រដ្ឋមន្ត្រី អ៊ាង សុផល្លែត ៖ គម្រោងសំខាន់ៗចំនួន ៦​របស់​កម្ពុជា ត្រូវបានទទួលការគាំទ្រពីអង្គការ​សហ​ប្រជាជាតិនិងដៃគូអភិវឌ្ឍ

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី អ៊ាង សុផល្លែត មានប្រសា​ស​ន៍​លើកឡើងថា គម្រោងសំខាន់ៗចំនួន៦ ត្រូវបាន​ទទួល​ការគាំទ្រពីអង្គការសហប្រជាជាតិ និងដៃគូ​អភិ​វឌ្ឍ​ធ្វើឱ្យប្រសើរឡើងនូវភាពស្អាត ភាពបៃតង កាត់​បន្ថយការប្រែប្រួលអាកាសធាតុ និងការរស់នៅប្រកប​ដោយចិរភាព។ 

គម្រោងទាំង៦ ដែលទទួលបានការគាំទ្រនោះរួមមាន ៖
១. កម្មវិធីចីរភាពបឹងទន្លេសាបសម្រាប់អនុវត្តរយៈ​ពេល ២៥ឆ្នាំ រហូតដល់ឆ្នាំ២០៥០ ដោយផ្តោតលើសុខភាព​នៃបឹងសាប ការការពារបរិស្ថានទប់ស្កាត់ការបំពុល ការ​បង្កើននូវជីវចម្រុះ និងមច្ឆាជាតិ និងការបង្កើនជីវភាព​ស​ហ​គមន៍មូលដ្ឋានដែលធន់ការប្រែប្រួលអាកាសធាតុ។
 
២. គម្រោងរៀបចំកោះស្រឡៅ ក្នុងភូមិសាស្ត្រ​ខេត្ត​កោះ​កុ​ង ឱ្យក្លាយជាកោះអព្យាក្រិតកាបូន និងជា​កោះ​ដែលល្អជាងគេបំផុតនៅអាស៊ី ។

៣. គម្រោងអភិរក្សពូជក្តាមតំបន់ឆ្នេរក្នុងភូមិសាស្រ្ត​ស្រុក​ស្រែអំបិល ខេត្តកោះកុង ។

៤. គម្រោងអភិវឌ្ឍន៍តំបន់ខ្នងផ្សារ ខេត្តកំពង់ស្ពឺ ស្រប​តាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ​កម្ពុជា ដើម្បីផ្តល់ជូនសហគមន៍មានការអភិវឌ្ឍ​ជីវភាព​ឱ្យកាន់តែប្រសើរ និងចូលរួមការពារនិងអភិរក្សធនធាន​ធម្មជាតិប្រកបដោយចីរភាព ។

៥. គម្រោងអភិវឌ្ឍន៍តំបន់ទេទឹកពុះ នៅខេត្តកំពង់ស្ពឺ ដើម្បីប្រែក្លាយឱ្យទៅជាសហគមន៍អព្យាក្រឹតកាបូន និង​ផ្តល់ប្រយោជន៍ផ្ទាល់ដល់​ប្រជាពលរដ្ឋ​នៅក្នុង​មូល​ដ្ឋាន ពីគម្រោង​សម្រាប់​ការបង្កើនជីវភាព​កាន់តែ​ប្រសើរ។ 

៦. កម្ពុជាទទួលបានគម្រោងអភិវឌ្ឍន៍​ក្នុងទឹកប្រាក់​ប្រ​មា​ណ ៤លានដុល្លារ សម្រាប់ការកាត់បន្ថយការ​សាយ​ភាយកាបូនខ្មៅ ចូលរួមក្នុងការឆ្លើយតបនឹង​ការប្រែ​ប្រួ​ល​អាកាសធាតុ ដែលជាបញ្ហាសកល។

ប្រសាសន៍ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន នារសៀលថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងឱកាស​ធ្វើសន្និសីទ​សារព័ត៌មា​ន នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោយពេល​ដឹក​នាំ​គណៈប្រតិភូកម្ពុជា ត្រឡប់មកមាតុប្រទេសវិញ​បន្ទាប់​ពីបានចូលរួមសន្និសីទភាគីលើកទី៣០ នៃអនុ​សញ្ញា​ក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអា​កាស​ធាតុ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុង Belem ប្រទេសប្រេស៊ីល ប្រកបដោយលទ្ធផលផ្លែផ្កា។

សូមបញ្ជាក់ថា ក្នុងឱកាសនៃសន្និសីទ COP30 ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗចំនួន១១ និងបានឡើងថ្លែងសន្ទរកថា​គន្លឹះ​តំណាង​ឱ្យប្រទេសកម្ពុជា និងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី សម្រាប់​ភាពជាដៃគូកិច្ចដឹកនាំសម្រាប់វិស័យព្រៃឈើ និងអាកាសធាតុ រួមទាំងការចែករំលែក និងបង្ហាញពី​ដំណើរ​ការរបស់កម្ពុជា រួមចំណែកឆ្លើយតបនឹងការ​ប្រែ​ប្រួលអាកាសធាតុ តាមរយៈផែនការរួមចំណែកជាតិ NDC3.0 ដែលរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏​ឈ្លាស​វៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធ​សភា និងបានបន្តវេនដឹកនាំប្រកប​ដោយស្វា​ហាប់​និង​វាងវៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​កម្ពុជា បានដាក់ជូនយ៉ាងជោគជ័យ  ទៅកាន់​អនុ​សញ្ញាក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួល​អា​កាស​ធាតុ (UNFCCC) នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥។

ការដាក់ជូននូវផែនការជាតិនេះ សបញ្ជាក់ពីការប្តេជ្ញា​ចិត្ត​ឥតងាករេរបស់កម្ពុជា ក្នុងការឆ្លើយតបនឹង​ការប្រែ​ប្រួល​អាកាសធាតុសកល និងដើម្បីសម្រេច​គោល​បំ​ណង ​នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួល​អាកាសធាតុ ។ កម្ពុជា បានគូសបញ្ជាក់អំពី ការពង្រឹង​គោលដៅក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ តាមរយៈវិ​ស័យ​អាទិភាព ចំនួន៥ គឺវិស័យឧស្សាហកម្ម ថាមពល កសិកម្ម ព្រៃឈើ និងសំណល់ ក្នុងគោលដៅកាត់បន្ថយ​ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់រហូតដល់ ៥៥% នៅឆ្នាំ ២០៣៥។

ក្រៅពីការចូលរួមជាអធិបតី និងជាភ្ញៀវកិត្តិយស ក្នុង​ឱ​កាសស្នាក់នៅនិងអញ្ជើញចូលរួមក្នុងសន្និសីទ COP30 ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏បាន​ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសមួយចំនួន  បណ្តាដៃគូសហការ និងដៃគូអភិវឌ្ឍអន្តរជាតិ ដើម្បី​ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និង​ពហុភាគី រួមចំណែកជាមួយសហគមន៍អន្តរជាតិ​ឆ្លើយ​តប​នឹងការប្រែប្រួលអាកាសធាតុ និងការពង្រឹងកិច្ចការ​ការពារបរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា​ឱ្យបានកាន់តែប្រសើរថែមទៀត៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner