ព្រះមហាក្សត្រសព្វព្រះទ័យយ៉ាងខ្លាំងចំពោះសាមគ្គីជាតិខ្មែរចំពោះមុខការគំរាមកំហែងពីសត្រូវឈ្លានពាន
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
បានបង្ហាញការពេញព្រះហឫទ័យយ៉ាងខ្លាំងចំពោះការឯកភាព និងសាមគ្គីភាពដ៏រឹងមាំរបស់ប្រជាជាតិកម្ពុជា ក្នុងកាលៈទេសៈ ដែលប្រទេសជាតិប្រឈមនឹងការគំរាមកំហែងចំពោះអធិបតេយ្យភាព និងបូរណភាពដែនដីពីសំណាក់សត្រូវឈ្លានពាន។
នៅក្នុងព្រះរាជសារអបអរការបើកបវេសនកាលនៃរដ្ឋសភានៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
បានបង្ហាញការពេញព្រះហឫទ័យយ៉ាងខ្លាំង ដោយបានកត់សម្គាល់ឃើញថា ប្រជាជាតិកម្ពុជាបានឯកភាពគ្នា និងសាមគ្គីគ្នាដ៏រឹងមាំ ក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជាយើងប្រឈមនឹងការគំរាមកំហែងចំពោះអធិបតេយ្យភាព និងបូរណភាពដែនដីពីសំណាក់សត្រូវឈ្លានពាន ។
ព្រះអង្គបានកោតសរសើរដល់រដ្ឋសភានីតិកាលទី៧ ដែលបានរួមសាមគ្គីជាធ្លុងមួយ ជាមួយប្រជាជាតិកម្ពុជាទាំងមូល ជាអាទិ៍រាជរដ្ឋាភិបាល ព្រមទាំងវីរៈកងទ័ពខេមរភូមិន្ទ ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្កើតបានជាកម្លាំងសរុបយ៉ាងខ្លាំងមហិមា ធានាការពារបានដោយជោគជ័យនូវបុព្វហេតុដ៏ថ្លៃថ្លានៃកម្ពុជា។
ក្នុងឱកាសនោះផងដែរ ព្រះករុណាបានផ្ញើសេចក្តីនឹករលឹកដល់វីរៈកងទ័ពដ៏អង់អាចក្លាហាន ដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តម ដើម្បីការពារឯករាជ្យជាតិ អធិបតេយ្យ និងបូរណភាពទឹកដី ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស។
នៅក្នុងព្រះរាជសារដដែលនេះ សម្តេចព្រះបរមនាថបានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានភាពប៉ិនប្រសប់ក្នុងការដឹកនាំ និងគ្រប់គ្រងសភាពការណ៍របស់ប្រទេសជាតិ ដើម្បីធានាបាននូវប្រក្រតីភាព និងបន្តការអភិវឌ្ឍ។
ព្រះអង្គសង្កេតឃើញថា ជានិច្ចកាល សម្តេចទាំទ្វេតែងរួមសុខ រួមទុក្ខជាមួយប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ ជាពិសេសក្នុងបេសកកម្មការពារអធិបតេយ្យ ឯករាជ្យ បូរណភាពទឹកដី ព្រមទាំងការពារសិទ្ធិសេរីភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋគ្រប់រូប តាមរយៈយន្តការការទូត និងច្បាប់អន្តរជាតិ។
ព្រះករុណា ព្រះមហាក្សត្រ បានសម្តែងការកោតសរសើរចំពោះស្មារតីសាមគ្គីភាពដ៏រឹងមាំរបស់ប្រជាពលរដ្ឋខ្មែរ ទាំងក្នុង និងក្រៅប្រទេស ក្នុងការការពារសន្តិភាព និងបូរណភាពទឹកដី ប្រកបដោយសេចក្តីថ្លៃថ្នូរ អហិង្សា និងការអត់ធ្មត់ខ្ពស់ ស័ក្តិសមជាប្រជាពលរដ្ឋនៃប្រទេសមួយ ដែលមានអរិយធម៌ខ្ពង់ខ្ពស់ វប្បធម៌ចំណាស់ និងមានសីលធម៌ល្អប្រពៃជាទីបំផុត។
ជាចុងក្រោយ ព្រះមហាក្សត្រកម្ពុជាបានអបអរសាទរចំពោះស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដែល បានសហការគ្នាយ៉ាងល្អក្នុងការជំរុញការអនុវត្តច្បាប់ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍជាតិ សំដៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់៕

ដោយ៖ ទឹង សុខលីម