ក្រសួងការបរទេសបំភ្លឺ៖ពុំមានការសាងសង់ផ្លូវកាត់សមុទ្រភ្ជាប់ពីកោះទៀនហៃនៃខេត្តអានយ៉ាង ទៅកាន់កោះហ្វូគក់ ដោយវៀតណាមទេ
ភ្នំពេញ៖នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានធ្វើការបំភ្លឺថាពុំមានការសាងសង់ផ្លូវកាត់សមុទ្ររំលោភនឹងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដោយវៀតណាមដូចការផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ។ចំណែករូបភាពសំណង់ផ្លូវកាត់សមុទ្រ ដែលឃើញចែកផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម គឺជាសំណង់ផ្លូវចេញពីដីគោកនៃសង្កាត់ហាទៀង (Ha Tien) ខេត្តអានយ៉ាង (An Giang) ទៅកាន់កំពង់ផែពហុបំណងនៃទីក្រុងហាទៀង ដែលស្ថិតក្នុងទឹកដីវៀតណាម។
យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឆ្លើយតបនឹងការសាកសួររបស់អ្នកសារព័ត៌មានអំពីការផ្សព្វផ្សាយក្នុងបណ្តាញសង្គមថ្មីៗនេះដែលថា វៀតណាមកំពុងតែអនុវត្តនូវគម្រោងសាងសង់ផ្លូវកាត់សមុទ្រ ភ្ជាប់ពីកោះទៀនហៃ(Tien Hai) នៃខេត្តអានយ៉ាង (An Giang) ទៅកាន់កោះហ្វូគក់ (កោះត្រល់) ផ្ទុយនឹងកិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្ត្រកម្ពុជា-វៀតណាម ឆ្នាំ១៩៨២ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការបំភ្លឺថា តាមការបញ្ជាក់ពីឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាម និងព័ត៌មានផ្ដល់ដោយស្ថានទូតវៀតណាមនៅភ្នំពេញ គឺពុំមានការសាងសង់ផ្លូវកាត់សមុទ្ររំលោភនឹងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដូចការផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ។រូបភាពសំណង់ផ្លូវកាត់សមុទ្រ ដែលឃើញចែកផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម គឺជាសំណង់ផ្លូវចេញពីដីគោកនៃសង្កាត់ហាទៀង (Ha Tien) ខេត្តអានយ៉ាង (An Giang) ទៅកាន់
កំពុងផែពហុបំណងនៃទីក្រុងហាទៀង ដែលស្ថិតក្នុងទឹកដីវៀតណាម។
ជាមួយគ្នានេះក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានសូមស្នើឱ្យបញ្ឈប់ការចែកផ្សាយព័ត៌មានខុសការពិតនេះ ដែលអាចបង្កឱ្យមានការយល់ខុស និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម៕
ដោយ៖មុនី
