មេធំកំពូលអ៊ីរ៉ង់ ថា អាមេរិកគ្មានតម្លៃ ត្រូវធ្វើកិច្ចសហការជាមួយ
តេហេរ៉ង់ ៖ មេធំកំពូលរបស់ប្រទេសអ៊ីរ៉ង់ បានអះអាង កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលអាមេរិក បច្ចុប្បន្ននេះ គ្មានតម្លៃអ្វី ដែលត្រូវឲ្យសាធារណរដ្ឋឥស្លាមមួយនេះ ធ្វើកិច្ចសហប្រតិបត្តិការជាមួយនោះទេ។
ថ្លែងអំឡុងសុន្ទរកថា តាមទូរទស្សន៍ ដើម្បីបដិសេធពាក្យចចាមអារ៉ាម ដែលថា អ៊ីរ៉ង់បានផ្ញើសារទៅកាន់ទីក្រុងវ៉ាស៊ីនតោន, លោក អាយ៉ាតូឡាដ អាលី ខាមេណេ (Ayatollah Ali Khamenei) បានលើកឡើងថា «រដ្ឋបាលរបស់លោកTrump “មិនសក្តិសម” ក្នុងការទំនាក់ទំនង ឬ កិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋអ៊ីស្លាម, រដ្ឋាភិបាលបែបនេះ មិនសមនឹងត្រូវចូល ទៅជិតនោះទេ»។
ការថ្លែងរបស់មេធំ លំដាប់ផុតលេខ របស់អ៊ីរ៉ងនេះ ក៏ធ្វើឡើង ក្នុងឱកាសនៃថ្ងៃបុណ្យជាតិ អបអរដល់កងកម្លាំង Basij ដែលជាកម្លាំងប៉ារ៉ាមួយ ស្ថិតក្រោមកងឆ្មាំបដិវត្តន៍អ៊ីស្លាម។
លោក ខាមេណេ បាននិយាយ រម្លឹកទៀតថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានបរាជ័យ “ក្នុងការសម្រេចបាននូវគោលបំណងណាមួយ” ក្នុងអំឡុងពេលសង្រ្គាម ១២ ថ្ងៃ រវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កាលពីខែមិថុនា។ តែ លោកបានសរសើរ “ការរួបរួមជាសាធារណៈ” របស់អ៊ីរ៉ង់ ក្នុងអំឡុងសង្គ្រាម ដោយលោកបានបន្ថែមថា ការរួបរួមនេះត្រូវតែរក្សាទុកនិងឲ្យតម្លៃ។
មន្ទីរបញ្ចកោណរបស់អាមេរិកបាននិយាយថា ការវាយប្រហារ កាលពីខែមិថុនា បានពន្យារពេលកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ចន្លោះពីមួយ ទៅពីរឆ្នាំ ដោយអះអាងថា រងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។ តែ មេធំកំពូលអ៊ីរ៉ង់ រូបនេះ ធ្លាប់ប្រកាសផ្តាំទៅអាមេរិកវិញថា បន្ត សុបិន ទៀតចុះ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
