រដ្ឋបាលខេត្តកំពតត្រូវការឱ្យសមាគមអង្គការសង្គមស៊ីវិល សហគមន៍ សហជីពបន្តរួមគ្នាអភិវឌ្ឍន៍ខេត្ត
កំពត៖ក្នុងវេទិកាពិគ្រោះយោបល់ជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ និងសហជីពនានា ក្នុង ខេត្តកំពតកាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក អ៊ឹង ឆាយ អភិបាលរងខេត្តកំពតបានលើកឡើងថាដើម្បីចូលរួមសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅឆ្នាំ២០៥០ កម្ពុជាជាប្រទេសមានប្រាក់ចំណូលខ្ពស់ ឬជាប្រទេសអភិវឌ្ឍន៍ ទាមទារឱ្យមានការចូលរួមពីគ្រប់ភាគី ពិសេសសមាគម អង្គការសង្គមស៊ីវិល សហគមន៍ សហជីពនានាដែលជាដៃគូរដោយមិនអាចខ្វះបាន។
ក្នុងវេទិកាដែលប្រារព្ធនៅសាលាខេត្តកំពត លោក អ៊ឹង ឆាយ អភិបាលរងខេត្តក៏បានស្នើដល់គ្រប់ភាគី និងអ្នកពាក់ព័ន្ធបន្តចូលរួមសហការគ្នា ខិតខំស្វែងរកលទ្ធភាពនិងគ្រប់មធ្យោបាយ ដើម្បីបន្តរួមចំណែកអភិវឌ្ឍន៍មូលដ្ឋានខេត្តកំពតឱ្យកាន់តែប្រសើរ ពិសេសសូមជួយលើកកម្ពស់ជីវភាពពលរដ្ឋងាយរងគ្រោះ និងមានជីវភាពខ្វះខាតជាអាទិភាព។
សូមបញ្ជាក់ថាខេត្តកំពតមាន សមាគម អង្គការមិនមែនរដ្ឋាភិបាល សហគមន៍ និងសហជីពកំពុងប្រតិបត្តិការនៅតាមបណ្តាក្រុងស្រុកទាំង៩ សរុបចំនួន ១៧៨ ក្នុងនោះមានច្បាប់អនុញ្ញាតចំនួន១៧៧ និងមិនទាន់មានច្បាប់ចំនួនមួយ៕
ដោយ ៖សិលា សារិន