VinFast ខាតបង់សុទ្ធជាង ៩០០លានដុល្លារក្នុងត្រីមាសទី៣
ហាណូយ ៖ VinFast ដែលជាក្រុមហ៊ុនផលិតឡានអគ្គីសនីដ៏ធំរបស់វៀតណាម ជួបការខាតបង់សុទ្ធយ៉ាងធ្ងន់ធ្ងរនៅក្នុងត្រីមាសទី៣នៃឆ្នាំនេះ រហូតដល់ជាង ៩១០លានដុល្លារ បើធៀបនឹងឆ្នាំមុនមានត្រឹមតែជាង ៥០០លានដុល្លារប៉ុណ្ណោះ។
ក្រុមហ៊ុន VinFast បានលើកឡើងថា ប្រាក់ចំណេញសរុបប្រចាំត្រីមាសរបស់ខ្លួន ជួបលទ្ធផលអវិជ្ជមានខ្លាំង ពោលគឺដាំក្បាលចុះរហូតដល់ ៥៦.២% បើធៀបនឹងលទ្ធផលអវិជ្ជមានកាលពីឆ្នាំមុន មានត្រឹមតែ ២៤%ប៉ុណ្ណោះ។ ទន្ទឹមគ្នា ភាគហ៊ុនរបស់ VinFast ក៏បានធ្លាក់ចុះជាង ៥% ផងដែរ។
ទោះបីជាយ៉ាងណា យោងតាមកិច្ចព្រមព្រៀងកាលពីដើមខែនេះ ប្រធានក្រុមហ៊ុន VinGroup លោក Pham Nhat Vuong បានប្តេជ្ញាផ្តល់ជំនួយឥតសំណងរហូតដល់ ១,៨ពាន់លានដុល្លារដល់ក្រុមហ៊ុន VinFast និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន ដើម្បីទប់ទល់វិបត្តិហិរញ្ញវត្ថុ។
គួរកត់សម្គាល់ថា ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ២០១៧មក ក្រុមហ៊ុន VinFast បានពឹងផ្អែកយ៉ាងខ្លាំងលើការគាំទ្រផ្នែកហិរញ្ញវត្ថុពីស្ថាបនិក និងជាបុគ្គលដែលមានជាងគេបំផុតក្នុងប្រទេសវៀតណាម គឺលោក Pham Nhat Vuong។
ចំណែកការបន្តខាតបង់ធ្ងន់ធ្ងរបែបនេះ កើតឡើងចំពេលដែលក្រុមហ៊ុន VinFast ព្យាយាមប្រកួតប្រជែងជាមួយក្រុមហ៊ុនផលិតឡានអគ្គិសនីយក្សពិភពលោក មានដូចជា Tesla របស់អាមេរិក និង BYD របស់ចិន ប៉ុន្តែពិបាកក្នុងការវាយលុកចូលទៅក្នុងទីផ្សារអន្តរជាតិ៕




ប្រភព ៖ The Star ប្រែសម្រួល ៖ ឈឹម ទីណា