អាហ្វហ្គានីស្ថានគំរាមសងសឹកប៉ាគីស្ថានរឿងវាយលុកផ្លូវអាកាសសម្លាប់កុមារ ៩នាក់

កាប៊ុល ៖ រដ្ឋាភិបាលតាលីបង់អាហ្វហ្គានីស្ថាន នៅថ្ងៃអង្គារ បានប្តេជ្ញាចាត់វិធានការសងសឹកឱ្យសាកសម ក្រោយចោទប្រកាន់ប៉ាគីស្ថាននៅពីក្រោយការវាយប្រហារផ្លូវអាកាសនាពេលថ្មីៗនេះ បណ្តាលឱ្យស្លាប់កុមារចំនួន ៩នាក់ និងស្រ្តីម្នាក់ ប៉ុន្តែភ្លាមៗ ទីក្រុងអ៊ីស្លាម៉ាបាដបានចេញមុខច្រានចោល។

អ្នកនាំពាក្យរដ្ឋាភិបាលតាលីបង់ លោក Zabihullah Mujahid បាននិយាយនៅក្នុងសេចក្តីថ្លែងការណមួយថា ប្រទេសឥស្លាមអេមីរ៉ាតបានថ្កោលទោសយ៉ាងខ្លាំង ចំពោះការរំលោភបំពាននេះ ហើយបានបញ្ជាក់ជាថ្មីថា ការការពារដែនអាកាស ទឹកដី និងប្រជាជន គឺជាសិទ្ធិស្របច្បាប់របស់អាហ្វហ្គានីស្ថាន ហើយខ្លួននឹងសងសឹកវិញឱ្យសាកសមឆាប់ៗនេះ។

ទោះបីជាយ៉ាងណា អ្នកនាំពាក្យយោធាប៉ាគីស្ថាន លោកឧត្តមសេនីយ៍ឯក Ahmed Sharif Chaudhry បានអះអាងថា ប៉ាគីស្ថានមិនបានវាយប្រហារអាហ្វហ្គានីស្ថានទេ។ លោកថា បើសិនប៉ាគីស្ថានបើកការវាយប្រហារ នោះខ្លួននឹងធ្វើវាដោយបើកចំហ និងត្រឹមត្រូវ។ ប៉ាគីស្ថានមិនដែលវាយប្រហារប្រជាជនស៊ីវិលទេ។ ការចោទប្រកាន់របស់រដ្ឋាភិបាលតាលីបង់អាហ្វហ្គានីស្ថាន គឺជារឿងគ្មានភស្តុតាង។

សូមរម្លឹកថា ការវាយលុកផ្លូវអាកាសដោយទម្លាក់គ្រាប់បែកចុងក្រោយនេះ បានកើតឡើងក្រោយមានករណីបំផ្ទុះគ្រាប់បែកអត្តឃាត កាលពីថ្ងៃចន្ទ បានសម្លាប់មន្ត្រី៣នាក់ និងរបួស១១នាក់នៅឯទីស្នាក់ការកណ្តាលនៃកងកម្លាំងសន្តិសុខសហព័ន្ធប៉ាគីស្ថានក្នុងទីក្រុងPeshawar។

មកទល់ពេលនេះ គ្មានក្រុមសកម្មប្រយុទ្ធណាមួយចេញមុខអះអាងទទួលខុសត្រូវនោះទេ ប៉ុន្តែទូរទស្សន៍រដ្ឋ PTV បានរាយការណ៍ថា អ្នកវាយប្រហារគឺជាជនជាតិអាហ្វហ្គានីស្ថាន៕

ប្រភព ៖ AFP ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner