ចិនបញ្ជូនយាន Shenzhou-22 ឡើងទីអវកាសដោយជោគជ័យ

ប៉េកាំង ៖ ប្រទេសចិនបានទទួលជោគជ័យទាំងស្រុង ក្នុងការបាញ់បង្ហោះយានអវកាស Shenzhou-22 ទៅដាក់នៅទីអវកាសដូចតាមការគ្រោងទុក។ នេះបើតាមសារព័ត៌មានរដ្ឋចិនស៊ីនហួ ចុះផ្សាយនៅថ្ងៃអង្គារនេះ។

យោងតាមទីភ្នាក់ងារអវកាសចិន (CMS), យានអវកាស Shenzhou-22 នេះ ត្រូវបានបាញ់បង្ហោះនៅវេលាម៉ោង ១២និង១១នាទី រសៀលថ្ងៃអង្គារនេះ (ម៉ោងក្នុងតំបន់) ចេញពីមជ្ឈមណ្ឌលបាញ់ផ្កាយរណប Jiuquan នៅភាគពាយព្យប្រទេសចិន។

ប៉ុន្មាននាទីបន្ទាប់ពីការហោះឡើង ទីភ្នាក់ងារ CMSA ប្រកាសថា យានអវកាស Shenzhou-22 បានផ្ដាច់ខ្លួនចេញពីយានជំរុញ Long March ដោយជោគជ័យ ហើយចូលទៅក្នុងគន្លងដែលបានគ្រោងទុក។

យាន Shenzhou-22 នេះ ត្រូវបានអ្នកវិទ្យាសាស្ត្រចិន ប្រើប្រាស់ដើម្បីផ្ទុកទំនិញជាច្រើន រួមទាំងស្បៀងអាហារសម្រាប់អវកាសយានិកចិន និងឧបករណ៍សម្រាប់ស្ថានីយ៍អវកាសជាដើម។

យាន Shenzhou-22 ត្រូវបានបញ្ជូនទៅកាន់ស្ថានីយអវកាស Tiangong របស់ប្រទេសចិន ដើម្បីជំនួសយាន Shenzhou-21 ដែលបានបង្ខំចិត្តត្រឡប់មកផែនដីវិញក្នុងរយៈពេល ៦ខែ ពោលគឺលឿនជាងពេលកំណត់ បន្ទាប់ពីយានមួយទៀតដែលចូលចតនៅស្ថានីយអវកាសរងការខូចខាត។

ភាពខុសគ្នាដ៏សំខាន់ជាមួយនឹងយាន Shenzhou-21 គឺថា យាន Shenzhou-22 ត្រូវបានបង្ហោះដោយពុំមានអវកាសយានិកនោះទេ ដែលជាលក្ខខណ្ឌចាំបាច់ ដើម្បីជៀសវាងការផ្ទុកលើសចំណុះរបស់ស្ថានីយអវកាស Tiangong សម្រាប់អ្នករស់នៅរយៈពេលវែង ៣នាក់នៅទីនោះ។

បើតាមការសែតរ៉យទ័រ, បេសកកម្មហោះហើរអវកាសបន្ទាប់របស់ចិន ដែលគ្រោងធ្វើឡើងនាអំឡុងខែមេសា ឆ្នាំក្រោយ ទំនងជាប្រើប្រាស់យាន Shenzhou-23។

គួរកត់សម្គាល់ ប្រទេសចិនមានគោលបំណងចង់វ៉ាដាច់សហរដ្ឋអាមេរិក ដើម្បីក្លាយជាប្រទេសមហាអំណាចវិទ្យាសាស្រ្តអវកាសនៅឆ្នាំ ២០៥០។ យោងតាមប្រភពពី South China Morning Post, ប្រទេសចិនបច្ចុប្បន្នកំពុងរៀបចំផែនការអភិវឌ្ឍន៍ជាតិលើកដំបូងរបស់ខ្លួន សម្រាប់ផ្នែកវិទ្យាសាស្ត្រអវកាសរយៈពេលមធ្យមទៅវែង ដែលបេសកកម្មនេះ នឹងចាប់ផ្តើមពីឆ្នាំ ២០២៥ ដល់ឆ្នាំ ២០៥០៕

ប្រភព ៖ ស៊ីនហួរ រ៉យទ័រ និងSouth China Morning Post ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner