រុស្ស៊ី និងអ៊ុយក្រែនផ្លោងគ្រាប់ដាក់គ្នា អំឡុងចរចាសន្តិភាព

មូស្គូ, កៀវ៖ ក្នុងពេលដែលផែនការសន្តិភាពរបស់អាមេរិក ស្ថិតក្នុងដំណើរទៅមុខ ស្រាប់តែរុស្ស៊ី និងអ៊ុយក្រែនបានផ្លោងគ្រាប់ដាក់គ្នាទៅវិញទៅមក កាលពីយប់ថ្ងៃអង្គារ។

រុស្សីបានបាញ់​ កាំជ្រួច និងយន្តហោះគ្មានមនុស្សបើក ពេញមួយយប់ លើទីក្រុង កៀវ របស់អ៊ុយក្រែន ដោយបានសម្លាប់មនុស្ស ៧នាក់។ យ៉ាងណា មានមនុស្ស ៣ នាក់បានស្លាប់ នៅក្នុងតំបន់ Rostov របស់រុស្ស៊ី អំឡុងការវាយប្រហារដ៏ធំ របស់អ៊ុយក្រែន។

ការវាយប្រហារ កាន់តែខ្លាំងឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បានទុកពេលឲ្យអ៊ុយក្រែន ត្រឹមថ្ងៃទី២៧ ខែវិច្ឆកា ឆ្នាំ២០២៥ ឲ្យទទួលយកផែនការសន្តិភាពរបស់អាមេរិក ពោលគឺចំថ្ងៃបុណ្យ Thanksgiving របស់អាមេរិក។

ផែនការសន្តិភាពនេះ កំពុងស្ថិតក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់ ពីសំណាក់សហភាពអឺរ៉ុប។ នៅចំពោះមុខសភា កាលពីថ្ងៃអង្គារ មេដឹកនាំអង់គ្លេសលោក Keir Starmer បានព្រមានថា មានផ្លូវដ៏លំបាកមួយ នៅពេលខាងមុខ ដើម្បីទទួលបានសន្តិភាពយូរអង្វែង ក្នុងប្រទេសអ៊ុយក្រែន។

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul មានប្រសាសន៍ថា ការបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន ពឹងផ្អែកលើ លោក ពូទីន មេដឹកនាំរុស្ស៊ី តែម្នាក់គត់។ លោកបានបញ្ជាក់ថា «គាត់បានចាប់ផ្ដើមសង្គ្រាមនេះ ហើយឥឡូវនេះ គាត់ត្រូវតែបញ្ចប់វា»។ លោក Johann Wadephul បានទទូចថា នៅពេលនេះ លោក ពូទីន ត្រូវតែធ្វើការសម្រេចចិត្ត។

ប្រមុខកាទូតអាល្លឺម៉ង់រូបនេះ បានលើកឡើងយ៉ាងដូច្នេះ ក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ ជាមួយរដ្ឋមន្ត្រីការបរទេស ប្រទេស ហ្សកដានី កាលពីថ្ងៃអង្គារ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner