ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ចុះជួបរដ្ឋបាលខេត្តអំពីការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគ
(ភ្នំពេញ)៖ ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន កាលពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២៥ បានចុះទៅខេត្តទាំង ៤ នៅភូមិភាគឦសាន ដើម្បីជួបសំណេះសំណាល ពិភាក្សាអំពីទិសដៅ និង យន្តការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨ ជាមួយរដ្ឋបាលខេត្តរតនគិរី ខេត្តស្ទឹងត្រែង និង ខេត្តក្រចេះ បន្ទាប់ពីបានជួបផ្ទាល់ជាមួយអភិបាលខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ២០ ខែ វិច្ឆិកា កន្លងទៅ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានរំលេចថា ការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៥-២០២៨ ផ្តោតសំខាន់លើ ១). វិស័យកសិកកម្ម ដែលរួមបញ្ចូលទាំងការជំរុញការប្រើប្រាស់ដីធ្លី ឱ្យអស់សក្តានុពល, ២). វិស័យកសិ-ឧស្សាហកម្ម ដែលផ្តោតលើការលើកកម្ពស់ការកែច្នៃកសិផលក្នុងស្រុក ឱ្យមានតម្លៃបន្ថែមខ្ពស់ និង ៣). វិស័យ ទេសចរណ៍ ដើម្បីជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍ទាក់ទាញ តាមសក្តានុពលក្នុងតំបន់ ។ ការណ៍នេះ ទាមទារឱ្យមានការជ្រោមជ្រែង និង ភាពបុរេសកម្មរបស់អាជ្ញាធរខេត្តនីមួយៗ ក្នុងការចូលរួមទាក់ទាញការវិនិយោគ ប្រកួតប្រជែងនឹងប្រទេសជិតខាង និង ខេត្តនានា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំង ក្នុងចំណោមខេត្តទាំងបួន នៅក្នុងភូមិភាគឦសាន ផងដែរ ។
ទន្ទឹមនេះ, រដ្ឋបាលខេត្តនីមួយៗ ត្រូវត្រៀមខ្លួនទទួលបន្តការរៀបចំ ការគ្រប់គ្រង និង ការថែទាំគម្រោងវិនិយោគទាំងឡាយ ប្រកបដោយស្មារតីបុរេសកម្ម និង ទំនួលខុសត្រូវខ្ពស់ បន្ទាប់ពីកម្មវិធីពិសេសត្រូវបានបញ្ចប់នៅចុងឆ្នាំ ២០២៨ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានចូលរួមត្រេកអរចំពោះសមិទ្ធផលរបស់ខេត្តទាំងបួន និង បានឯកភាពជាមួយ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ទាំងបួន លើការបន្តសហការជិតស្និទ្ធិ ដើម្បីសិក្សាស៊ីជម្រៅអំពីសក្តានុពល និង កាលានុវត្តភាពសម្រាប់ការវិនិយោគក្នុងខេត្ត ព្រមទាំងត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមផ្តល់ដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ក្នុងការវិនិយោគ ព្រមទាំងអនុវត្តដោយសកម្មលើការផ្តល់ព័ត៌មាន ប្រឹក្សាយោបល់ និង ផ្សព្វផ្សាយ ទៅកាន់វិនិយោគិននានា ។
រដ្ឋបាលខេត្តទាំង៤ បានបញ្ជាក់ជំហរគាំទ្រយ៉ាងពេញទំហឹង និង ប្តេជ្ញាចូលរួមសហការ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រុមការងារ ក.វ.ឦសាន ក្នុងការសម្របសម្រួល និង ដោះស្រាយបញ្ហាប្រឈមនានា ដើម្បីជំរុញការវិនិយោគនៅភូមិភាគឦសាន ឱ្យមានលទ្ធផលផ្លែផ្កា ស្របតាមគោលបំណងរបស់រាជរដ្ឋាភិបាល ។
គួរបញ្ជាក់ជូនថា «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួន នៅភូមិភាគឦសាន នៃព្រះរាជាណាចក្រកម្ពុជា ឆ្នាំ ២០២៥-២០២៨» ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាព សម្តេចធិបតីនាយករដ្ឋមន្ត្រី កាលពីថ្ងៃទី ៩ ខែ មេសា ឆ្នាំ ២០២៥ ក្នុងគោលបំណងជំរុញការវិនិយោគលើវិស័យ អាទិភាព ដូចជា វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និង វិស័យទេសចរណ៍ តាមរយៈការលើកទឹកចិត្តពិសេស ដែលមានវិសាលភាពនៅខេត្តភូមិភាគឦសាន ចំនួន ៤ គឺ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និង ខេត្តមណ្ឌលគិរី ៕







ដោយ ៖ង៉ាន់ ទិត្យ