គណៈរដ្ឋមន្ត្រី អនុម័ត លើកិច្ចព្រមព្រៀងគ្រប់​ជ្រុង​ជ្រោ​យ ស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាស

(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិប​តី​ភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអនុម័តលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់​ព្រមលើកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយស្តីពីការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងសហភាពអឺរ៉ុប និងរដ្ឋសមាជិករបស់ខ្លួន ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផល​កិច្ច​ប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

សេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា កិច្ចព្រម​ព្រៀង​នេះ មានចំនួន ៣៤មាត្រា និងភ្ជាប់ដោយ​ឧបសម្ព័ន្ធ​ចំនួន១ ដែលមាន ១៥មាត្រា ត្រូវបាន ផ្តួចផ្តើម និង​រៀបចំឡើងដោយ ស្ថាប័នទទួលបន្ទុកវិស័យ​អាកាស​ចរណ៍ស៊ីវិល នៃរដ្ឋសមាជិកសមាគមប្រជាជាតិ​អាស៊ីអា​គ្នេយ៍ និងសហភាពអឺរ៉ុប ចាប់ពីឆ្នាំ២០១៦។ តាមរយៈ​កិច្ចព្រមព្រៀងនេះ កម្ពុជាដែលជារដ្ឋសមាជិកអាស៊ាន​នឹង​ទទួលបានអត្ថប្រយោជន៍ រួមមាន (១) បង្ហាញពី​សុច្ឆន្ទៈ​ល្អនិងបង្កើនកិច្ចសហប្រតិបត្តិការ​របស់កម្ពុជា ជាមួយរដ្ឋសមាជិកអាស៊ាន និងរដ្ឋសមាជិក នៃ​សហ​ភាពអឺរ៉ុប ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ព្រមទាំង​លើក​កម្ពស់កេរ្តិ៍ឈ្មោះកម្ពុជានៅលើឆាកអន្តរជាតិ (២) ជំរុញ​ការទាក់ទាញវិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ការងារ និងផ្លាស់ប្តូរវប្បធម៌រវាងប្រជាជននិងប្រជាជននៃតំបន់ទាំងពីរ (៣) ជំរុញក្រុមហ៊ុនអាកាសចរណ៍ជាតិ និង អន្តរ​ជាតិ ដើម្បីរៀបចំផែនការហោះហើរ​របស់ខ្លួន​លើ​ដំណាក់ផ្លូវរវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋជាសមា​ជិកនៃសហភាពអឺរ៉ុប តាមរយៈជើងហោះហើរ​ដោយ​អនុវត្ត​សិទ្ធិហោះហើរទី៣ ទី៤ ទី៥ និងកិច្ចសហការ​ជើង​ហោះហើរ ក្នុងការដឹកជញ្ជូនអ្នកដំណើរ និង​ទំនិញ​តាមផ្លូវអាកាសអន្តរជាតិ (៤) បង្ហាញការធានា​បាន​សុវត្ថិ​ភាពនិងសន្តិសុខអាកាសចរណ៍កម្រិតខ្ពស់បំផុត​នៅកម្ពុជា ជាមួយនឹងប្រទេសជាដៃគូរបស់ខ្លួន (៥) ធានាបានតម្លាភាពក្នុងការប្រកួតប្រជែងស្មើភាពជូនដល់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា និងក្រុមហ៊ុនអាកាសចរណ៍មកពីតំបន់អាស៊ាននិងសហភាពអឺរ៉ុប និង(៦) បង្កើនកិច្ចសម្រួលការធ្វើដំណើរតាមផ្លូវអាកាសអន្តរជាតិប្រកបដោយសន្តិសុខ សុវត្ថិភាព ផាសុកភាព ប្រើប្រាស់រយៈពេលខ្លី និងចំណាយតិចរវាងព្រះរាជាណាចក្រកម្ពុជាជាមួយតំបន់អាស៊ាននិងតំបន់សហភាពអឺរ៉ុប។

កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ​ដ៏ធំមួយ​រវាងអាស៊ាននិងសហភាពអឺរ៉ុប សម្រាប់វិស័យ​អាកាសចរណ៍ស៊ីវិល ដើម្បីបម្រើឱ្យសេវាកម្មដឹកជញ្ជូន​តាម​ផ្លូវអាកាសអន្តរជាតិ ដែលតំណាងឱ្យ ៣៧ប្រទេស រួមមាន អាស៊ាន ១០​ប្រទេស និងសហភាពអឺរ៉ុប ២៧​ប្រទេស ហើយមានលក្ខណៈទូលំទូលាយ និងបើកចំហរ​ទីផ្សារ​នៃការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ។

មកដល់ពេលបច្ចុប្បន្ន កិច្ចព្រមព្រៀងនេះ មានរដ្ឋភាគី​ចំ​នួន ១៤ប្រទេស បានផ្តល់សច្ចាប័នរួចហើយ ដែលក្នុង​នោះ រដ្ឋសមាជិកសហភាពអឺរ៉ុបចំនួន ១២ប្រទេស រួម​មាន ឆែក អេស្តូនី អៀរឡង់ អេស្ប៉ាញ បារាំង លីទុយ​អានី លុចសំបួ ហុងគ្រី អូទ្រីស រូម៉ានី ស្លូវេនី និងស្លូវ៉ាគី ហើយរដ្ឋសមាជិកអាស៊ានចំនួន២ប្រទេស រួមមាន ឡាវ និងសិង្ហបុរី ៕

អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner