ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជា​មានិត​ឡាវរយៈពេលបីថ្ងៃ

ភ្នំពេញ៖ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ​នឹងអញ្ជើញ​បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិប​តេយ្យ​ប្រជាមានិតឡាវ និងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហ​ប្រតិ​​បត្តិការទ្វេភាគី រវាងកម្ពុជា និងឡាវ ក្នុងសប្ដាហ៍នេះ។

ក្រសួងការបរទេសបានប្រកាសឱ្យដឹងនៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥នេះថាតបតាមការអញ្ជើញរបស់​ឯកឧត្តម ថងសាវណ្ណ ភុមវិហាន រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត​ឡាវ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញ​ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងធ្វើជាសហប្រធាន នៃកិច្ចប្រជុំលើក​ទី១៥ នៃគណៈកម្មការចម្រុះសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងកម្ពុជា និងឡាវ នៅទីក្រុងវៀងចន្ទន៍
ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងអំឡុងពេលនៃទស្សនកិច្ចនេះឯកឧត្តម ប្រាក់ សុខុន ក៏នឹងអញ្ជើញជួបសម្តែងការគួរសមចំពោះឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីត ប្រធានាធិបតី និងឯកឧត្តមបណ្ឌិត សនស ស៊ីផាន់ដននាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជា​ធិបតេយ្យប្រជាមានិតឡាវ។

ក្រសួងការបរទេសបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការនេះ បញ្ជាក់ជាថ្មីនូវទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពដ៏យូរ​អង្វែងរវាងប្រទេសទាំងពីរដែលបង្ហាញពីការប្តេជ្ញាចិត្តរួមនៃប្រជាជាតិទាំងពីរ ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវ
ចំណងមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការពហុវិស័យ៕


ដោយ៖មុនី

ទាវ សារៈមុនី
ទាវ សារៈមុនី
ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕
ads banner
ads banner
ads banner