សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់ប្រតិភូ ចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម នុត សាអាន
(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក បាទក្រហមកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចាត់ប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយ លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហ មកម្ពុជា និងសហការី អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដែលបានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ១១:៣០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយរោគាពាធ។
នៅក្នុងឱកាសដ៏សែនក្រៀមក្រំនេះ លោកជំទាវ ពុំ ចន្ទីនី បានចូលរួមសោកស្តាយ និងនាំយកនូវសារលិខិតរំលែកទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះលោកជំទាវ ទិត្យ ខាំដារ៉ា នុត សាអាន និងក្រុមគ្រួសារនៃសព ដែលសារលិខិតរំលែកទុក្ខមានខ្លឹមសារថា « ក្នុងនាមខ្ញុំផ្ទាល់ ព្រមទាំងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយលោកជំទាវ ទិត្យ ខាំដារ៉ា និងក្រុមគ្រួសារទាំងអស់ នៃសព ឯកឧត្តម នុត សាអាន ប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដែលបានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១១:៣០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៨៣ឆ្នាំ ដោយរោគាពាធ។
ស្ថិតក្នុងវេលាដ៏ក្រៀមក្រំនេះ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នុត សាអាន សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕
ដោយ / គ្រី សម្បត្តិ





