សប្បុរសជនរួមគ្នាស្វែងរកមូលនិធិជួយមន្ទីរពេទ្យកុមារអង្គរតាមរយៈកម្មវិធី«តស់!ដើរឡើងភ្នំបូកគោ​ដើម្បីសុខភាព​កុមារ»

ភ្នំពេញ៖ មន្ទីរពេទ្យកុមារអង្គរជារៀងរាល់ថ្ងៃបានជួយព្យាបាល និងសង្គ្រោះជីវិតកុមារប្រមាណជាង៤០០នាក់ ហើយ​ត្រូវការថវិកាជាច្រើន ។ដើម្បីចូលរួមចំណែកនៅក្នុងការជួយដល់កុមារកម្ពុជាដែលកំពុងមានជំងឺ និងទទួលបានការ​ពិនិត្យ​ព្យាបាលដោយមិនគិតថ្លែ នៅមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរា សប្បុរជនបានរួមគ្នាបង្កើតកម្មវិធី «តស់ៗ ដើរឡើងភ្នំបូកគោដើម្បីសុខភាពកុមារ» ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី “ការដើរឡើងភ្នំបូកគោ ដើម្បីសុខភាពកុមារកម្ពុជាឆ្នាំ២០២៥” កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក រស់ សាត អ្នកដឹកនាំគម្រោងកម្មវិធីនេះបានពណ៌នាថា ព្រឹត្តិការណ៍នេះ មានសារៈសំខាន់​ណាស់ក្នុងជួយដល់មន្ទីរពេទ្យកុមារអង្គរដែលកំពុងខ្វះខាតថវិកាផ្គង់ផ្គង់ដល់ការជួយសង្រ្គោះ និងព្យាបាលកុមារដែល​មានជំងឺផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា ព្រឹត្តិការណ៍ដើរឡើងភ្នំបូកគោនេះ មិនត្រឹមតែជួយដល់​មន្ទីរពេទ្យកុមារអង្គរប៉ុណ្ណោះទេ ប៉ុន្តែ ក៏ជាឱកាសជួបជុំក្រុមគ្រួសារ បងប្អូន មិត្តភក្តិ ដើរលេងកម្សាន្តនាចុងឆ្នាំ ។

ចំណែកលោក អ៊ីវ គឹមសួរ ស្ថាបនិកគម្រោងបានលើកឡើងថា កម្មវិធីនេះ ក៏ជាការបំផុសឲ្យមានចលនាហាត់ប្រាណ​ដើម្បី​សុខភាព ការជំរុញកំណើនទេសចរណ៍ ការបង្កើនទំនាក់ទំនងធុរកិច្ច និងការបង្កើតភាពសប្បាយរីករាយ នៅពេលចុងឆ្នាំ ហើយក៏ជាឱកាសនៅក្នុងការរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរផងដែរ។

លោកស្រី ស៊ិនកេត អរុណ ប្រធានការិយាល័យរៃអង្គាសមូលនិធិក្នុងប្រទេសកម្ពុជា នៃមន្ទីរពេទ្យកុមារអង្គរលើក​ឡើងថា មន្ទីរពេទ្យនេះ បង្កើតឡើងដើម្បីជួយដល់ជីវិតកុមារកម្ពុជា ហើយសម្រាប់ព្រឹត្តិការណ៍នេះ គឺពិតជាបានចូល​រួមចំណែក ក្នុងការជួយព្យាបាល និងសង្គ្រោះជីវិតកុមារ ខណៈមួយឆ្នាំៗមន្ទីរពេទ្យត្រូវការថវិកាប្រមាណ ៦លានដុល្លារ ដើម្បីទ្រទ្រង់ដល់ប្រតិបត្តិការមន្ទីរពេទ្យ ។

លោក លី ឧត្តម នាយកប្រតិបត្តិមូលនិធិម៉ានី លើកឡើងថា មូលនិធិម៉ានីចូលរួមគាំទ្រដល់គម្រោង​ព្រឹត្តិការណ៍ដើរ​ឡើងភ្នំបូកគោដើម្បីរៃអង្គាសថវិកាជួយមន្ទីរពេទ្យកុមារអង្គរនេះ ពីព្រោះវាត្រូវនឹងគោលដៅចម្បងនៃមូលនិធិម៉ានី គឺការជួយសង្គ្រោះជីវិតកុមារជាមួយនឹងការជួយដល់ជនមានពិការភាព និងអ្នកងាយរងហានិភ័យផ្សេងៗ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ដើរឡើងភ្នំបូកគោដើម្បីរៃអង្គាសជួយដល់មន្ទីរពេទ្យកុមារអង្គរ ត្រូវបានផ្តួចផ្តើម​បង្កើត​ឡើងដោយ​លោក អ៊ីវ គីមសួរ ជាChapter President of BNI & Action Coach នៅក្នុងឆ្នាំ២០២១។ ការសម្រេច​រៀបចំព្រឹត្តិការណ៍នេះឡើយ ដោយសារលោក អ៊ីវ គីមសួរ និងសប្បុរសជនដទៃទៀត បានមើលឃើញពី​បេសកកម្ម​សង្គ្រោះកុមារដ៏ធំធេងរបស់មន្ទីពេទ្យកុមារអង្គរ ដែលពិនិត្យ និងព្យាបាលកុមារ មិនយកកម្រៃប្រកប​ដោយវិជ្ចាជីវៈខ្ពស់ និងដោយទឹកចិត្តមេត្តាករុណា។ តាំងពីឆ្នាំ២០២១មក ព្រឹត្តិការណ៍ដើរឡើងភ្នំបូកគោ ដើម្បីរៃអង្គាសជួយ​ដល់មន្ទីរពេទ្យកុមារអង្គរ ត្រូវបានរៀបចំឡើងជាបន្តបន្ទាប់ ដោយនៅឆ្នាំ២០២៥ នេះ គឺជាឆ្នាំទី៥ហើយ។

សម្រាប់ព្រឹត្តិការណ៍នៅឆ្នាំនេះ ដំណើរឡើងភ្នំបូកគោ មានចម្ងាយ៣១គីឡូម៉ែត និងប្រើពេលវេលាប្រមាណ៧ម៉ោង។ ព្រឹត្តិការណ៍នេះ មិនត្រឹមតែរៃអង្គាសថវិកានោះទេ វាបានជួយលើកកម្ពស់សកម្មភាពកីឡា និងការហាត់ប្រាណ ជំរុញ​គោលដៅទេសចរណ៍«ឋានសួគ៌បូកគោ» ទំនាក់ទំនងសង្គមអាជីវកម្ម និងស្មារតីសប្បុរសធម៌ មនុស្សធម៌របស់​សង្គម​ជាតិកម្ពុជា។ ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៥។ ចំពោះសប្បុរសជន​មានការចាប់​អារម្មណ៍ សូមទាក់ទងទូរស័ព្ទ និងតេលេក្រាមលេខ (086 256585 / 089588808)៕

ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner