និស្សិតជាង ៨៤% ប្រើ AI សម្រាប់ការស្រាវជ្រាវ ខណៈ​សាស្រ្តាចារ្យជាង ៧០% ប្រើ សម្រាប់​កិច្ចការ​បង្រៀន

(ភ្នំពេញ)៖ តាមការស្រាវជ្រាវរបស់ក្រុមប្រឹក្សា សាកល​វិទ្យា​ធិ​ការ​កម្ពុជា ដែលមានសមាជិកពីគ្រឹះស្ថានសិក្សា​សាធារណៈចំនួន២២ បានចូលរួមក្នុងនោះនិស្សិតជាង ១ពាន់នាក់ ក៏ដូចជាសាស្រ្តាចារ្យជាង ៥០០នាក់ បាន​បង្ហាញថា និស្សិតជាង ៨៤% កំពុងតែប្រើប្រាស់​បញ្ញា​សិប្បិនិម្មិត AI ក្នុងការស្វែងរកព័ត៌មានក៏ដូចជា​ការ​សិក្សា ការធ្វើកិច្ចការងារសាលា ស្របពេលនោះសាស្ត្រា​ចារ្យ​លោកគ្រូអ្នកគ្រូជាង ៧០ភាគរយ បានប្រើប្រាស់ AI រៀបចំសំនួរ ក៏ដូចជារៀបចំតាក់តែងមេរៀន​សម្រាប់​បង្រៀន ។ ទិន្នន័យបង្ហាញថា បច្ចេកវិទ្យា AI មិនមែន​ជាបច្ចេកវិទ្យាអនាគតទៀតទេ វាជាទិដ្ឋភាពជាក់ស្តែងមួយ​នៅក្នុងប្រព័ន្ធអប់រំកម្ពុជាទៅហើយ។ ហើយវាទាមទារ​ឲ្យយើងយកចិត្តទុកដាក់នៅក្នុងបច្ចេកវិទ្យានេះ។

នេះបើតាមការលើកឡើងរបស់ ឯកឧត្តម បណ្ឌិត សេង សុភាព ប្រធានក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជា នៅក្នុងសន្និសីទជាតិ និងពិធីប្រកាសជាផ្លូវការអំពីការ​បង្កើតមជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវបញ្ញាសិប្បនិម្មិតក្នុងការអប់រំ កាលពីព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ​២០២៥ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ។

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណី​យ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា រាជរដ្ឋាភិបាល​បានដាក់ចេញនិងកំណត់នូវអាទិភាព៥ដែលក្នុងនោះ មានបច្ចេកវិទ្យា ជាពិសេស បច្ចេកវិទ្យាឌីជីថល ដើម្បី​ឆ្លើយតបនិងបដិវត្តន៍កម្មឌីជីថល នៅក្នុងប្រទេសកម្ពុជា ស្របតាមក្របខណ្ឌគោលបនយោបាយសេដ្ឋកិច្ច និង​សង្គមឌីជីថលកម្ពុជា ។

ក្រសួងប្រៃសណីយប្រៃសណីយ៍បាននិងកំពុងយកចិត្តទុកដាក់ ដើម្បីចូលរួមចំណែកជាមួយនិងក្រសួងអប់រំ​យុវជននិងកីឡា ដោយបានចូលរួមជួយគាំទ្រជំរុញ​ផ្នែក​ធនធានមនុស្សឌីជីថល ដោយបានសហការជាមួយ​សកល​វិទ្យាល័យចំនួន ៦ ដើម្បីធ្វើយ៉ាងណាជំរុញឆ្លើយ​តបទៅនិងបដិវត្តកម្មឌីជីថលដែលមានការវិវត្តន៍កាន់តែលឿន ជាពិសេសនៅក្នុងយុគ្គសម័យ AI នេះ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រ​សាស​ន៍​ថា ដើម្បីឱ្យយុវជនជំនាន់ក្រោយមានសមត្ថភាព​ពិតនៅក្នុងការគ្រប់គ្រង ការប្រើប្រាស់បច្ចេកវិទ្យានេះ ឱ្យមានប្រសិទ្ធភាពខ្លាំង ត្រូវមានមូលដ្ឋានគ្រឹះរឹងមាំ។ បច្ចេកវិទ្យាមិនអាចប្រើប្រាស់ដោយមិនអាចគិតពីវិធីសាស្រ្តបង្រៀន និងមិនគិតពីគរុកោសល្យនោះទេ ។ វិធី​សាស្រ្តនៅក្នុងការបង្រៀនមិនមែនឱ្យសិស្សពឹងតែទៅលើម៉ាស៊ីននោះទេ គឺត្រូវធ្វើយ៉ាងណា ឱ្យមានចំណេះ​ដឹង ,ឱ្យមានបំណិនជីវិត និង មានចរិយាធម៌ ជាពល​រដ្ឋ​សកលល្អ ៕

អត្ថបទ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner