ការប្រែប្រួលថ្មី បាននឹងកំពុងកើតឡើងក្នុងចំណោមយុវជនជនជាតិដើមភាគតិច

មណ្ឌលគិរី៖ បច្ចុប្បន្ន​តាមរយៈការសិក្សានិងការមានចំណេះដឹង ត្រូវបានយុវជនជនជាតិដើមភាគតិចពូនង(ព្នង)រស់នៅ​ខេត្តមណ្ឌលគិរីដែលជាខេត្តភាគឦ​សានប្រទេស​មើលឃើញថា អាចជួយរំដោះពួកគេឱ្យចាកចេញ​ពីភាព​ក្រលំបាក និងជួយអភិវឌ្ឍន៍មូលដ្ឋានដែលពួកគេរស់នៅ។ និយាយរួមគឺជួយដល់សហគមន៍ជនជាតិដើម​ភាគតិច​របស់ពួកគេ។

ត្រឡប់ទៅរកអតីតកាល ជនជាតិភាគតិចពូនងភាគច្រើនពុំបានទទួលការសិក្សាជ្រៅជ្រះទេ។ខ្លះបានបោះបង់ការ​សិក្សាដោយ​រៀនត្រឹមថ្នាក់បឋមសិក្សា។កម្រណាស់ដែលពួកគេបន្តការសិក្សាដល់ថ្នាក់វិទ្យាល័យ ឬសាកលវិទ្យាល័យ​នោះ។នេះដោយសារកក្តាជាច្រើនក្នុងនោះ កក្តាទំនៀមទម្លាប់ប្រពៃណី ,ភាពរីកចម្រើននៃវិស័យអប់រំទៅកាន់​សហគមន៍​​ជនជាតិដើមភាគតិចជាដើម។

ប៉ុន្តែអ្វីបានប្រែប្រួលជាវិជ្ជមាន ពិសេសរយៈពេលជាច្រើនឆ្នាំចុងក្រោយ។ប្រាប់ទូរទស្សន៍អប្សរា កញ្ញា ឌិត ពិសី រស់នៅ ភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានបញ្ជាក់ថា កញ្ញារៀនថ្នាក់ទី១០ ហើយនៅថ្ងៃខាងមុខ​ចង់បន្តថ្នាក់សាកលវិទ្យា័យពីព្រោះថាការមានចំណេះដឹងខ្ពស់ងាយជួយដល់រូបកញ្ញាចូលបម្រើការងារក្នុងវិស័យឯកជន ក៏ដូចជាមន្រ្តីរាជការ។

ដោយចង់បានការសិក្សាខ្ពង់ខ្ពស់យុវតីវ័យ១៧ឆ្នាំរូបនេះបានបន្តថា ”នាងខ្ញុំនៅថ្ងៃខាងមុខចង់បន្តការសិក្សានៅ​សាកល​វិទ្យាល័យ​នៅរាជធានីភ្នំពេញ ឬថ្នាក់ខេត្តក៏បានដែរឱ្យតែបានរៀនថ្នាក់សាកលវិទ្យាល័យហ្នឹងគេ”។

យុវតីជនជាតិដើមភាគតិចពូនងរូបនេះយល់ថាមានតែការសិក្សាទេដែលជួយឱ្យមានការផ្លាស់ប្តូរជីវិតរបស់ពួកខ្លួន និងក្រុមគ្រួសារ។

ស្រដៀងគ្នានឹង ឌិត ពិសី ដែរយុវតីជនជាតិពូនងមួយរូបផ្សេងទៀត កញ្ញា ដិន ស្រីកែវ បាននិយាយដោយមិនលាក់​លៀម​ថា ពួកគេតែងផ្តោតទៅលើការសិក្សា។ ភាគច្រើនគឺចង់ប្រឡងឱ្យចប់វិទ្យាល័យ​ហើយបន្តការសិក្សា​ជានិស្សិត​ថែមទៀត។

ទោះរស់នៅតំបន់ព្រៃភ្នំ និងទំនៀមទម្លាប់ដូនតាជាអ្នកធ្វើស្រែចម្ការ តែកញ្ញា ដិន ស្រីកែវ មិនមានបំណងដូនតារបស់​កញ្ញាទេ។​ ដិន ស្រីកែង មានបំណងចង់ក្លាយជាមន្រ្តីរាជការ ឬជាអ្នកធ្វើការឯកជន។កញ្ញាចង់អភិវឌ្ឍន៍សហគមន៍ និង​ចង់ឱ្យក្មេងៗជំនាន់ក្រោយរួមគ្នាជួយឱ្យសហគមន៍ជនជាតិដើមភាគតិចតាមរយៈចំណេះដឹង ។

លោក ស្រេវ ផែត ប្រធានសហគមន៍ជនជាតិដើមភាគតិចពូនង ភូមិពូរ៉ាង បានបង្ហាញនូវការកត់សម្គាល់ពីភាព​ប្រែប្រួល​នៃសហគមន៍របស់លោក។លោកអះអាងថា បច្ចុប្បន្នកុមារជនជាតិភាគតិចពូនង ភាគច្រើនបានរៀនបញ្ចប់​ថ្នាក់អនុវិទ្យា​ល័យ ។ក្នុងចំណោមនេះក៏មានបន្តថ្នាក់វិទ្យាល័យ និងខ្លះទៀតសាកលវិទ្យាល័យ។

ដោយមិននិយាយអំពីការគិតគូរពីរាជរដ្ឋាភិបាល រដ្ឋបាលខេត្ត ស្រុក និងមូលដ្ឋានផ្ទាល់ ,ការវិវឌ្ឍនៅសហគមន៍​ជនជាតិ​ដើមភាគតិច ក៏មានការចូលរួមពីដៃគូអភិវឌ្ឍន៍ផងដែរ។លោក ខែម វាសនា មន្រ្តីសម្របសម្រួលរបស់អង្គការWCSបាននិយាយថា កន្លងមកគម្រោងរេដបូក កែវសីមា បានជួយដល់សិស្សជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ទៅ​សិក្សា​នៅតាមសាកលវិទ្យាល័យក្នុងរាជធានីភ្នំពេញចំនួន៥នាក់។ពេលនេះពួកគេបានបញ្ចប់ការសិក្សាហើយ។ក្នុងចំណោមនិស្សិតដែលបានទទួលអាហាររូបករណ៍ទាំងអស់នេះបានចូលធ្វើការតាមអង្គការ និងមួយចំនួនទៀតបាន​ចូលបម្រើការងារតាមស្ថាប័នរដ្ឋ។

គួរបញ្ជាក់ថា នៅកម្ពុជាមានជនជាតិដើមភាគតិចជាច្រើនដូចជា ពួង កួយ ទំពូន ចារ៉ាយ គ្រឹង ព្រៅ កាវ៉ែត ព័រ ខោញ ជង សួយ ថ្នូន លុន ស្អូច សំរែ និងជនជាតិដើមភាគតិចផ្សេងៗទៀត ។ជនជាតិដើមភាគទាំងនេះមាន​រស់នៅក្នុងខេត្ត​មួយចំនួនដូចជា ខេត្តរតនគីរី មណ្ឌលគីរី ក្រចេះ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ឧត្តរមានជ័យ កំពង់ចាម ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង បាត់ដំបង ព្រះសីហនុ បន្ទាយមានជ័យ សៀមរាបជាដើម៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner