ជប៉ុនច្រានចោលការរិះគន់របស់ចិនរឿងទីក្រុងតូក្យូយកមីស៊ីលទៅដាក់ក្បែរកោះតៃវ៉ាន់
តូក្យូ ៖ ប្រមុខការពារជាតិជប៉ុនបានចេញមុខច្រានចោលការរិះគន់របស់ប្រទេសចិន ពាក់ព័ន្ធនឹងការបង្កើតអង្គភាពមីស៊ីលថ្មី ដើម្បីដាក់ពង្រាយនៅលើកោះ Yonagunijima ខេត្ត Okinawa ក្បែរកោះតៃវ៉ាន់។
ការបញ្ចេញប្រតិកម្មរបស់ប្រមុខការពារជាតិជប៉ុន ធ្វើឡើងក្រោយអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទថា ផែនការនេះ គឺជាចេតនារបស់ជប៉ុន ដើម្បីបង្កើតភាពតានតឹងក្នុងតំបន់ និងបង្កឱ្យមានការប្រឈមមុខដាក់គ្នាផ្នែកយោធា។
ជាការឆ្លើយតប រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi បានប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារថា គោលបំណងនៃការដាក់ពង្រាយអង្គភាពមីស៊ីលរយៈចម្ងាយមធ្យមបាញ់ពីដីទៅអាកាសនៅលើកោះ Yonagunijima គឺស្ថិតក្នុងគោលបំណងការពារប្រទេសជប៉ុនពីការឈ្លានពានដោយយន្តហោះចម្បាំង និងមីស៊ីល។
លោក Koizumi បានសង្កត់ធ្ងន់ថា អង្គភាពមីស៊ីលនេះនឹងមិនប្រើដើម្បីវាយប្រហារលើប្រទេសណាមួយឡើយ ហើយថា ផែនការនេះមិនមែនមានន័យថា ជប៉ុនចង់បង្កើនភាពតានតឹងក្នុងតំបន់នោះទេ ពីព្រោះអង្គភាពមីស៊ីលត្រូវបានដាក់ពង្រាយពាសពេញប្រទេសជប៉ុនរួចហើយ។
បើតាមប្រមុខការពារជាតិជប៉ុនរូបនេះ, រូបលោកនឹងបន្តព្យាយាមពន្យល់ឱ្យច្បាស់ដល់ប្រទេសដទៃទៀតថា ការបង្កើនសមត្ថភាពការពារជាតិរបស់ប្រទេសជប៉ុន នឹងផ្អែកលើគោលនយោបាយការពារខ្លួនតែម្យ៉ាងគត់ ហើយជប៉ុននឹងមិនផ្លាស់ប្តូរគោលជំហរ ក្នុងនាមជារដ្ឋសន្តិភាពនោះទេ។
គួរបញ្ជាក់ថា ជម្លោះការទូតដ៏តានតឹងបំផុតរបស់ប្រទេសទាំងពីរ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដែលបង្កឡើងដោយការអត្ថាធិប្បាយរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ដែលថា ការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់ អាចជំរុញឲ្យមានការឆ្លើយតបផ្នែកយោធាពីសំណាក់ជប៉ុន៕
ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា
