ស្ងាត់ៗ រុស្ស៊ីនាំចេញយន្តហោះចម្បាំងបំបាំងកាយ Su-57 លើកដំបូង

ឌូបៃ ៖ ប្រទេសរុស្ស៊ីប្រកាសបានចែកចាយយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៥ Su-57E Felon ចំនួនពីរគ្រឿងដំបូងរបស់ខ្លួនទៅដល់ដៃអតិថិជនបរទេសសុំមិនបញ្ចេញឈ្មោះ។ នេះបើតាមការបញ្ជាក់ពីមន្រ្តីការពារជាតិរុស្ស៊ី អំឡុងពិព័រណ៍យន្តហោះ DUBAI AIRSHOW 2025 ដែលជាពិព័រណ៌យន្តហោះធំជាងគេបំផុតរបស់ពិភពលោកនៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម កាលពីពេលថ្មីៗ។

នេះគឺជាការនាំចេញយន្តហោះចម្បាំងបំបាំងកាយទំនើបបំផុតរបស់ប្រទេសរុស្ស៊ីជាលើកដំបូង ខណៈដែលតម្លៃយន្តហោះទាំងពីរគ្រឿងប្រភពមិនបានបង្ហើបឱ្យដឹងនោះទេ ប៉ុន្តែបើតាមសារព័ត៌មាន WION, យន្តហោះចម្បាំងបំបាំងកាយ Su-57 មានតម្លៃចន្លោះពី ៣៥ទៅ៥០លានដុល្លារក្នុងមួយគ្រឿង។

នាយកប្រតិបត្តិក្រុមហ៊ុនសារជីវកម្ម United Aircraft លោក Vadim Badekha បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីថា ដៃគូបរទេសបានទទួលយន្តហោះចម្បាំងបំបាំងកាយដ៏ទំនើបបំផុតរបស់យើងរួចហើយ។

លោកបន្តថា យន្តហោះទាំងនេះបានចាប់ផ្តើមកាតព្វកិច្ចប្រយុទ្ធ និងបង្ហាញពីគុណសម្បត្តិល្អបំផុតរបស់ពួកវា ដែលធ្វើឱ្យអតិថិជនរបស់យើងពេញចិត្តជាខ្លាំង។ ប៉ុន្តែលោក Badekha មិនបានបញ្ចេញឈ្មោះអតិថិជនបរទេសណាមួយនោះទេ។ នេះបើតាមប្រភពពី Business Insider។

គួរកត់សម្គាល់ យន្តហោះ Su-57E កើតចេញពីការធ្វើទំនើបកម្មយន្តហោះចម្បាំងបំបាំងកាយទំនើបបំផុតជំនាន់ទី៥ របស់រុស្ស៊ី គឺ Su-57។ វាត្រូវបានផលិតឡើងដោយក្រុមហ៊ុន Sukhoi ដែលស្ថិតក្រោមក្រុមហ៊ុន United Aircraft Corperation (UAC)។

យន្តហោះចម្បាំងបំបាំងកាយ Su-57E នឹងផ្តល់ឱ្យប្រតិបត្តិករអន្តរជាតិនូវប្រព័ន្ធបច្ចេកវិទ្យាប្រយុទ្ធផ្លូវអាកាសដ៏ទំនើបបំផុត ក្នុងនោះរួមមានសមត្ថភាពបំបាំងកាយកម្រិតខ្ពស់ មីស៊ីលបញ្ជាទិសគ្មានគូរប្រៀប និងឧបករណ៍ចាប់សញ្ញាសត្រូវដ៏មានអនុភាព។

ជាពិសេសភាពបត់បែនពហុមុខងារ បានធ្វើឱ្យវាក្លាយជាយន្តហោះចម្បាំងដ៏ទំនើប និងមានសមត្ថភាពខ្ពស់ ក្នុងការប្រយុទ្ធក្នុងសមរភូមិលំបាកៗ និងប្រតិបត្តិការប្រយុទ្ធក្នុងចម្ងាយឆ្ងាយៗ។ នេះបើតាមប្រភពពី army recognition៕

ប្រភព ៖ Defense Blog និង Business Insider ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner