ក្រសួងបរិស្ថាន និង EU ជំរុញការគ្រប់គ្រង​សំណល់​ប្លាស្ទិក តាមរយៈគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន និង ឯកអគ្គរដ្ឋទូតសហភាព​អឺរ៉ុប​ប្រចាំកម្ពុជា រួមគ្នាបើកកិច្ចប្រជុំលើកទី១ គណៈកម្ម​ការ​ដឹកនាំតម្រង់ទិសគម្រោងប្លាស្ទិកឆ្លាតវៃកម្ពុជា កាល​ពី​រសៀលថ្ងៃ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលបំ​ណ​ងពិនិត្យ និងអនុម័តលើផែនការសកម្មភាព និងផែន​ការ​ថវិកាក្នុងឆ្នាំ២០២៦ របស់គម្រោងប្លាស្ទិកឆ្លាតវៃ​កម្ពុ​ជា និងបង្ហាញពីទិដ្ឋភាពទូទៅរបស់គម្រោងផងដែរ​។

លោក អ៊ីហ្គោរ៍ ឌ្រីសម៉ាន់ (Igor DRIESMANS) ឯក​អគ្គ​​រដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានកោត​សរសើរ និងសាទរចំពោះកិច្ចខិតខំប្រឹងប្រែង​របស់​ក្រសួង​បរិ​ស្ថា​ន ក្នុងការពង្រឹងការគ្រប់គ្រង​សំណល់​ប្លាស្ទិក និង មីក្រូ​ប្លាស្ទិក។ ជាមួយគ្នានេះ សហភាព​អឺរ៉ុប​នឹងចូលរួម​ពង្រឹ​ង​ការគ្រប់គ្រង ការកែច្នៃ និងការ​ទាក់ទាញការវិនិយោគ​បន្ថែមទៀត ដើម្បីលើកកម្ពស់​ភាពស្អាតនៅកម្ពុជា។

ស្របនឹងការលើកឡើងនេះ ឯកឧត្តមរដ្ឋមន្ត្រី អ៊ាង សុផ​ល្លែ​ត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណ សហ​​ភាពអឺរ៉ុប ក្នុងការគាំទ្រ និងសហការយ៉ាងជិតស្និត​ជាមួយក្រសួងបរិស្ថាន ដើម្បីដោះស្រាយសំណល់ប្លា​ស្ទិក ដែលជាក្តីកង្វល់របស់ពិភពលោកដោយ​មិនចំពោះ​តែកម្ពុជា និងតំបន់នោះទេ។ ជាក់ស្តែងការប្រយុទ្ធប្រ​ឆាំង​សំណល់ សំរាមប្លាស្ទិកនេះក្រសួងបានដាក់ចេញ​នូវយុទ្ធសាស្រ្តជាជំហានៗ រាប់ចាប់តាំងពីយុទ្ធនាការបន្ត​រហូតមកដល់ចលនា ដោយផ្តើមចេញពីការប្តេជ្ញាចិត្ត​របស់​ប្រជាពលរដ្ឋប្រមាណជាង ១៤លាននាក់ នៅក្នុង​យុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” និងប្រ​មា​ណ​ជាង ៧លាននាក់នៅក្នុងយុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” និង “ផ្លូវជាតិស្អាត គ្មានសំរាម និងសំណល់​ប្លាស្ទិក” ដែលទទួលបានភាពស្អាតប្រមាណជាង ៨០​ភាគរយ។

លើសពីនេះរដ្ឋមន្រ្តី ក្រសួងបរិស្ថានក៏បានលើកឡើង​អំពីការ​ដាក់ចេញនូវយន្តការ និងដំណោះស្រាយជា​ច្រើន ដែលក្នុងនោះរួមមាន ការផ្តល់ជូនធុងសំរាមឱ្យ​ប្រជាពលរដ្ឋបែងចែក និងទុកដាក់សំរាម ជាពិសេសការ​រៀបចំឱ្យមានទីលានទុកដាក់សំរាមឱ្យត្រឹមត្រូវ និងសម​ស្របតាមលក្ខណៈបច្ចេកទេស ដែលជាការការពារដល់​សុខមាលភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ជាមួយគ្នា​នេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍​ដល់អង្គការដៃគូសូមចូលរួមជាមួយក្រសួងបរិស្ថាន ដើម្បីឆ្ពោះទៅការគ្រប់គ្រងសំណល់ប្លាស្ទិកដ៏ប្រសើរ ដែលស្របទៅនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានដែលមាន ភាពស្អាត ភាពបៃតង និងចីរភាព៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner