យន្តហោះ Airbus A320 ខូចប្រព័ន្ធសូហ្វវែរ ប៉ះពាល់ចរាចរណ៍ផ្លូវអាកាសអាស៊ី និងអឺរ៉ុប

ប៉ារីស ៖ ការធ្វើដំណើរតាមផ្លូវអាកាសនៅអាស៊ី និងអឺរ៉ុប បានទទួលរងការរំខាន ឬត្រូវបង្ខំចិត្តផ្អាកជើងហោះហើរជាបណ្តោះអាសន្នតែម្តង ខណៈក្រុមហ៊ុនអាកាសចរណ៍សកល ព្យាយាមជួសជុលបញ្ហាផ្នែកសូហ្វវែរនៅលើយន្តហោះដឹកនាំអ្នកដំណើរ Airbus A320 ប្រមាណ ៦,០០០គ្រឿង។

ជុំវិញបញ្ហានេះ នាយកប្រតិបត្តិ Airbus លោក Guillaume Faury ប្រកាសសុំទោសដល់ក្រុមហ៊ុនអាកាសចរណ៍ប៉ះពាល់នានា និងអ្នកដំណើរទាំងអស់ ក្រោយការប្រមូលយកទៅជួសជុលវិញដ៏គួរភ្ញាក់ផ្អើលរហូតដល់ ៦.០០០គ្រឿង ឬច្រើនជាងពាក់កណ្តាលនៃយន្តហោះប្រភេទ A320 នៅទូទាំងពិភពលោក។

បើតាមប្រភពពី The Daily Star, ថ្មីៗនេះក្រុមហ៊ុន Airbus បានប្រកាសប្រមូលយន្តហោះធុន A320 មកជួសជុលកែលម្អបញ្ហាសូហ្វវែរឡើងវិញ ដែលធ្វើឱ្យប៉ះពាល់ដល់ជើងហោះហើររាប់រយនៅតំបន់អាស៊ី និងអឺរ៉ុប ពិសេសការធ្វើដំណើរផ្លូវអាកាសនៅសហរដ្ឋអាមេរិក អំឡុងចុងសប្តាហ៍ដ៏មមាញឹកប្រចាំឆ្នាំ។

ទន្ទឹមគ្នា និយតករពិភពលោកក៏ជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍នានាត្រូវរួតរះដោះស្រាយបញ្ហានេះជាបន្ទាន់ មុនពេលចាប់ផ្តើមដំណើរការជើងហោះហើរនៃយន្តហោះ Airbus A320 ឡើងវិញ។

ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិបានតបវិញថា កាលពីថ្ងៃសៅរ៍សប្តាហ៍មុន ពួកគេបានបញ្ចប់ ឬជិតបញ្ចប់ការធ្វើបច្ចុប្បន្នភាពកម្មវិធីសូហ្វវែររបស់យន្តហោះ A320 ទាំងអស់ហើយ។ ការប្រកាសនេះ រួមមានក្រុមហ៊ុនអាកាសចរណ៍អាមេរិក American Airlines ក្រុមហ៊ុន United Airlines និងក្រុមហ៊ុន Air India ព្រមទាំងស្ថាប័នអាកាសចរណ៍ជាច្រើនទៀត៕

ប្រភព ៖ The Daily Star ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner