កម្ពុជា វៀតណាម ដាក់គោលដៅទំហំ​ពាណិជ្ជកម្ម​សម្រេ​ច​ឱ្យបាន ២០ពាន់លានដុល្លារ នៅពេលខាងមុខ

(ភ្នំពេញ)៖ កម្ពុជា និង វៀតណាម សង្ឃឹមថា គោលដៅ​ដែល​ប្រទេសទាំងពីរ ចង់សម្រេចឱ្យបាន ២០ពាន់លាន​ដុល្លារ នឹងអាចសម្រេចបាននៅពេលខាងមុខ ។ នេះជា​ការគូសបញ្ជាក់ពី ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធ​សភា ។

ក្នុងឱកាសអនុញាតិឱ្យឯកឧត្តម Bui Thanh Son ឧបនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយម​វៀត​ណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ​២០​២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកម្ពុជា និងវៀត​ណា​ម ទាំងក្របខណ្ឌរដ្ឋាភិបាល ក្របខណ្ឌស្ថាប័ន​នី​តិប្បញ្ញត្តិ និងក្របខ័ណ្ឌគណបក្ស គឺមានភាពរីកចម្រើន​គួ​រឱ្យគាត់សម្គាល់។ ជាមួយគ្នានេះ សម្ដេចតេជោ ​សោ​ក​​ស្ដាយ​ចំពោះគ្រោះមហន្តរាយធម្មជាតិ ដែល​បាន​កើត​ឡើងនៅក្នុងប្រទេសវៀតណាម បង្កឱ្យមាន​ការខូចខាត​មួយចំនួនផងដែរ ។

ឯកឧត្តម Bui Thanh Son បានវាយតម្លៃខ្ពស់​ចំពោះ​ទំនាក់ទំនងកម្ពុជា និងវៀតណាម នាពេលបច្ចុប្បន្ន ជាពិ​សេស មិនត្រឹមតែទំនាក់ទំនងក្នុងក្របខ័ណ្ឌ​រដ្ឋាភិបាល​នោះទេ ក៏ប៉ុន្តែទាំងទំនាក់ទំនងរវាងគណបក្ស និង​គណ​បក្សផងដែរ ដែលមានភាពរីកចម្រើនល្អប្រសើរ ។

ឯកឧត្តមបានរំលេចទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការមួយចំនួនរវាងកម្ពុជា និងវៀតណាម ជាពិសេសលើ​ពា​ណិជ្ជកម្ម ដែលត្រឹមតែរយៈពេល ៩ខែ ឆ្នាំ២០២៥នេះ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានជាង៩ពាន់លានដុល្លារ ។ ឯកឧត្តម ក៏បានកោតសរសើរចំពោះការ​រក្សា​បាននូវសន្តិសុខ និងកិច្ចសហប្រតិបត្តិការដ៏ល្អ​តាមព្រំ​ដែន​រវាងប្រទេសទាំងពីរ ។

សម្ដេចតេជោ ហ៊ុន សែន បានឯកភាពចំពោះការ​រក្សា​បាន​នូវសន្តិសុខតាមព្រំដែនរវាងប្រទេសទាំងពីរ ដែល​ភាគីទាំងពីរ បានដោះស្រាយជាមួយគ្នាជាច្រើន​ទាំង​កិច្ច​សហប្រតិបត្តិការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និង​វិ​ធាន​​​ការផ្សេងៗទៀត ដែលធ្វើយ៉ាងណា ឱ្យព្រំដែន នៃ ប្រទេសទាំងពីរ ជាព្រំដែនដែលមានសុខសន្តិភាព និង​ធ្វើឱ្យប្រជាជនរស់នៅកាន់តែមានភាពល្អប្រសើរ ។

សម្ដេចតេជោ ក៏បានលើកឡើងនូវការពេញចិត្តចំពោះ​ពា​ណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលមានការកើនឡើង​ជាបន្តបន្ទាប់ ហើយសង្ឃឹមថា គោលដៅដែលប្រទេស​ទាំង​ពីរ​ដែលចង់សម្រេចឱ្យបាន ២០ពាន់លាន​ដុល្លារ​នោះ នឹងអាចសម្រេចបាននៅពេលខាងមុខ ។ សម្តេច ថា គម្រោងដែលភាគីទាំងពីរ នឹងសម្ពោធច្រកព្រំដែន​អន្តរជាតិម៉ឺនជ័យជាមួយគ្នា នៅដើមខែធ្នូខាងមុខ ដែល​នេះជាសញ្ញាបង្ហាញយ៉ាងវិជ្ជមានចំពោះការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ការដឹកជញ្ជូនទំនិញ ផលិតផល​ទៅវិញទៅមករវាងប្រទេសទាំងពីរ កាន់តែមានភាព​រីក​ចម្រើន ព្រមទាំងធ្វើឱ្យវិស័យផ្សេងៗ​មានទំនាក់ទំនង​កាន់​តែល្អប្រសើរបន្ថែមទៀតរវាងប្រទេសទាំងពីរ ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ ការនាំចេញនាំចូលទំនិញ​រវាង​កម្ពុជា និងវៀតណាម មានទឹកប្រាក់សរុប ៧,៧៨ ពាន់លានដុល្លារ កើនឡើង ១៨,២%បើធៀបនឹង​ឆ្នាំ២០២៣ ។ ទំនិញកម្ពុជា នាំទៅវៀតណាម មានទឹក​ប្រាក់ ៣,៦១ពាន់លានដុល្លារ កើន ២១,៦% និងវៀត​ណាមនាំចូល ៤,១៧ ពាន់លានដុល្លារ កើន ១៥,៤%​។ នេះបើតាមទិន្នន័យកត់ត្រាដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ៕

អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner