ក្រសួងការពារជាតិកម្ពុជា ធ្វើម្ចាស់ផ្ទះកិច្ចប្រជុំ ស្តីពី​សន្តិ​សុខ​សាយប័រ លើកទី១៣

(សៀមរាប)៖ ក្រសួងការពារជាតិកម្ពុជា បានធ្វើ​ម្ចាស់​ផ្ទះ​កិច្ចប្រជុំក្រុមការងារជំនាញស្តីពី សន្តិសុខសាយប័រ លើ​ក​​​ទី១៣ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអា​ស៊ា​ន​-បូក នៅខេត្តសៀមរាប ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃ​ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមសហប្រធានដោយ​ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល នាយក នាយ​ក​ដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ តំណាងរដ្ឋមន្ត្រី​ក្រសួងការពារជាតិកម្ពុជា និងឧត្តមសេនីយ៍ត្រី ម៉ៃខែល វ៉ៃឌី (Michael REIDY) អគ្គនាយកកងកម្លាំងអភិវឌ្ឍន៍​សាយប័រ នៃបញ្ជាការដ្ឋានសាយប័រក្រសួងការពារជាតិ​អូស្ត្រាលី ព្រមទាំងមានការចូលរួមពីប្រតិភូមកពី​បណ្តា​ប្រទេសជាសមាជិកអាស៊ាន-បូក មជ្ឈមណ្ឌលឧត្តម​ភាព​​ទិន្នន័យនិងសន្តិសុខសាយប័រ និងតំណាងលេខា​ធិការដ្ឋានអាស៊ាន សរុបចំនួន ១៨ប្រទេស ។

ឧត្តមសេនីយ៍ទោ កុសល សុវណ្ណវិសាល បានស្វាគមន៍​ប្រតិភូដែលបានអញ្ជើញចូលរួម ,ស្វាគមន៍ទីម័រ​ខាង​កើតបានក្លាយជាសមាជិកទី១១ របស់អាស៊ាន និង​អរ​គុណដល់សហប្រធានអូស្ត្រាលី ចំពោះការចូលរួមចំ​ណែក​ដ៏មានតម្លៃ និងកិច្ចខិតខំប្រឹងប្រែង ដើម្បីធានា​ដល់ដំណើរ ការកិច្ចប្រជុំដោយរលូន និងផ្លែផ្កា ។

លោកឧត្តមសេនីយ៍ទោ បានវាយតម្លៃខ្ពស់ចំពោះវត្ត​មាន​ប្រតិភូដែលបានចូលរួម ដែលជាការគូសបញ្ជាក់​ពីការប្តេ ជ្ញាចិត្ត របស់ប្រទេសសមាជិក និង​ដៃគូ​ពាក់​ព័ន្ធទាំងអស់ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និង​បង្កើនសមត្ថភាព អន្តរប្រតិបត្តិការក្នុងតំបន់ ដើម្បីទប់​ស្កាត់នឹងការគំរាមកំហែងសន្តិសុខសាយប័រ ដែលជា​បញ្ហាប្រឈមសកល ដែល កំពុងបន្តកើតមាន។

ជាមួយគ្នានោះដែរ ឧត្តមសេនីយ៍ត្រី ម៉ៃខែល វ៉ៃឌី (Michael REIDY) ដែលជាសហប្រធានដឹកនាំកិច្ចប្រជុំ បានផ្តួចផ្តើម​ពិភា​ក្សា​អង្គ​ប្រ​ជុំអំពីផែនការ នៃការធ្វើ​លំ​ហា​ត់រួមគ្នា រវាងក្រុមការ​ងារ​ជំនាញចំនួនបី ដូចជា សន្តិ​សុខសាយប័រ វេជ្ជសាស្ត្រ​យោធា ជំនួយមនុស្សធម៌ និង​គ្រោះមហន្តរាយ នៅចុង​ឆ្នាំ២០២៦ខាងមុខ នៅប្រ​ទេ​សឥណ្ឌូណេស៊ី ។

