ឯកឧត្តម សាយ សំអាល៖ វិស័យសំណង់នឹងមានភាពនវានុវត្តន៍ស្របតាមការវិវត្តនៃបច្ចេកវិទ្យាទំនើប
ក្នុងសម័យកាលនៃការរីកចម្រើនឥតឈប់ឈររបស់បច្ចេកវិទ្យាទំនើប ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI ប្រទេសកម្ពុជាត្រូវគិតគូរ និងស្វែងរកការឯកភាពគ្នាលើវិស័យសំណង់ ដើម្បីដើរឱ្យទាន់ការវិវត្តរបស់ពិភពលោក។ នៅក្នុងន័យនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំកិច្ចប្រជុំពិភាក្សាមួយលើសេចក្តីព្រាងគោលនយោបាយជាតិស្ដីពីសំណង់ និងសេចក្តីព្រាងទស្សនៈវិស័យលើវិស័យសំណង់កម្ពុជា កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ការជួបប្រជុំគ្នានាពេលនេះមានគោលបំណងស្វែងរកការឯកភាពផ្ទៃក្នុង និងប្រមូលធាតុចូលបន្ថែមទៀតនៅក្នុងការរៀបចំតាក់តែងសេចក្តីព្រាងគោលនយោបាយជាតិស្ដីពីសំណង់ និងសេចក្តីព្រាងទស្សនៈវិស័យលើវិស័យសំណង់កម្ពុជា ដើម្បីធ្វើឲ្យគោលនយោបាយក្នុងវិស័យនេះមានលក្ខណៈត្រឹមត្រូវគ្រប់ជ្រុងជ្រោយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីកត់សម្គាល់ថា សំណង់នឹងមានភាពនវានុវត្តន៍ស្របទៅតាមការវិវត្តន៍នៃសម័យកាលទំនើប ដូច្នេះការតាក់តែងសេចក្តីព្រាងគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍន៍វិស័យសំណង់កម្ពុជាក៏ត្រូវមានភាពបត់បែន និងទំនើបកម្មទៅតាមភាពជាក់ស្តែង ដែលងាយស្រួលក្នុងការអនុវត្ត ស្របតាមបរិបទនៅប្រទេសកម្ពុជាផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល និងការវិវត្តទៅមុខឥតឈប់ឈរជារៀងរាល់ថ្ងៃរបស់ពិភពលោក កម្ពុជាក៏ត្រូវស្វែងរកការឯកភាពគ្នា និងគិតគូរលើវិស័យសំណង់ឱ្យបានច្បាស់លាស់ ដោយត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ជាពិសេសលើបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត AI ដើម្បីដើរឱ្យទាន់ការវិវត្តន៍របស់ពិភពលោក និងស្របទៅតាមស្ថានភាពជាក់ស្ដែងរបស់កម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការរៀបចំគោលនយោបាយជាតិស្ដីពីសំណង់ និងទស្សនៈវិស័យលើវិស័យសំណង់កម្ពុជា ត្រូវមានលក្ខណៈត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងងាយស្រួលយកមកអនុវត្តប្រកបដោយទំនុកចិត្តនៅក្នុងប្រទេសកម្ពុជា សំដៅធានាបានថា សំណង់នៅកម្ពុជាមានសុវត្ថិភាព គុណភាព និងសោភ័នភាព ដែលជាការបើកទំព័រថ្មីនៃស្ថាបត្យកម្មខ្មែរនាសហសម័យ។ ឯកឧត្តមប្រកាន់ខ្ជាប់នូវទស្សនវិស័យថា សំណង់គឺជាវិស័យមួយ ដែលមិនត្រឹមតែផ្តោតលើការសាងសង់អាគារប៉ុណ្ណោះទេ ប៉ុន្តែជាវិស័យមានតួនាទីសំខាន់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូល និងជំរុញកំណើនសេដ្ឋកិច្ចជាតិ៕







អត្ថបទ ៖ ហេង វណ្ណា
រូបភាព ៖ គ្រី សម្បត្តិ