គណៈរដ្ឋមន្ត្រី អនុម័ត កញ្ចប់​កិច្ច​សន្យា នៃសេវា​​កម្ម​ដឹក​ជញ្ជូន​តាមផ្លូវអាកាស ក្របខ័ណ្ឌអាស៊ាន

(ភ្នំពេញ)៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័ត​លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធី​សារអនុវត្តកញ្ចប់កិច្ចសន្យាទី១១និងទី១២ នៃសេវាកម្ម​ដឹកជញ្ជូនតាមផ្លូវអាកាសក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ​អាស៊ានស្តីពីសេវាកម្ម ។ នេះបើតាមសេចក្តី​ប្រកាស​ព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ពិធីសារទី១១និងទី១២នេះ ត្រូវបានផ្តួចផ្តើមនិងរៀបចំ​ឡើង​ដោយ ស្ថាប័នទទួលបន្ទុកវិស័យអាកាសចរណ៍​ស៊ី​វិល ​នៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដោ​យ​សម្រេចបានការចុះហត្ថលេខា លើពិធីសារទី១១ នា​ថ្ងៃ​ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅរដ្ឋធានីហាណូយ សា​ធា​រណរដ្ឋសង្គមនិយមវៀតណាម និងពិធីសារទី១២ នា​ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងបាលី សាធា​រណ​រដ្ឋឥណ្ឌូណេស៊ី។

ពិធីសារទី១១និងទី១២នេះ បង្កើតឡើងក្នុងគោលបំ​ណង​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើ​ផ្នែកសេ​វា​កម្ម​ដឹកជញ្ជូនតាមផ្លូវអាកាស ក្នុងចំណោម រដ្ឋសមាជិកអា​ស៊ាន កាត់បន្ថយការរឹតត្បិតនៃលក្ខខណ្ឌពាណិជ្ជ​កម្មចំ​ពោះសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាស លើការប្រព្រឹត្ត​ទៅ​ឆ្លងដែនវិនិយោគពីប្រទេសមួយទៅប្រទេស​មួយ​ទៀត និងបន្តធ្វើសេរីភាវូបនីយកម្មលើសេវាកម្មដឹក​ជញ្ជូនតាមផ្លូវអាកាសឱ្យកាន់តែទូលំទូលាយថែមទៀតនៅក្នុងតំបន់អាស៊ាន។

ចំពោះការផ្តល់សច្ចាប័នលើពិធីសារទី១១និងទី១២នេះ ព្រះរាជាណាចក្រកម្ពុជាដែលជារដ្ឋសមាជិកអាស៊ាន នឹង​​​​ទទួលបានអត្ថប្រយោជន៍ រួមមាន (១) បំពេញ​កា​តព្វ​កិច្ចក្នុងនាមរដ្ឋសមាជិកអាស៊ាន ដើម្បីសម្រេច​បាន​នូវចក្ខុវិស័យនៃសហគមន៍សេដ្ឋកិច្ចអាស៊ានតែមួយ តាម​រយៈការកសាងទីផ្សារអាកាសចរណ៍អាស៊ានតែមួយ (២) ជំរុញឱ្យកាន់តែល្អប្រសើរលើសកម្មភាពការងារ​សមាហរណកម្មនៅក្នុងតំបន់អាស៊ាននៃវិស័យអាកាសចរណ៍ស៊ីវិល តាមរយៈការបើកចំហទីផ្សារបន្ថែម នៃ​សេវា​កម្មដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ និង (៣) ទាក់ទាញបន្ថែមទៀត នៃការ វិនិយោគលើផ្នែក​សេវា​កម្មដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ពីបណ្តាប្រ​ទេស​សមាជិកអាស៊ាន។

ពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១១ មានរដ្ឋ​សមាជិក​អា​​ស៊ានចំនួន ៨ប្រទេស រួមមាន ព្រុយណេ ឥណ្ឌូណេ​ស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ។

ចំណែកពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១២ មាន​រដ្ឋ​សមាជិកអាស៊ានចំនួន ៦ប្រទេស រួមមាន ព្រុយណេ ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងវៀតណាម ៕

អត្ថបទ ៖ វណ្ណលុក
រូប ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner