សភាពាណិជ្ជកម្ម Dubai ប្តេជ្ញាបន្តជំរុញការចាប់ដៃគូរធ្វើពាណិជ្ជកម្មជាមួយកម្ពុជា ឲ្យបានរឹងមាំបន្ថែមទៀត
(ភ្នំពេញ)៖ សភាពាណិជ្ជកម្ម Dubai នៃប្រទេស អេមីរ៉ាតអារ៉ាប់រួម បានរៀបចំវេទិការ ធុរកិច្ចជាមួយគណៈប្រតិភូឌូបៃ ស្តីពី «ការធ្វើធុរកិច្ចនៅកម្ពុជា» New Horizons: Doing Business with Cambodia ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ។ ក្រសួង ស្ថាប័នពាក់ព័ន្ធកម្ពុជា ដែលសហការចូលរួមឲ្យមានវេទិកានេះឡើង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសណ្ឋាគារ Hyatt Regency Phnom Penh រួមមាន ក្រសួងពាណិជ្ជកម្មកម្ពុជា, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា ។
កម្មវិធីនេះបានអញ្ជើញចូលរួមជាគណៈអធិបតីនៃថ្នាក់ដឹកនាំនៃភាគីទាំងពីររួមមាន ៖ លោកជំ ទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, លោក Salem AL Shamsi អនុប្រធានប្រតិបត្តិ នៃសភាពាណិជ្ជកម្មឌូបៃ និងឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។
លោក Salem AlShamsi អនុប្រធានប្រតិបត្តិ ទទួលបន្ទុកផ្នែកទំនាក់ទំនងអន្តរជាតិនៃសភាឌូបៃ បានមានប្រសាសន៍ថា ៖ “សភាពាណិជ្ជកម្ម Dubai ប្តេជ្ញាចិត្តជំរុញក្រុមហ៊ុនដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ដើម្បីកសាងភាពជាដៃគូដ៏រឹងមាំនៅទីផ្សារអាទិភាព និងបើកផ្លូវថ្មីសម្រាប់ការពង្រីកអន្តរជាតិ ។ សកម្មភាពទាំងនេះ គាំទ្រដល់កំណើនប្រកបដោយនិរន្តរភាព នៃសហគមន៍ធុរកិច្ចរបស់ទីក្រុងឌូបៃ និង ពង្រឹងកេរ្តិ៍ឈ្មោះរបស់អេមីរ៉ាតនេះជាមជ្ឈមណ្ឌលអាជីវកម្មឈានមុខគេលើពិភពលោក។”
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅក្នុងឱកាសនោះដែរ ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃភាពជាដៃគូនៃប្រទេសទាំងពីរ ដោយបញ្ជាក់ថា «ការវិនិយោគនៅកម្ពុជានេះ មិនមែនសំដៅលើតែទីផ្សារក្នុងស្រុកដែលមានប្រជាជន ១៧លាននាក់ប៉ុណ្ណោះទេ តែកម្ពុជាជាច្រកទ្វារដ៏សំ ខាន់ទៅកាន់ទីផ្សារអ្នកប្រើប្រាស់ ៦៨០លាននាក់ នៅក្នុងតំបន់អាស៊ានទាំងមូល ហើយកម្ពុជាជាមជ្ឈមណ្ឌលផលិតកម្ម និងភស្តុភារយុទ្ធសាស្ត្រ»។
សូមបញ្ជាក់ថា ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម និងដើម្បីជាការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងយល់ច្បាស់ពីគោលបំណងនៃវេទិការនេះ អ្នករៀបចំក៏បានអញ្ជើញក្រុមហ៊ុនឯកជនកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម ប្រមាណ ២៥០ក្រុមហ៊ុន ឲ្យចូលរួមផងដែរ ដែលពាក់ព័ន្ធនឹងវិស័យ កសិកម្ម ម្ហូបអាហារ បដិសណ្ឋារកិច្ចទេសចរណ៍ សុខាភិបាល គ្រឿងសំអាង យានយន្ត សំណង់ គ្រឿងអេឡិចត្រូនិក ប្រេងរំអិល និងផ្នែកប្រឹក្សាយោបល់ ជាដើម ។
លោកជំទាវ តឹករ៉េត កំរង នៅក្នុងឱកាសនោះ បានលើកឡើងពីកាលានុវត្តភាពពាណិជ្ជកម្ម និងវិនិយោគសំខាន់ៗ ដែលត្រូវបានបង្កើតឡើងក្រោមក្របខណ្ឌកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ជាពិសេសក្នុងវិស័យកសិកម្មកសិ-កែច្នៃ ភស្តុភារ និងទេសចរណ៍ ។
លោកជំទាវ បានលើកទឹកចិត្តវិនិយោគិន អេមីរ៉ាតអារ៉ាប់រួម ឱ្យសិក្សាស្វែងយល់ពីវិស័យសក្ដានុពលរបស់កម្ពុជា និងបានជម្រាបជូនអំពីត្រៀមខ្លួនជាស្រេចរបស់ ក្រសួងពាណិជ្ជកម្ម ក្នុងការសម្របសម្រួល និងគាំទ្រដល់ធុរជន និងវិនិយោគិនទាំងអស់ក្នុងការធ្វើធុរកិច្ចនៅកម្ពុជា ។
ឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានថ្លែងប្រាប់ទៅកាន់វេទិការទាំងមូលអំពី ស្ថានភាពបច្ចុប្បន្ន និងទស្សនវិស័យ នៃកិច្ចសហប្រតិបត្តិការវិនិយោគទ្វេភាគី សំដៅលើកទឹកចិត្តឱ្យធុរជន អេមីរ៉ាតអារ៉ាប់រួម បង្កើនការវិនិយោគរបស់ខ្លួននៅកម្ពុជា ។
ឯកឧត្តមក៏បានគូសរំលេចអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធានាឱ្យបាននូវស្ថិរភាពនយោបាយ និងលំនឹងម៉ាក្រូសេដ្ឋកិច្ច, ពិពិធកម្មទីផ្សារនាំចេញ, គោលនយោបាយដែលចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចជាតិ, និងវឌ្ឍនភាពថ្មីនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចផងដែរ ៕
អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ សួង ពិសិដ្ឋ

















