ក្រសួងការបរទេសកម្ពុជា​៖​ ពុំមានការសាងសង់ផ្លូវកាត់​សមុទ្ររំលោភនឹងកិច្ចព្រមព្រៀងរវាងប្រទេសកម្ពុជា​ និងវៀត​ណាមនោះទេ

ឆ្លើយតបនឹងការសាកសួររបស់អ្នកសារព័ត៌មានអំពីការផ្សព្វផ្សាយក្នុងបណ្តាញសង្គមថ្មីៗនេះ ដែលថា វៀតណាមកំពុងតែអនុវត្តនូវគម្រោងសាងសង់ផ្លូវកាត់សមុទ្រ ភ្ជាប់ពីកោះទៀនហៃ (Tien Hai) នៃខេត្តអានយ៉ាង (An Giang) ទៅកាន់កោះហ្វូគក់ (កោះត្រល់) ផ្ទុយនឹងកិច្ចព្រមព្រៀង ដែនទឹកប្រវត្តិសាស្ត្រកម្ពុជា-វៀតណាម ឆ្នាំ១៩៨២ អ្នកនាំពាក្យក្រសួងការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ សូមធ្វើការបំភ្លឺថា តាមការបញ្ជាក់ពីឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាម និងព័ត៌មានផ្តល់ដោយស្ថានទូតវៀតណាមនៅភ្នំពេញ គឺពុំមានការសាងសង់ផ្លូវកាត់សមុទ្ររំលោភនឹង កិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដូចការផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ។

រូបភាពសំណង់ផ្លូវកាត់សមុទ្រ ដែលឃើញចែកផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម គឺជាសំណង់ផ្លូវចេញពីដីគោកនៃសង្កាត់ហាទៀង (Ha Tien) ខេត្តអានយ៉ាង (An Giang) ទៅកាន់ កំពុងផែពហុបំណងនៃទីក្រុងហាទៀង ដែលស្ថិតក្នុងទឹកដីវៀតណាម។

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើឱ្យបញ្ឈប់ការចែកផ្សាយព័ត៌មានខុសការពិតនេះ ដែលអាចបង្កឱ្យមានការយល់ខុស និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពរវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម៕
ដោយ៖ពលជ័យ

ads banner