នៅក្នុងកម្មវិធីបើកកិច្ចប្រជុំ ក៏មានការអញ្ជើញចូលរួមពី​សំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គ​នាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជា ADSOM Leader កម្ពុជា បានអញ្ជើញចូលរួម ថ្លែង​សុន្ទរកថាក្នុងកម្មវិធី ដោយបានគូសបញ្ជាក់អំពី​ន​យោ​បាយឈ្នះ-ឈ្នះ ដែលបានដាក់ចេញដោយ សម្តេច​តេជោ ហ៊ុន សែន ដើម្បីបិទបញ្ចប់សង្គ្រាមស៊ីវិល​នៅ​កម្ពុជា និងត្រូវបានការពារយ៉ាងរឹងមាំ និងធ្វើទំនើបកម្ម ក្រោមការ ដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នា​យ​ក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តម បានសង្កត់ធ្ងន់អំពីកាតព្វកិច្ចក្នុងការរួមបញ្ចូលគំនិតនៃ “សន្តិភាព” ជាមួយបរិបទនៃការរីកចម្រើនវិស័យសន្តិ​សុខ​សាយប័រ នៅក្នុងសត វត្សទី២១ផងដែរ។

ក្នុងកិច្ចប្រជុំនេះ សហប្រធានទាំងពីរ បានដឹកនាំ​កិច្ច​ប្រ​ជុំ​ពិភាក្សា និងការចូលរួមធ្វើបទបង្ហាញចែក រំលែកបទ​ពិសោធន៍ និងឧត្តម្មានុវត្តន៍ របស់សមាជិកចូលរួម ពាក់​ព័ន្ធ​នឹងសន្តិសុខសាយប័រ តាមរបៀបវារៈដែលបាន គ្រោ​ង​ទុក រួមមាន៖ ធ្វើបច្ចុប្បភាពនិងការប្រើប្រាស់សាក​ល្បង​​ថ្នាល (Web Portal) ការរៀបចំឯកសារ TOR ដើម្បីនិរន្តរ៍ភាព ដំណើរការផ្ទាល បទបង្ហាញចែករំលែក​បទពិសោធន៍ និងឧត្តម្មានុវត្តន៍ពាក់ព័ន្ធនឹងការការពារ​និង ការគំរាមកំហែង សន្តិសុខសាយប័រ រួមនឹងការពិ​ភា​ក្សា​ជាក្រុមដើម្បីប្រមូលមតិយោបល និង​ការបញ្ចូល​ធាតុ​ក្នុងការរៀបចំផែនការ លម្អិតដើម្បីកំណត់គោលដៅ និង​កម្មវត្ថុ​សម្រាប់ធ្វើលំហាត់រួមគ្នារវាងក្រុមការងារជំនាញ​ស្តីពីសន្តិសុខសាយប័រ វេជ្ជ សាស្ត្រយោធា ជំនួយ​មនុ​ស្ស​​ធម៌និងគ្រោះមហន្តរាយ ចុងឆ្នាំ២០២៦ នៅប្រទេស​ឥណ្ឌូណេស៊ី។

ក្រោយពីបញ្ចប់កិច្ចប្រជុំ សមាជិកប្រតិភូទាំងអស់ ក៏បាន​​​អញ្ជើញធ្វើទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌល APOPO និង​ប្រាសាទអង្គវត្ត ដើម្បីឈ្វេងយល់ពី វប្បធ៌ម ប្រពៃ​ណី និងស្ថាបត្យកម្មដ៏រុងរឿង​នៃសម័យ​អង្គរ ផងដែរ។

គួរបញ្ជាក់ថា កិច្ចប្រជុំលើកទី១៣នេះ គឺជាលើកទី២​ហើ​យ ដែលប្រទេសកម្ពុជា ធ្វើម្ចាស់ផ្ទះ ខណៈលើកទី១ ក្នុង​ឆ្នាំ២០២៤ នៅខេត្តសៀមរាប ជាមួយនឹងគោល​ដៅ​ជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ការលើកកម្ពស់​សមត្ថ​ភាព និងភាពធន់ ក្នុងចំណោមប្រទេសជា​សមា​ជិក ពាក់ព័ន្ធនឹងបញ្ហា សន្តិសុខសាយប័រក្នុងតំបន់ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner