កុមារាកុមារីជាសិស្សនៃជនភៀសសឹកចំនួន១៧៥នាក់ បានទទួលសម្លៀកបំពាក់សិស្សពីថ្នាក់ដឹកនាំខេត្តបន្ទាយ​មានជ័យ

បន្ទាយមានជ័យ៖សម្លៀកបំពាក់សិស្ស និងសម្លៀកបំពាក់កីឡារាប់សិបកំប្លេរត្រូវបាននាំយកទៅចែកដល់កុមារា កុមារី ជាសិស្សានុសិស្ស ដែលជាកូនៗរបស់ជនភៀសសឹកដែលបានភៀសខ្លួនចេញពីតំបន់ជម្លោះព្រំដែន កម្ពុជា-ថៃ ស្នាក់នៅ​មណ្ឌលសុវត្ថិភាពវត្តចាន់ស៊ីសាមគ្គីរតនារាម នៃឃុំកូប ស្រុកអូរជ្រៅ ហើយ កំពុងសិក្សាបណ្តោះអាសន្ននៅទីនោះ​។

ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ និងឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត និងលោកជំទាវ ជ័យ ណារី អ៊ុំ រាត្រី អនុប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត លោកជំទាវ នួម សុភ័ណ តំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យបានអញ្ជើញចូលរួមដោយផ្ទាល់ ក្នុងពិធីផ្តល់សម្លៀកបំពាក់ខាងលើ។

មានប្រសាសន៍ក្នុងពិធីដែលប្រព្រឹត្តទៅនាចុងសប្ដាហ៍នេះឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថា កុមារា កុមារី ជាសិស្ស ជាកូនរបស់ប្រជាពលរដ្ឋជាជនភៀសសឹកចំនួន១៧៥នាក់ (ស្រី១០៣នាក់)។ពួកគេមកពីភូមិជោគជ័យ និងព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ប្រជាពលរដ្ឋទាំងនេះក៏បានភៀសខ្លួនជាថ្មីបន្ទាប់ពីទាហានថៃ​បាន​បាញ់ប្រហារបណ្តាលឱ្យពលរដ្ឋខ្មែរមួយនាក់បាត់បង់ជីវិត និងបីរបួសនាក់កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥​កន្លង​ទៅ។

ឯកឧត្តមបន្តថា ដើម្បីឱ្យក្មួយៗបានបន្តការសិក្សា រដ្ឋបាលខេត្តនិងមន្ទីរអប់រំបានរៀបចំអគារមួយខ្នង បើកឱ្យសិស្ស​រៀនពីរបន្ទប់ សម្រាប់សិស្សថ្នាក់ទី១ ,២,៣ និងថ្នាក់ទី៤ ក្រោមការបង្ហាត់បង្រៀនរបស់លោកគ្រូ អ្នកគ្រូប្រាំនាក់៕

ដោយ៖ឃិន គន្ធា

ads banner