គ្រប់គ្រងការបំពុលតំបន់ទឹកសាធារណៈ ចាំបាច់មាន​ការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ

(ខេត្តកណ្តាល)៖ ការចូលរួមគ្រប់គ្រង និងការពារបរិ​ស្ថាន ត្រូវការចាំពីការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ​ទាំង​អស់។ ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលមានសក្តា​នុពលប្រភពបំពុល ដូចជាប្រភេទបោកគក់ ជ្រលក់ពណ៌ ជាដើមត្រូវបំពាក់ឧបករណ៍ចម្រោះទឹកកខ្វក់ និងឧបករ​ណ៍​តាមដានគុណភាពទឹក តាមច្បាប់បរិស្ថាន ដើម្បីធា​នា​បានការបញ្ចេញសំណល់រាវចេញពីទីតាំងផលិតកម្ម មិនបង្កឱ្យមានការបំពុលតំបន់សាធារណៈ និងធ្វើឱ្យប៉ះ​ពាល់សុខភាពមនុស្ស និងបរិស្ថាន។

អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តម ខ្វៃ អាទិត្យា បាន​ឱ្យ​ដឹងថា ក្រសួងបរិស្ថានបានអនុវត្តច្បាប់តម្រូវ​ឱ្យក្រុម​ហ៊ុនបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់​គ្រងទិន្នន័យការបញ្ចេញសំណល់រាវ នៅតាមរោងចក្រ-សហគ្រាស នៅរាជធានី-ខេត្ត គិតត្រឹមខែតុលា ឆ្នាំ២០២៥ មានរោងចក្រចំនួន៦១ បានចុះកិច្ចសន្យា​បំពាក់ឧបករណ៍រួច ក្នុងនោះមាន ក្រុមហ៊ុន រោងចក្រ និងសហគ្រាស ចំនួន ៤៩ទីតាំង បានបំពាក់ឧបករណ៍​ស្វ័យត្រួតពិនិត្យរួចរាល់ ។ ប្រជាពលរដ្ឋរស់នៅតំបន់​ក្បែរ​រោងចក្រសហគ្រាស ដែលធ្លាប់រងការបំពុល ដោយ​សារការបញ្ចេញសំណល់រាវ បានលើឡើងពីការគាំទ្រឱ្យ​មានការទប់ស្កាត់ជាប្រចាំការបញ្ចេញសំណល់រាវ ដែល​អាច​បំពុលតំបន់ទឹកប្រើប្រាស់ និងការរស់នៅរបស់​ប្រ​ជា​ពលរដ្ឋនៅតាមមូលដ្ឋាន ។

ការគ្រប់គ្រងសំណល់រាវចេញពីរោងចក្រសហគ្រាស អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រសួង​បរិ​ស្ថានបានដំណើរការស្ថានីយស្វ័យប្រវត្តិចំនួន១ស្ថានីយ សម្រាប់តាមដានគុណភាពទឹក ២៤ម៉ោង នៅទន្លេ​ចតុ​មុខរាជធានីភ្នំពេញ និងមានក្រុមការងារតាមដាន​គុណ​ភាពទឹកសាធារណៈ (ទន្លេ ស្ទឹង បឹង ព្រែក និងសមុទ្រ) ចំនួន ៦៣ទីតាំង នៅទូទាំងប្រទេស ព្រមទាំងបានយក​សំណាកទឹករៀងរាល់ខែមកវិភាគនៅមន្ទីរពិសោធន៍។ តាមលទ្ធផល និងការវាយតម្លៃសន្ទស្សន៍គុណភាពទឹក បង្ហាញថា គុណភាពទឹកសាធារណៈស្ថិតក្នុង​ចំណាត់​ថ្នាក់ល្អណាស់ ល្អ និងមធ្យម ពុំមានអ្វីប្រែប្រួល ឬ បង្ក​ការ​បំពុលគួរឱ្យកត់សម្គាល់នោះទេ។

សូមបញ្ជាក់ថា ការងារបរិស្ថានជាការងារពហុវិស័យ និង​មាន​តម្លៃជាសកល។ ស្របតាមយុទ្ធសាស្ត្រចក្រា​វិស័យ​បរិស្ថាន បង្កើតឡើងអនុឡោមតាមយុទ្ធសាស្រ្ត​បញ្ច​កោ​ណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិ​កាល​ទី៧ នៃរដ្ឋសភា ក្រសួងបរិស្ថានបាន និងកំពុង​យក​ចិត្តទុកដាក់ធ្វើការទប់ស្កាត់ការបំពុលបរិស្ថាន និង​ធ្វើឱ្យប្រជាពលរដ្ឋរស់នៅមានសុខភាពល្អ តាមរយៈការ​ដាក់ចេញយុទ្ធនាការនានា ដើម្បីភាពស្អាតលើដី ភាព​ស្អាត​ក្នុងទឹក និងភាពស្អាតលើមេឃ ឆ្ពោះទៅកម្ពុជា មាន​ភាពស្អាតតរហូតទៅ ៕

អត្ថបទ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner