កម្ពុជាអំពាវនាវដល់រដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ាឲ្យគោរពគោលការណ៍មនុស្សធម៌
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដម លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១អាជ្ញាធរមីន បានធ្វើសេចក្ដីថ្លែងការណ៍ស្តីពីវឌ្ឍនភាពនៃសកម្មភាពមីនមនុស្សធម៌នៅកម្ពុជា ក្នុងកិច្ចប្រជុំលើកទី២២នៃរដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
ក្នុងសេចក្ដីថ្លែងការណ៍នោះ កម្ពុជាបានអំពាវនាវដល់រដ្ឋភាគីទាំងអស់ឱ្យរក្សានូវបទដ្ឋាន និងស្មារតីនៃអនុសញ្ញាអូតាវ៉ា ដោយមិនត្រូវកេងចំណេញផលប្រយោជន៍ ឬធ្វើសកម្មភាពណាមួយផ្ទុយនឹងគោលការណ៍ និងតម្លៃមនុស្សធម៌ ដែលជាបេះដូងនៃអនុសញ្ញានេះឡើយ។ កម្ពុជាសង្ឃឹមថា រដ្ឋភាគីនឹងរួមគ្នាសម្រេចឱ្យបាននូវផែនការសកម្មភាព និងសេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ បោសសម្អាតអតីតកាល និងកសាងអនាគតមួយដែលមានសន្តិភាពសម្រាប់មនុស្សជាតិ។
ជាមួយគ្នានោះ ឯកឧត្ដម លី ធុជ បានបញ្ជាក់ពីគោលការណ៍នៃកម្មវិធីសកម្មភាពមីនរបស់កម្ពុជា ដែលធ្វើឡើងប្រកបដោយតម្លាភាព វិជ្ជាជីវៈ និងអនុលោមតាមកាតព្វកិច្ចរបស់ខ្លូន ដើម្បីធានាបាននូវទំនុកចិត្តរវាងរដ្ឋភាគីរហូតដល់កម្ពុជាទទួលបានការវាយតម្លៃខ្ពស់ជាប្រទេសឈានមុខគេក្នុងការបោសសម្អាតមីន ការគ្រប់គ្រងព័ត៌មាន និងការគាំទ្រជនរងគ្រោះដែលបន្តរស់រានមានជីវិត។
ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងបញ្ជាក់ទៀតថា កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះគោលដៅនៃអនុសញ្ញានេះ ហើយនឹងបន្តពង្រឹងសមត្ថភាពជាតិ គាំទ្រជនរងគ្រោះ ចែករំលែកជំនាញទៅកាន់ពិភពលោក និងផ្តល់ការគាំទ្រទៅតាមតម្រូវការ និងការស្នើសុំរបស់ប្រទេសផ្សេងទៀតដែលរងគ្រោះដោយសារមីន។
យោងតាមឯកឧត្ដម លី ធុជ កម្ពុជាទទួលស្គាល់ថា តំបន់ព្រំដែននៅប្រទេសមួយចំនួននៅបន្តរងគ្រោះដោយសារមីនដូចករណីកម្ពុជា ដែលមានភាពស្មុគស្មាញ បន្សល់ទុកដោយសង្គ្រាមពីអតីតកាល ហើយតំបន់ទាំងនេះបានបង្កហានិភ័យដល់ទាំងប្រជាជនស៊ីវិល និងកងកម្លាំងយោធា។
ទោះបីយ៉ាងណា កម្ពុជាបានដោះស្រាយបញ្ហាប្រឈមទាំងនេះ ដោយផ្តោតសំខាន់លើផលវិបាកមនុស្សធម៌ សេដ្ឋកិច្ច និងនយោបាយ ដែលបង្កឡើងដោយចម្ការមីន ហើយកម្ពុជាបានជ្រើសរើសការដោះស្រាយបញ្ហាតាមរយៈកិច្ចសហប្រតិបត្តិការ ការសន្ទនា និងផ្អែកលើទិដ្ឋភាពបច្ចេកទេស ដើម្បីធានាបាននូវសុខសុវត្ថិភាពនៅតាមបណ្តោយព្រំដែន។











