សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ផ្លូវជាតិលេខ១០ នឹងក្លាយជាចរន្តបម្រើដល់សេដ្ឋកិច្ចរវាងខេត្តព្រៃភ្នំ និងខេត្តសមុទ្រ
ភ្នំពេញ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានចាត់ទុកផ្លូវជាតិលេខ១០ នឹងក្លាយជាចរន្តបម្រើដល់សេដ្ឋកិច្ច និងការតភ្ជាប់តាមបណ្តាទិសទេសចរណ៍ រវាងខេត្តព្រៃភ្នំ និងខេត្តសមុទ្រ ។ នេះបើយោងតាមបណ្ដាញសង្គមសម្ដេចធិបតីកាលពីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ផ្លូវជាតិលេខ១០ ជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយខ្សែដ៏មានសារសំខាន់តភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ខេត្តពោធិ៍សាត់ ក្នុងភូមិសាស្ត្រឃុំប្រមោយ និងឃុំអូរសោម ស្រុកវាលវែង រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង មាន ប្រវែងជាង ១៩៧គីឡូម៉ែត្រ។ ផ្លូវជាតិមួយខ្សែនេះ នឹងក្លាយជាចរន្តបម្រើដល់សេដ្ឋកិច្ចខេត្តទាំងពីរផង និងជាប្រភពនៃការតភ្ជាប់តាមបណ្តាទិសទេសចរណ៍ផង ដែលនឹងក្លាយជាជម្រើសបន្ថែមសម្រាប់អ្នកទេសចរណ៍ក្នុងការធ្វើដំណើរកម្សាន្តនៃខេត្តព្រៃភ្នំ និងខេត្តសមុទ្រ។ សម្ដេចធិបតីបញ្ជាក់ថា នេះជាការបំពេញយ៉ាងសំខាន់នៃយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋភិបាលនីតិកាលទី៧ សំដៅពង្រឹងសរសៃឈាមសេដ្ឋកិច្ច បង្កើនចរន្តដឹកជញ្ជូន បង្កើតឱកាស សម្រាប់អ្នកវិនិយោគ និងប្រជាជន ។
គួរជម្រាបថា ផ្លូវជាតិតភ្ជាប់ខេត្តពាយ័ព្យ ទៅកាន់ខេត្តភាគនិរតី នៃប្រទេសកម្ពុជាមួយខ្សែនេះ បានឆ្លងកាត់តំបន់ភ្នំខ្ពស់ទាបជ្រោះជ្រងជ្រលងដងអូរស្ទឹង ព្រៃព្រឹក្សាខ្ពស់ទាបដ៏ខៀវស្រងាត់។ ព្រមជាមួយគ្នានេះ ក៏មានស្ពានដែលខ្ពស់ជាងគេ ភ្ជាប់កំពូលភ្នំពីម្ខាងទៅម្ខាង បង្កើតបានផ្ទាំងទស្សនីយភាពធម្មជាតិកាន់តែទាក់ទាញ ។
គួរបញ្ជាក់ថា ផ្លូវជាតិលេខ១០ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) មានប្រវែងផ្លូវ សរុប១៩៧,៣៦ គីឡូម៉ែត្រ និងទទឹង ៩ម៉ែត្រ ។គម្រោងសាងសង់ផ្លូវនេះបានបើកការដ្ឋានសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ។ផ្លូវមានទទឹងតួផ្លូវ៩ម៉ែត្រ និងសាងសង់ស្ពានចំនួន២៨កន្លែង ក្នុងនោះមានស្ពានខ្ពស់ជាងគេមួយ កម្ពស់៧៥ម៉ែត្រ បណ្តោយ ៥៣០ម៉ែត្រ និងទទឹង ១០ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ របស់អ្នកទេសចរ និងការដឹកជញ្ជូនទំនិញភ្ជាប់ទៅកាន់ច្រកទ្វារព្រំដែន ភាគខាងលិចប្រទេសកម្ពុជា និងប៉ូលសេដ្ឋកិច្ចនានា ។
គម្រោងសាងសង់ផ្លូវនេះមានរយៈពេល ៦៦ខែ ដោយបានចាប់ផ្ដើមសាងសង់ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ហើយបញ្ចប់នាខែមិថុនា ឆ្នាំ២០២៥ ។ សមិទ្ធផលនេះរាជរដ្ឋាភិបាលបន្ថែមខ្ទង់ចំណាយ ៥៧លានដុល្លារទៀត លើគម្រោងចាស់ដែលមានចំនួន១៨៨លានដុល្លារអាម៉េរិក ក្រោមហិរញ្ញប្បទានពីប្រទេសចិន និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ចៀសពីការពុះកាត់ភ្នំក្រវាញជាពីរផ្នែក ដែលធ្វើឱ្យខូចខាតប្រព័ន្ធបរិស្ថាន និងទីជម្រករបស់ពពួកសត្វព្រៃ ខណៈបច្ចុប្បន្នព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ ត្រូវបានទាញយកចំណូលពីការលក់ឥណទានកាបូន ៕





ដោយ៖ វណ្ណលុក