ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សំណេះសំណាល និងចែកបណ្ណកម្មសិទ្ធិ ជូនអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ ៦អា និងគម្រោងជ្រែមួយរយ
(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជួបសំណេះសំណាល និងចែកបណ្ណកម្មសិទ្ធិ ជូន អតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ ៦អា និងគម្រោងជ្រែមួយរយ ជាលើកទី៣ ចំនួន ២៤៦៣ បណ្ណ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការ ក្រសួង ។
ឯកឧត្តម បានស្នើសុំការអធ្យាស្រ័យ និងយោគយល់ ពីសំណាក់ប្រជាពលរដ្ឋ ដែលជាអតិថិជន បុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវជាតិលេខ ៦អា និងគម្រោង ជ្រែមួយរយ ព្រោះថា ទោះខំប្រឹងប្រែងពីក្រុមការងារក្នុង ការជួយដោះស្រាយសម្របសម្រួលចេញបណ្ណកម្មសិទ្ធិយ៉ាងណាក្តី នៅតែឆ្លើយតបមិនទាន់ពេញលេញ នៅ ឡើយ ចំពោះប្រជាពលរដ្ឋ កិច្ចការនេះ ត្រូវការពេល វេលាបន្ថែមទៀត។ ក្រសួង នឹងបន្តជំរុញពន្លឿនការដោះស្រាយ សម្របសម្រួល ដើម្បីអោយពលរដ្ឋទទួលបានលំនៅឋានឆាប់រហ័ស និង បន្តជួយជ្រោមជ្រែងជានិច្ច រហូតមានចំណុចរួម សម្រាប់ភាគីទាំងសងខាង អាចទទួលយកបាន ដើម្បីប្រជាពលរដ្ឋឲ្យមានលំនៅដ្ឋានរស់នៅសមរម្យ មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ មានសុភមង្គលជួបជុំក្រុមគ្រួសារ មានប្រាក់ចំណូល និងប្រាក់សន្សំ និងមានការលំហែជាមួយក្រុមគ្រួសារ ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានស្នើដល់ប្រជាពលរដ្ឋជាអតិថិជនបុរីឡេងណាវ៉ាត្រា ក្រោយពេលទទួលបានប័ណ្ណកម្មសិទ្ធិ សហការជាមួយម្ចាស់គម្រោង និងអាជ្ញាធរមូលដ្ឋាន រៀបចំលក្ខន្តិក:នៃការរស់នៅ សន្តិសុខ សណ្តាប់ធ្នាប់ ការប្រមូលសំរាម ទឹក និងភ្លើង ធ្វើការដាំដើមឈើ ថែរក្សាអនាម័យ បរិស្ថានរស់នៅ ដើម្បីប្រែក្លាយភូមិឱ្យទៅជាភូមិឋានក្សេមក្សាន្ត និងទ្រនំសុភមង្គល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងជួយសម្របសម្រួលដល់ប្រជាពលរដ្ឋជាអតិថិជនបុរី ឡេង ណាវ៉ាត្រា ដែលមានតម្រូវការខ្ចីប្រាក់ពីធនាគារ ឱ្យពួកគាត់ទទួលបានអត្រាការប្រាក់ទាប និងទទួលបានប្រាក់កម្ចីជាប្រាក់រៀល។ ក្រសួង នឹងធ្វើការជាមួយម្ចាស់បុរី ដើម្បីធានាថា ក្រុមហ៊ុននេះ មានធនធានគ្រប់គ្រាន់សម្រាប់ចំណាយលើការសាងសង់លំនៅឋានជូនអតិថិជន ហើយអោយក្រុមហ៊ុន ឡេង ណាវ៉ាត្រា វាយតម្លៃគម្រោងជាថវិកា ត្រូវការប៉ុន្មានបន្ថែមទៀត ដើម្បីបញ្ចប់គម្រោងនេះ ងាយស្រួលដល់ក្រសួង ស្វែងរកស្ថាប័នហិរញ្ញវត្ថុធនាគារណាមួយ ជួយបញ្ចេញកញ្ចប់ហិរញ្ញវត្ថុសាងសង់ផ្ដាច់តែម្ដង និងឲ្យក្រុមហ៊ុនទូទាត់សងប្រាក់ជាមួយធនាគារ មកវិញនាពេលក្រោយ ដើម្បីកុំឱ្យអតិថិជន បុរី ឡេងណាវ៉ាត្រា ចំណាយពេលយូរក្នុងការរងចាំ ទទួលបានលំនៅដ្ឋានរបស់ខ្លួន។
សូមបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបន្តចេញវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋដែលបានទិញផ្ទះ និងដីឡូត៍ របស់គម្រោងបុរី ឡេងណាវ៉ាត្រា ៦ អា និងជ្រែមួយរយ ជាលើកទី៣ មានចំនួន ២៤៦៣ ប័ណ្ណ បន្ថែមទៀត៕








អត្ថបទ ៖ ហេង វណ្ណា
រូបភាព ៖ គ្រី សម្បត្តិ