតិ៍ទី២៧ ខែវិច្ឆិកា… យើងគិតថា ជាពេលវេលាសាកសមបំផុត។
ក្រោយមក លោកប្រធានាធិបតី ត្រាំ ក៏បានប្រាប់អ្នកសារព័ត៌មាននៅសេតវិមានដែរថា បើសិនលោកប្រធានាធិបតី ហ្សេលេនស្គី មិនពេញចិត្តនឹងផែនការនេះ ដូច្នេះពួកគេគួរតែបន្តការប្រយុទ្ធបង្ហួរឈាមគ្នាតទៀតចុះ។
គួរកត់សម្គាល់ អាមេរិកបានបង្ហាញដល់អ៊ុយក្រែននូវផែនការសន្តិភាពចំនួន ២៨ចំណុច ដែលរួមមានការទទួលយកលក្ខខណ្ឌទាមទារសំខាន់ៗមួយចំនួនរបស់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន មានដូចជាកំណត់ឱ្យអ៊ុយក្រែនត្រូវកាត់ទឹកដីបន្ថែម ដាក់កំហិតលើទំហំយោធា និងមិនអាចចូលរួមក្នុងអង្គការ NATO ជាដើម៕
ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា
