កម្ពុជា ឆ្ពោះទៅបញ្ចប់អេដស៍ ក្រោមមូលបទសកល ៖ យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអដស៍
(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា បានសហការជាមួយសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានរៀបចំវេទិកាបញ្ចេញទស្សនៈលើកទី១៩ ស្តីពី កម្ពុជាឆ្ពោះទៅបញ្ចប់អេដស៍ ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២៥ ក្រោមមូលបទសកល យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអដស៍ នាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យ ប៊ែល ធី អន្តរជាតិ (សាខាទី២ ស្ពានអាកាសចោមចៅ) ។
ឯកឧត្ដម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានបញ្ជាក់ពីខ្លឹមសារ «យកឈ្នះការខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍» មានន័យថា យើងត្រូវតែនាំគ្នាជំរុញឱ្យអ្នកដែលបានឆ្លងមេរោគអេដស៍ ឆាប់ទទួលបានការព្យាបាល ដោយឱសថប្រឆាំង មេរោគអេដស៍បានត្រឹមត្រូវ ជួយការពារនិងពង្រីកសេវាធ្វើតេស្តរកមេរោគអេដស៍ ធ្វើឱ្យប្រាកដនៃចង្វាក់ផ្គត់ផ្គង់ឱសថ និងឧបករណ៍បរិក្ខារ លើកកម្ពស់ឱ្យមានការចូលរួមកាន់តែខ្លាំងថែមទៀត ពីសហគមន៍ដែលរងគ្រោះដោយសារមេរោគអេដស៍/ជំងឺអេដស៍ ពង្រីកសេវាបង្ការឱ្យបានកាន់តែទូលំទូលាយ ប្រើដំណោះស្រាយឌីជីថល និងកសាងនូវប្រព័ន្ធភាពធន់សុខភាពរបស់សហគមន៍។ល។
ឯកឧត្ដមអគ្គលេខាធិការរងទី២ ក៏បានអានជូនអង្គពិធីនូវខ្លឹមសារទាំងស្រុងសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ដោយបានរំលេចនូវចំណុចសំខាន់ៗក្នុងការអំពាវនាវដល់បងប្អូនជនរួមជាតិ ជាពិសេសយុវជនក្នុងការបង្ការខ្លួនពីមេរោគអេដស៍ ៕







ដោយ ៖ គ្រី សម្បត្តិ