មន្ទីរបញ្ចកោណស្នើដាក់ក្រុមហ៊ុនយក្សចិន ៣ បន្ថែមទៀតក្នុងបញ្ជីលួចផ្តល់ជំនួយដល់យោធា ចិន
វ៉ាស៊ីនតោន ៖ មន្ទីរបញ្ចកោណបានស្នើសភាអាមេរិកដាក់បន្ថែមក្រុមហ៊ុនខ្នាតយក្សចិនចំនួន ៣ បន្ថែមទៀត ដូចជាក្រុមហ៊ុន Alibaba Group, ក្រុមហ៊ុន Baidu និងក្រុមហ៊ុន BYD ចូលទៅក្នុងបញ្ជីក្រុមហ៊ុនផ្តល់ជំនួយដល់យោធាចិន ។
បើតាមកាសែត Bloomberg ចេញផ្សាយកាលពីថ្ងៃពុធ, សំណើនេះធ្វើឡើងដោយអនុរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Stephen Feinberg ពោលរយៈពេល ៣ សប្តាហ៍ មុនពេលលោកប្រធានាធិបតីអាមេរិក Donald Trump និងប្រធានាធិបតីចិនលោក Xi Jinping យល់ព្រមផ្អាកសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសមហាអំណាចពិភពលោកទាំងពីរ ។
ឆ្លើយតបនឹងបញ្ហានេះ ក្រុមហ៊ុន Alibaba បញ្ជាក់ថា ការបញ្ជូលឈ្មោះរបស់ខ្លួនទៅក្នុងបញ្ជីនេះ គឺគ្មានមូលដ្ឋាន ហើយថា ខ្លួនមិនមែនជាក្រុមហ៊ុនយោធាចិន ឬជាផ្នែកនៃយុទ្ធសាស្ត្ររួមបញ្ចូលគ្នារវាងយោធា និងស៊ីវិលនោះទេ ។
ចំណែកក្រុមហ៊ុន Baidu និង BYD មិនទាន់ឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាប្បាយរបស់កាសែតរ៉យទ័រនៅឡើយទេ ។
ក្រៅពីក្រុមហ៊ុនធំទាំង ៣ នេះ អនុរដ្ឋមន្ត្រីការពារជាតិអាមេរិកវ័យ ៦៥ ឆ្នាំរូបនេះ ក៏បានផ្តល់អនុសាសន៍ឱ្យមន្ទីរបញ្ចកោណ ពិចារណាដាក់បន្ថែមក្រុមហ៊ុនចិនចំនួន ៥ ផ្សេងទៀត ចូលទៅក្នុងបញ្ជីខ្មៅលេខ 1260H ផងដែរ ។
ក្រុមហ៊ុនទាំងនោះ រួមមាន ក្រុមហ៊ុន Eoptolink Technology, ក្រុមហ៊ុន Hua Hong Semiconductor, ក្រុមហ៊ុន RoboSense Technology, ក្រុមហ៊ុន WuXi AppTec និងក្រុមហ៊ុន Zhongji Innolight ជាដើម ។
បញ្ជីខ្មៅលេខ 1260H គឺជាបញ្ជីផ្លូវការដែលអាមេរិកប្រើដើម្បីកំណត់ក្រុមហ៊ុនចិន ដែលត្រូវបានចោទថា មានការផ្តល់ជំនួយ ឬទំនាក់ទំនងជាមួយយោធាចិន ។
បញ្ជីខ្មៅលេខ 1260H ត្រូវបានប្រើជាឧបករណ៍សំខាន់មួយក្នុងការត្រួតពិនិត្យក្រុមហ៊ុនចិន ដែលអាចចូលរួមក្នុងបច្ចេកវិទ្យាយោធា ឬសហការតាមរយៈបច្ចេកវិទ្យា ។ បើតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយបំផុតកាលពីខែមករា, ក្រុមហ៊ុនចំនួន ១៣៤ មានឈ្មោះនៅក្នុងបញ្ជី 1260H រួមមានទាំងក្រុមហ៊ុនចិន Tencent និង CATL ផងដែរ ៕
ប្រភព ៖ The straits times ប្រែសម្រួល ៖ ឈឹម ទីណា
