ក្រសួងឧស្សាហកម្ម កំណត់ផលិតផលអាទិភាពក្នុងអនុ​វិស័យ​​ចំនួន ៧ ដែលផ្តល់ឱកាសទីផ្សារភ្លាមៗ

(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម បានកំណត់ផលិតផល​អាទិ​ភាពក្នុងអនុវិស័យចំនួន៧ ដែលផ្តល់ឱកាសទីផ្សារ​ភ្លាមៗ និងភាពពាក់ព័ន្ធជាយុទ្ធសាស្រ្តសម្រាប់ការ​ពង្រឹ​ង​ខ្សែច្រវាក់តម្លៃក្នុងស្រុក និងឧស្សាហកម្មប្រតិគមន៍ របស់​កម្ពុជា ដែលរួមមានអនុវិស័យវាយនភ័ណ្ឌ, អាហារ និងភេសជ្ជៈ, កៅស៊ូ និងផ្លាស្ទិក, កម្មន្តសាលគីមី និង​ផលិត​ផលប្រើប្រាស់ប្រចាំថ្ងៃ, កម្មន្តសាលគ្រឿងបង្គំ​យាន​យន្ត និងអេឡិចត្រូនិច, ការវេចខ្ចប់ និងផ្លាក​សញ្ញា​, និងគ្រឿងសង្ហារឹម។

ប្រសាសន៍ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួង​ឧស្សា​ហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងរៀប​ចំ​វេទិកាបង្ហាញសក្តានុពលអាជីវកម្ម និងឧស្សាហកម្មគាំ​ទ្រ​លើកទី១ ដោយផ្តោតលើសារៈសំខាន់​នៃការ​កសាង​ខ្សែច្រវាក់ផលិតកម្មក្នុងស្រុកឱ្យកាន់តែរឹងមាំ និងលើក​កម្ពស់​សមត្ថភាពសហគ្រាសធុនតូច និងមធ្យមក្នុង​ស្រុក​​ឱ្យក្លាយជាកម្លាំងជំរុញបរិវត្តកម្មឧស្សាហកម្ម។វេទិកានេះបានប្រមូលផ្តុំអ្នកវិនិយោគសក្តានុពល មក​ពីសមាគមឧកញ៉ាកម្ពុជា អ្នកដឹកនាំឧស្សាហកម្ម ក្រុម​ហ៊ុន​ពហុជាតិ សហគ្រាសផលិតក្នុងស្រុកដែល​មាន​សក្តា​នុពល ដៃគូអភិវឌ្ឍន៍ និងអ្នករៀបចំគោលនយោ​បាយ​ប្រមាណ ២៥០នាក់។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា៖ “កម្ពុជានៅមាន​សក្តា​នុ​ពល​ច្រើន ប៉ុន្តែប្រព័ន្ធអេកូឡូស៊ីយើង​មិនទាន់ជា​ខ្សែច្រ​វាក់​ដែលប្រទាក់ក្រឡាគ្នាពេញលេញ និងកង់ច្រវាក់ខ្លះ​ពុំទាន់មានការអភិវឌ្ឍជ្រោមជ្រែងឱ្យបានរឹងមាំ។ កង្វះ​ទិន្ន​ន័យ ព័ត៌មាន និងការយល់ដឹងអំពីសក្តានុពល​រវាង​គ្នា ធ្វើឱ្យយើងខកខានមិនទាន់បានប្រែក្លាយឱកាស និង​សក្តានុពល ទៅជាផលប្រយោជន៍ជាក់ស្តែង។”

ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី បានលើកឡើងថា ៖ “សហ​គ្រាស​ធុនតូច និងមធ្យមបានដើរតួនាទីយ៉ាង​សំខាន់ក្នុងការជំរុញពិពិធកម្មសេដ្ឋកិច្ច បង្កើតការងារ អភិវឌ្ឍជំនាញឯកទេសនិងបច្ចេកទេស សហគ្រិនភាព និងការច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗ ដើម្បីធានាបាននូវការ​ទ្រទ្រង់កំណើនសេដ្ឋកិច្ចប្រកបដោយជវភាព។”

គួរបញ្ជាក់ថា វេទិកានេះបានពិភាក្សាលើសរសរ​ស្តម្ភ​ចំនួន​បី គឺ ការកំណត់យថាប្រភេទអាជីវកម្មកំពុង​លូត​លាស់ និងមានសក្តានុពលខ្ពស់, ការបង្កើតខ្សែច្រវាក់​តភ្ជាប់រវាងការផ្គត់ផ្គង់ និងតម្រូវការ ទាំងក្នុងស្រុក បង្គ្រប់​ការនាំចូល ជំនួសការនាំចូល និងបង្កើន​ការនាំ​ចេញ, និងការពង្រឹងបរិយាកាសអំណោយផល​សម្រាប់​សក្តានុពលអាជីវកម្ម និងឧស្សាហកម្មគាំទ្រនៅកម្ពុជា។

តាមរយៈវេទិកានេះ ក្រសួងមានគោលបំណងកៀរគរ​ការ​​វិនិយោគក្នុងស្រុក នៅក្នុងអនុវិស័យសក្តានុពល​ទាំង៧, ពង្រឹងការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់រវាង​សហគ្រា​ស​ធុនតូចនិងមធ្យម ជាមួយនឹងរោងចក្រធុនធំ និង​ឧស្សា​ហកម្ម, លើកកម្ពស់សមត្ថភាព និងគុណ​ភាព​ផលិត​ផល តាមរយៈការចាប់យកបច្ចេកវិទ្យា គ្រឿងម៉ា​ស៊ីន ឌីជីថលភាវូបនីយកម្ម, ជំរុញការអនុវត្តតាម​ស្តង់​ដារជាតិ និងអន្តរជាតិ ដូចជា ISO, GMP និង GHP, ព្រមទាំងលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក និងពង្រីកការនាំចេញរបស់សហគ្រាស កម្ពុជា៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner