កម្ពុជា-កូរ៉េ បន្តការជ្រើសរើសពលកររដូវកាល ពីកម្ពុជា ទៅធ្វើការនៅប្រទេស កូរ៉េ
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស្រុកហុងឆុន នៃសាធារណរដ្ឋកូរ៉េ ចុះអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីផ្តល់ឱកាសការងារជូនពលរដ្ឋកម្ពុជាដែលមានបំណងទៅធ្វើការជាពលកររដូវកាលនៅកូរ៉េ ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើរវាង ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ស៊ីន យ៉ុងជេ អភិបាលស្រុកហុងឆុន ខេត្តកាំងវ៉ុនដូ នៃសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណដល់កូរ៉េចំពោះការទទួលយកពលករពីកម្ពុជា និងស្នើឱ្យរដ្ឋបាលស្រុកហុងឆុនទទួលយកពលករកម្ពុជាឱ្យបានច្រើននាពេលខាងមុខ។ ហើយកម្ពុជា នឹងបន្តកិច្ចសហប្រតិបត្តិការល្អ លើការជ្រើសរើសពលករប្រកបដោយគុណភាព ស្របតាមតម្រូវការរបស់ស្រុកហុងឆុន។
លោក ស៊ីន យ៉ុងជេ បានគូសបញ្ជាក់ជូនថា ស្រុកហុងឆុន មានតម្រូវការកម្លាំងពលកម្មដែលជាពលកររដូវកាលបរទេសជាង ១ ៥០០នាក់ ជារៀងរាល់ឆ្នាំ និងបានថ្លែងអំណរគុណចំពោះ ឯកឧត្តមរដ្ឋមន្ត្រី សម្រាប់កិច្ចសហការប្រកបដោយទំនុកចិត្តរបស់ក្រសួង។
សូមបញ្ជាក់ថា រាល់ការបញ្ជូនពលករកម្ពុជាតាមកម្មវិធីពលកររដូវកាលបរទេសទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ គឺត្រូវឆ្លងកាត់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតែមួយគត់ ដើម្បីធានានូវការទៅធ្វើការដោយស្របច្បាប់ និងទទួលបានការគាំពារសិទ្ធិរបស់ពលករ៕








ដោយ ៖ ង៉ាន់ ទិត្យ