សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជួបជាមួយគណៈចលនាមហាជនខេត្តកណ្តាល
ភ្នំពេញ៖សម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលកាលពីថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០២៥បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជន ចំណុះគណៈកម្មាធិការបក្ស ខេត្តកណ្តាល។
មន្រ្តីក្រុមការងារយុវជនបានឱ្យដឹងថា ក្នុងឱកាសនេះមានវត្តមាន ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាអគ្គលេខាធិការគណៈចលនាមហាជន ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង ប្រធាន អនុប្រធានផ្នែក ចំណុះអគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំគណៈកម្មាធិការបក្សខេត្ត ក្រុង-ស្រុក និងឃុំ-សង្កាត់ ព្រមទាំងរចនាសម្ព័ន្ធគណៈចលនាមហាជនទូទាំងខេត្តកណ្តាល ចូលរួម។
ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈចលនាមហាជនខេត្តកណ្តាលបានធ្វើការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានអញ្ជើញជួបសំណេះសំណាលដោយផ្ទាល់ជាមួយរចនាសម្ព័ន្ធគណៈចលនាមហាជនខេត្តកណ្តាល។ឯកឧត្តមក៏បានរាយការណ៍សង្ខេបអំពីស្ថានភាពទូទៅក្នុងខេត្តជូនគណៈអធិបតីផងដែរ។
មានប្រសាសន៍ទៅកាន់អង្គពិធីសម្តេចអនុប្រធានបាននាំយកការសាកសួរសុខទុក្ខពីសម្តេចប្រធានបក្ស សម្តេចប្រធានកិត្តិយស និងសម្តេចអនុប្រធានបក្សជូនដល់មន្រ្តីគណបក្សទាំងអស់ ក៏ដូចជាបានថ្លែងអំណរគុណជូនចំពោះគ្រប់រចនាសម្ព័ន្ធទំងអស់ដែលបានបំពេញការងារយ៉ាងសកម្មជូនគណបក្សក្នុងរយៈកាលកន្លងទៅនេះ។
សម្តេចបានបញ្ជាក់ថា ជំនួបថ្ងៃនេះ មានគោលបំណងធ្វើបច្ចុប្បន្នភាពអំពីស្ថានការណ៍នយោបាយរួមជូនដល់មន្រ្តីគណបក្សដើម្បីជាមូលដ្ឋានសម្រាប់អនុវត្តនៅក្នុងមូលដ្ឋានរៀងៗខ្លួនសំដៅចូលរួមការពារសុខសន្តិភាព ស្ថិរភាព និងសមិទ្ធផលជាតិសំខាន់ៗទាំងឡាយដែលគណបក្សបានខិតខំកសាងដោយលំបាក៕





ដោយ៖ ជាវ ចន្ធូ