វៀតណាមស្លាប់ឬបាត់ខ្លួនជាង៤០០នាក់, ខូចខាតជាង៣ពាន់លានដុល្លារ ព្រោះគ្រោះធម្មជាតិ ឆ្នាំនេះ
ហាណូយ ៖ សម្រាប់ឆ្នាំ២០២៥នេះ គ្រោះធម្មជាតិនៅប្រទេសវៀតណាម បានបណ្តាលឲ្យមនុស្សជាង៤០០នាក់បានស្លាប់ ឬ បាត់ខ្លួន និង ខាតបង់សេដ្ឋកិច្ច ច្រើនជាង៣ពាន់លានដុល្លារអាមេរិក នេះបើយោងតាមសារព័ត៌មានវៀតណាម ចេញផ្សាយ នៅថ្ងៃពុធនេះ។
ទីភ្នាក់ងារព័ត៌មាន VNexpress បានឲ្យដឹងថា គ្រោះមហន្តរាយធម្មជាតិជាបន្តបន្ទាប់ និងធ្ងន់ធ្ងរ ដែលបានវាយប្រហារប្រទេសវៀតណាម ចាប់តាំងពីដើមឆ្នាំនេះ បានបណ្តាលឲ្យមនុស្សចំនួន ៤០៩ នាក់ស្លាប់ ឬ បាត់ខ្លួន និង ៧២៧ នាក់ផ្សេងទៀតបានរងរបួស ដោយមានការខាតបង់ផ្នែកសេដ្ឋកិច្ចជាង ៨៥ ពាន់ពាន់លានដុង ស្មើនឹង ៣.២ ពាន់លានដុល្លារអាមេរិក។
ផ្អែកតាមប្រភពដដែល, គ្រោះមហន្តរាយបានបណ្តាលឱ្យផ្ទះ ចំនួន៣៣ម៉ឺន៧ពាន់២៩៧ខ្នងត្រូវបានដួលរលំ, ត្រូវបានទឹកហូរ, ខូចខាត, ឬ បាត់បង់ដំបូល។ ក្រៅពីនេះ ដំណាំស្រូវចំនួន ៥៥ម៉ឺន៣ពាន់៤១៧ហិកតា និងដំណាំផ្សេងៗទៀតចំនួន ៣៧ម៉ឺន៦ពាន់៧៩២ហិកតា ត្រូវបានជន់លិច និង ខូចខាត។
ព្យុះចំនួន ១៤ និង ព្យុះត្រូពិចចំនួន ៥ ហើយ ដែលបានកើតមានឡើង នៅប្រទេសវៀតណាម ក្នុងឆ្នាំ២០២៥។ នេះបើតាមលោក Nguyen Ton Quan មន្ត្រីជំនាញនៃអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងទំនប់ទឹកវៀតណាម ដែលបានថ្លែងអំឡុងវេទិកាស្ដីពីការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ស្តីពីការព្យាករណ៍គ្រោះមហន្តរាយ និងការព្រមានជាមុន កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា។
ចុងក្រោយនេះ ទឹកជំនន់ធ្ងន់ធ្ងរជាច្រើនថ្ងៃ នៅទូទាំងតំបន់កណ្តាលប្រទេសវៀតណាម បានបណ្តាលឲ្យនមនុស្ស យ៉ាងតិច ៩០នាក់បានស្លាប់ គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត
