គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ស្នើឥណ្ឌូណេស៊ី ជួយជំរុញឱ្យភាគីថៃ គោរពសេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិភាព

(ភ្នំពេញ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធាន​គណៈ​​​កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានស្នើដល់ រដ្ឋ​មន្ត្រី​ក្រសួងសិទ្ធិមនុស្ស នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ជួយជំរុញយ៉ាងណាឱ្យភាគីថៃគោរពសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព និងច្បាប់អន្តរជាតិក្នុងការដោះស្រាយ​បញ្ហាព្រំដែនជាមួយប្រទេសកម្ពុជាដោយសន្តិវិធី ។

ការលើកឡើងនេះក្នុងឱកាស ឯកឧត្តម អនុញ្ញាតឱ្យ​លោក Natalius Pigai រដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្ស នៃ​សាធារណរដ្ឋឥណ្ឌូណេស៊ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ជំនួបនេះបានធ្វើឡើងដើម្បី ពិភាក្សាផ្លាស់ប្តូរទស្សនៈ បទពិសោធ និងការអនុវត្តល្អៗ ព្រមទាំងស្វែងរក​កិច្ច​សហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្សរវាងប្រទេសទាំងពីរ ផងដែរ ។

ឯកឧត្តម កែវ រ៉េមី បានលើកឡើងថា មិនមែនតែជាមួយ​កម្ពុជា​ប៉ុណ្ណោះទែ ប្រទេសថៃ កំពុងបង្កភាព​បែកបាក់​ក្នុង​អាស៊ាន និ​ង​បំផ្លាញគ្រឹះស្នូលរបស់អាស៊ាន ដែល​មានចក្ខុវិស័យ​តែមួយ អត្តសញ្ញាណតែមួយ និងសហ​គមន៍​តែមួយ។ គោលការណ៍ទាំងនេះ គឺជាមូលដ្ឋាន​សំ​ខាន់សម្រាប់ការរស់នៅរួមដោយសន្តិភាព ការគោរព​ច្បា​ប់ និងការរួបរួម​ជាតិរបស់ប្រទេសសមាជិកទាំងអស់​។

​រដ្ឋមន្ត្រីក្រសួងសិទ្ធិមនុស្សឥណ្ឌូណេស៊ី បានកោត​សរសើរ​ពីកិច្ចខិតខំរបស់ គណៈកម្មាធិការសិទ្ធិមនុស្ស​កម្ពុជា ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស​នៅកម្ពុជា ហើយក៏បានកត់សម្គាល់ថា បច្ចុប្បន្នកម្ពុជា​មិនត្រឹមតែបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសប៉ុណ្ណោះទេ ប៉ុន្តែកម្ពុជា ក៏ជាប្រទេសទទួលពលករ​បរទេស​មកធ្វើការនៅក្នុងប្រទេសកម្ពុជា រួមទាំង​ពលករមកពីប្រទេសឥណ្ឌូណេស៊ីផងដែរ។

លោក Natalius Pigai បានស្នើ​សុំ​លើ ៣​ចំណុច​សំខាន់ៗគឺ ៖ បន្តការគាំពារជួយគ្នាទៅវិញ​ទៅមក​ក្នុងការការពារពលករនៃប្រទេសទាំងពីរ កម្ពុជា-ឥណ្ឌូ​ណេស៊ី , អញ្ជើញឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ចូល​រួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ីប៉ាស៊ីហ្វិក ស្តីពីសិទ្ធិមនុស្ស​ឆ្នាំ​២០២៦ នៅប្រទេសឥណ្ឌូណេស៊ី និង គាំទ្របេក្ខ​ភាព​ឥណ្ឌូណេស៊ី ជាប្រធានក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់អង្គការសហប្រជាជាតិ។

ជាមួយគ្នានេះដែររដ្ឋមន្ត្រីសិទ្ធិមនុស្សឥណ្ឌូណេស៊ី បានបង្ហាញពីលទ្ធភាពរបស់​ក្រសួងសិទ្ធិមនុស្ស​ឥណ្ឌូ​ណេស៊ី ក្នុងការផ្តល់ជំនួយជាលក្ខណៈបច្ចេកទេស រួមមានការកសាងសមត្ថភាព បណ្តុះបណ្តាល និង​ជំ​នួយ​ផ្សេងៗទៀតដល់មន្ត្រីកម្ពុជា។

ជាការឆ្លើយតប ទេសរដ្ឋមន្ត្រី បានលើកឡើងថា​តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ កម្ពុជាតែងតែយកចិត្តទុកដាក់លើសិទ្ធិសេរីភាព និងគាំពារពលករគ្រប់រូប រួមទាំងពលករឥណ្ឌូណេស៊ី ដែលកំពុងធ្វើការនៅប្រទេសកម្ពុជាផងដែរ ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner