“ប៉ិកួៈ” បានក្លាយជាដំណាំរកចំណូលកាក់កបគួរសម សម្រាប់ពលរដ្ឋរស់នៅ ភ្នំប្រសិទ្ធ

(កណ្តាល)៖ «ប៉ិកួៈ» ជាដំឡូងមួយប្រភេទដែលពល រដ្ឋខ្មែរ បានដាំ និងលក់តាំងតែពីបុរាណកាល រហូត មកដល់បច្ចុប្បន្ន។ វាជាដើមវល្លិ ស្លឹកស្រដៀងនឹង ស្លឹក រលួស, ក្នុងមួយដើមមានមើមតែមួយ រាងច្រឡោ សាច់ ស មានទឹកដមរលម ,សំបកស្វិត គេអាចបរិភោគឆៅ បាន ហើយមានរសជាតិផ្អែមស្រាលត្រជាក់។ កសិករ ខ្មែរច្រើនដាំដំណាំដំឡូងរលួស ឬ «ប៉ិកួៈ» នេះ នៅលើ ដីល្បាយខ្សាច់ ដែលមិនមានដក់ទឹក ព្រោះវាអាច ទទួល ផលបានច្រើនជាងប្រភេទដីផ្សេងៗទៀត។

និយាយពីដំណាំ ប៉ិកួៈនេះដែរ បើគេធ្វើដំណើរតាម ផ្លូវ កាត់ពីភ្នំប្រសិទ្ធ ឆ្ពោះទៅកាន់ផ្សារបាត់ដឹង ដល់ត្រង់ ចំ ណុចភូមិត្រពាំងទៃ ឃុំម្កាក់ ស្រុក អង្គស្នួល ខេត្តកណ្តា ល នោះគេនឹងបានឃើញអ្នកលក់ប៉ិកួៈមិនតិចជាង ១០ កន្លែងទេ ដោយខ្លះដាក់តុ ខ្លះជាគ្រែ ដង្ហែគ្នាលក់។ ពួក គាត់តែងចាប់ផ្តើមដាក់លក់ពី ពាក់កណ្តាលខែកញ្ញា រហូតដល់ ខែមេសា ដែលជាពិធីបុណ្យចូលឆ្នាំ ខ្មែរទើប​អស់ទៅវិញ ដែលនោះមានន័យថា ផុតរដូវកាលលក់​ប៉ិកកួៈហើយ។ ប៉ិកួៈដែលទើបដកថ្មីៗពីចំការ​អ្មកស្រុក មានសភាពសខ្ចី និងជាប់ទងដែលមានស្លឹកយ៉ាងខៀវ​ស្រស់នោះបានទាក់ទាញអ្នកធ្វើដំណើរតាមដងផ្លូវនេះ តែងឈប់ចុះទិញ ឬខ្លះទៀតអត់ទ្រាំងាកមើលពុំ​បាន​សោះឡើយ។

កំពុងតែឈរលក់“ប៉ិកួៈ” ជាមួយទឹកមុខស្រស់ស្រាយ​រាក់ទាក់ កញ្ញា មាន ស្រីនាង បានបញ្ជាក់ប្រាប់ឱ្យដឹងថា បើគិតពីការលក់ប៉ិកួៈនេះ គឺកញ្ញាបានលក់អស់រយៈ ១៧ឆ្នាំមកហើយ។ ប៉ិកួៈទាំងនេះបានហុចផលក្នុងមួយ​ឆ្នាំចាប់ពី ១០តោនរហូតដល់ជិត ២០តោន ហើយបើ​គិតថវិកាវិញក្នុងមួយឆ្នាំបានថវិកាមិនតិចជាង ៥ ទៅ ៦ពាន់ដុល្លារទេ ។

ជាកូនអ្នកស្រុកភ្នំប្រសិទ្ធ យុវនារី រូបនេះ បានប្រាប់ឱ្យ​ដឹង​ដែរថា ការលក់ប៉ិកួៈ គឺជាមុខរបរមួយសំខាន់ផងដែរ​របស់អ្នកស្រុកនេះ ហើយការរកចំណូលពីដំណាំ ប៉ិកួៈ​ជាផ្នែកមួយយ៉ាងសំខាន់របស់ពួកគាត់ក្រៅអំពីមុខរបរផ្គួបផ្សេងៗទៀត។ សម្រាប់ចំណូល ពីការដាំ និងលក់​ប៉ិ​កួៈនេះខុសៗអាស្រ័យទៅលើថាយើងដាំតិចឬច្រើនប៉ុណ្ណោះ។

កំពុងម្នីម្នាកាត់មើម ប៉ិកួៈចេញពីទងដើម្បីដាក់លក់ឱ្យ​អតិថិជន អ្នកស្រី ហៀង ចាន់លី ដែលកំពុងលក់ ប៉ិកួៈ​លើដងផ្លូវនេះបានប្រាប់ឱ្យដឹងថា៖ មើមប៉ិកួៈនេះ​ចាប់​ផ្តើម​មានលក់ពី ខែកញ្ញា រហូតដល់ខែមេសា ជារៀង​រាល់​ឆ្នាំ។ ឱ្យតែដល់រដូវកាលនេះអ្នកស្រីមិនដែល​ខក​ខានលក់ទេ ពោលគឺអ្នកស្រីបានដាំ និងលក់ប៉ិកួៈ​នេះ​តាំងតែពីកុមារមកម្ល៉េះ ជាមួយឪពុកម្តាយ។

ស្រ្តីវ័យជាង ៤០ឆ្នាំរូបនេះបានឱ្យដឹងដែរថា សម្រាប់ ប៉ិកួៈនេះគេអាចដកលក់បានតាំងតែមើមវានៅតូចៗហើយបើទុករហូតធំនោះទាល់តែចាប់ពីខែមករាទៅ។ហេតុ​នេះការដកលក់មើមតូចៗពុំសូវបានថវិកាច្រើនដូចទុកឱ្យមើមធំទេពីព្រោះថាវាបានគីឡូតិចជាងទុកឱ្យមើមវាធំ។សម្រាប់ចំណូលអ្នកស្រីអាចរក ក្នុងមួយរដូវបាន​ប្រ​មាណ ១០លានរៀល។ ស្រ្តីអ្នកលក់ ប៉ិកួៈរូបនេះបាន​ប្រាប់ឱ្យដឹងដែរថាសម្រាប់ការដាំ ប៉ិកួៈចាប់ពី ៣ខែ​កន្លះ​ទៅ ៤ខែ ជាទូទៅវាអាចហុចផល ដោយគេអាចដក​វា​មក​លក់បានហើយ។

អ្នកនាង ឆាំ ចន្ធូ អ្នកលក់ ប៉ិកួៈដូចគ្នានេះដែរបាន​បញ្ជាក់​ប្រាប់ថា ការដាំ ប៉ិកួៈមិនងាយស្រួលដែរទេ គឺត្រូវការថែទាំច្រើន ពិសេសបោច ស្មៅ ទើបហុចផល​បានល្អ។ សម្រាប់ក្នុងមួយឆ្នាំ ប៉ិកួៈអាចហុចផល​ចាប់​ពី១ទៅ៣តោនទៅតាមឆ្នាំដែលដាំតិចឬច្រើន នៃគ្រួសារ​នីមួយៗប៉ុណ្ណោះ។

ស្រ្តីដែលតែងលក់ប៉ិកួៈមិនតិចជាង១០ ឆ្នាំរូបនេះបាន​ប្រាប់​ថា សម្រាប់ការលក់ ប៉ិកួៈអាចទទួលបានប្រាក់​កម្រៃ​ចាប់ពី ២ទៅជាង៣ពាន់ដុល្លារក្នុងមួយឆ្នាំ ដែល​ថវិកានេះបានជួយក្នុងជីវភាពឱ្យបានល្អប្រសើរសម្រាប់គ្រួសារផងដែរ។

ដោយឡែកយុវតី អ៊ែល រ៉ូហ្សា ដែលកំពុងលក់ ប៉ិកួៈនេះ​មួយរូបដែរ បានប្រាប់ថា ប៉ិកួៈនេះតម្លៃមួយគីឡូក្រាម ចាប់ពី៤ ទៅ ៥ពាន់រៀល។ ក្នុងមួយថ្ងៃអាចលក់​ឱ្យ​ឪពុកម្តាយចាប់ពី៣០ទៅ១០០គីឡូក្រាម។ សម្រាប់ ប៉ិកួៈទាំងនេះគឺឪពុកម្តាយបានដាំខ្លួនឯង ហើយតែង​ដកលក់តាមដងផ្លូវនេះរៀងរាល់ឆ្នាំឥតដែលខានទេ។

យុវតីរូបនេះបានបញ្ជាក់ប្រាប់ថា ប៉ិកួៈ ដែលដកមកថ្មីៗ គេតែងប្រើម៉ាស៊ីនលាងម៉ូតូមកបាញ់ឱ្យអស់ដី ហើយ​មើល​ទៅសខ្ចី ពិសេស បើជាមើមតូចៗផង អតិថិជន គេចូលចិត្តទិញខ្លាំងណាស់ ហើយក៏ធ្វើឱ្យកញ្ញា​សប្បាយ​លក់ដែរ។

គួរបញ្ជាក់ថា បើតាមវចនានុក្រមខ្មែរសម្តេច​ព្រះសង្ឃ​រាជ ជួន ណាត ខ្មែរយើងហៅ «ប៉ិកួៈ» នេះថា «ដំឡូង​រលួស»។នៅកម្ពុជា«ប៉ិកួៈ»ត្រូវបានគេចាត់​ជាដំណាំ​ប្រភេទពូជធ្ងន់ មើមរបស់វាធំៗ, គេច្រើនយកទៅធ្វើម្ហូប និងពូជស្រាល មើមរបស់វាតូចល្មម, គេច្រើនយកទៅ​បរិភោគជាមួយនឹងប្រភេទម្ជូរផ្សេងទៀត ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner