សភាប្រជាជនចិន នឹងជំរុញអ្នកវិនិយោគ និងទេសចរ ពីខេត្តស៊ីចាង មកកាន់កម្ពុជាឱ្យបានច្រើនថែមទៀត
(ភ្នំពេញ)៖ ក្នុងឱកាសចូលជួបពិភាក្សាការងារជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ឯកឧត្តម ជៀន ធាន (JIANCAN) អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាប្រជាជននៃតំបន់ស្វយ័តស៊ីចាង សាធារណរដ្ឋប្រជាមានិតចិន បានសន្យាថា នឹងជំរុញអ្នកវិនិយោគ និងអ្នកទេសចរពីខេត្តស៊ីចាង មកកាន់កម្ពុជាឱ្យបានច្រើនបន្ថែមទៀត។
សម្តេចប្រធានរដ្ឋសភា បានអរគុណចំពោះការសន្យារបស់ឯកឧត្តមប្រធានគណៈប្រតិភូ ដោយបានគូសបញ្ជាក់ថា ឆ្នាំ២០២៥ បានកំណត់ថាជាឆ្នាំ ”ទេសចរណ៍កម្ពុជា-ចិន” ។ វិស័យទេចរណ៍ជាសសរស្តម្ភសំខាន់មួយទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា។
រាជរដ្ឋាភិបាលកម្ពុជាបានកំពុងយកចិត្តទុកដាក់ជាខ្លាំងក្នុងការអភិវឌ្ឍវិស័យទេសចរណ៍។ កម្ពុជាមានប្រាង្គប្រាសាទរាប់ពាន់នៅទូទាំងប្រទេស មានរមណីយដ្ឋានធម្មជាតិ និងប្រវត្តិសាស្ត្រ ប្រកបដោយសក្ដានុពលមិនខុសពីខេត្តស៊ីចាងដែលល្បីល្បាញខាងវិស័យទេសចរណ៍ធម្មជាតិនោះដែរ។
សម្តេចរដ្ឋសភាធិបតី បានចាត់ទុក ដំណើរទស្សនកិច្ចនាពេលនេះ ពិតជាមានសារៈសំខាន់ បានបំពេញបន្ថែមដល់ចំណងមិត្តភាពដែកថែប ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី គ្រប់រដូវកាល ។
សម្តេចប្រធានរដ្ឋសភា បន្តថា ទំនាក់ទំនងស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរ បានឈានដល់កម្រិតថ្មីមួយ បន្ទាប់ពីរដ្ឋសភាទាំងពីរ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀមស្តីពីកិច្ចសហប្រតិបត្តិការ និងការចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋានដ្ឋសភាប្រទេសទាំងពីរ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ។
ឯកឧត្តម ជៀន ធាន បានថ្លែងការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស និងស្រស់បំព្រងរបស់កម្ពុជា ដែលពោពេញដោយសក្តានុពលសេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍។
ឯកឧត្តម ជៀន ធាន បានគោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចនៅ ខេត្តស៊ីចាង តាមពេលវេលាសមស្របណាមួយ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានទទួលយកការអញ្ជើញនេះ ព្រមបានថ្លែងអំណរគុណដល់ប្រទេសចិន ដែលតែងតែជួយគាំទ្រដល់ការអភិវឌ្ឍន៍របស់កម្ពុជា រហូតមក ដូចជា ការគាំទ្រការកសាងគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាយុទ្ធសាស្ត្រធារាសាស្ត្រដ៏មានឥទ្ធិពល និងប្រវត្តិសាស្ត្ររបស់កម្ពុជា។
សម្តេចក៏បានអរគុណមិត្តចិនដែលមានជំហម៉ឺងម៉ាត់ និងច្បាស់លាស់ចំពោះជម្លោះព្រំដែនកម្ពុជា និងថៃ។ សម្តេចបានបញ្ជាក់ថា ជំហរមិត្តចិន ស្របនឹងនយោបាយកម្ពុជា ដែលស្រឡាញ់សន្តិភាព ស្វែងរកការដោះស្រាយបញ្ហាដោយសន្តិវិធី ផ្អែកលើធម្មនុញ្ញអង្គការសហប្រជាតិ ធម្មនុញ្ញអាស៊ាន និងយន្តការទ្វេរភាគី ។ គោលជំហរកម្ពុជាស្ងាត់តែមិននៅស្ងៀម ៕







រូបភាព ៖ ថេត វិចិត្រ
អត្ថបទ ៖ ហេង សម្បត្តិ