គណៈរដ្ឋមន្ត្រី បានអនុម័ត កិច្ចព្រមព្រៀងដឹក​ជញ្ជូន​តាម​ផ្លូវ​អា​កាស រវាងរដ្ឋសមាជិកអាស៊ាន និងចិន

(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បានអនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម​លើ​ពិធី​សារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥ រវាងភាគីចុះ​កិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀង​ដឹកជញ្ជូនតាមផ្លូវ​អា​កាស រវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគម​ប្រជា​ជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតី​ភាព​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែ​វិច្ឆិកា ឆ្នាំ២០២៥។

ពិធីសារទី៣នេះ មាន ២មាត្រា ត្រូវបានផ្តួចផ្តើម ​និង រៀ​ប​ចំឡើងដោយ ស្ថាប័នទទួលបន្ទុកវិស័យ​អាកាស​ចរ​ណ៍ស៊ីវិលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋប្រជាមានិតចិន នៅក្នុងឆ្នាំ​២០១៨​។

ចំពោះការផ្តល់សច្ចាប័នលើពិធីសារទី៣នេះ ព្រះរាជា​ណាចក្រកម្ពុជាដែលជារដ្ឋសមាជិកអាស៊ាន នឹងទទួល​បាន​អត្ថប្រយោជន៍ រួមមាន (១) ជំរុញការទាក់ទាញការ​ដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ វិនិយោគ សេដ្ឋកិច្ច ទេសចរណ៍ ការងារ និងផ្លាស់ប្តូរវប្បធម៌រវាងប្រជាជន និងប្រជាជនកម្ពុជា និងចិន រួមទាំងអាស៊ាននិងចិន (២) ជំរុញក្រុមហ៊ុនអាកាសចរណ៍កម្ពុជា និងចិន ដើម្បីរៀប​ចំផែនការហោះហើររបស់ខ្លួនបន្ថែមទៀត លើការអនុវត្ត​សិទ្ធិហោះហើរទី៥ (រវាងកម្ពុជានិងចិនដោយឆ្លងកាត់​តំបន់​អាស៊ាន) ក្នុងការដឹកជញ្ជូនអ្នកដំណើរ និងទំនិញ​តាមផ្លូវអាកាសអន្តរជាតិ (៣) បង្កើនជម្រើសកាន់តែ​ច្រើន​ថែមទៀតដល់អ្នកដំណើរតាមផ្លូវអាកាសអន្តរជាតិ​រវាងកម្ពុជានិងចិនប្រកបដោយសន្តិសុខ សុវត្ថិភាព និង​ផាសុកភាព (៤) ទទួលបានការទាក់ទាញលើការ​កសា​ង​និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធអាកាសចរណ៍​ស៊ីវិល​រវាងកម្ពុជានិងចិន ដែលកម្ពុជាបានទទួលលទ្ធផល​ផ្លែផ្កា​ល្អរួចហើយ តាមរយៈការអនុវត្តគម្រោងលើគំនិតផ្តួច​ផ្តើម​ខ្សែក្រវាត់និងផ្លូវរបស់សាធារណរដ្ឋប្រជាមានិតចិន និង(៥) រួមចំណែកដល់ការអនុវត្តយុទ្ធសាស្ត្រ​គ្រប់ជ្រុង​ជ្រោយកម្ពុជា និងចិន ក្រោមទិដ្ឋភាពការអនុវត្ត​កិច្ចព្រម​ព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសអាស៊ាន-ចិន រួម​ទាំង​ពិធីសារទី១ ទី២ និងទី៣ ។

បច្ចុប្បន្ន ពិធីសារទី៣នេះ មានរដ្ឋភាគីចំនួន ៧ប្រទេស បានផ្តល់សច្ចាប័នរួច ដែលរដ្ឋសមាជិកអាស៊ានចំនួន ៦ប្រទេស រួមមាន ម៉ាឡេស៊ី មីយ៉ាន់ម៉ា វៀតណាម សិង្ហបុរី ហ្វីលីពីន ឡាវ និងប្រទេសចិន ៕

អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner