ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ជំរុញការផ្លាស់ប្តូរផ្នត់គំនិតក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីឧត្តមប្រយោជន៍ជាតិ និងប្រជាជន
ភ្នំពេញ ៖ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៦។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា ក្នុងរយៈពេល២ឆ្នាំកន្លះនៃអាណត្តិទី៧នេះ ក្រសួងសម្រេចបានការរៀបចំកិច្ចការផ្ទៃក្នុង, បង្កើតប្រព័ន្ធគ្រប់គ្រងរដ្ឋបាលសាធារណៈទំនើប និងបានចូលរួមដោះស្រាយបញ្ចប់បញ្ហាចម្រូងចម្រាស់ជាច្រើនពាក់ព័ន្ធនឹងការប្រើប្រាស់ដីធ្លី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ចំពោះទិសដៅខាងមុខ ក្រសួងនឹងបន្តអនុវត្តគោលនយោបាយដីសម្បទានសង្គមកិច្ច ដោយបន្តផ្ដល់ដី និងលំនៅឋានសមរម្យជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដើម្បីជួយពួកគាត់ឱ្យរួចផុតពីភាពក្រីក្រ និងមានជីវភាពល្អប្រសើរឡើង។ ដោយឡែក ចំពោះការងារវិមជ្ឈការ និងវិសហមជ្ឈការ ឯកឧត្តមសាយ សំអាល់ បានជំរុញដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីទូទាំងប្រទេស ឱ្យខិតខំប្រឹងប្រែងអនុវត្តកិច្ចការសុរិយោដី ការងាររៀបចំដែនដី រៀបចំទីក្រុង និងទីប្រជុំជន ធ្វើយ៉ាងណាឱ្យមានសោភ័នភាព មានលំហសាធារណៈសម្រាប់លំហែ និងគ្មានការកកស្ទះចរាចរណ៍ ដើម្បីបង្កលក្ខណៈឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្តីសុខ សុភមង្គល សុវត្ថិភាព និងភាពកក់ក្តៅ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងពីសារសំខាន់នៃការផ្លាស់ប្តូរផ្នត់គំនិត និងរបៀបរបបថ្មីក្នុងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីបម្រើឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា ក្រៅពីមុខងារសាធារណៈ ក្រសួងរៀបចំដែនដីត្រូវពង្រីកការគិតគូរអំពីវិស័យជំនាញនីមួយៗឱ្យបានស៊ីជម្រៅ និងទូលំទូលាយ ដើម្បីបង្កើតចំណូលសេដ្ឋកិច្ច ស្របតាមការអភិវឌ្ឍន៍របស់ប្រទេសជាតិ និងការរីកចម្រើនរបស់ពិភពលោក។

ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទក្រសួងគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយចិត្ត និងកម្លាំងប្រាជ្ញា ដើម្បីសម្រេចការងារជូនជាតិ និងប្រជាជនកម្ពុជា។ សម្រាប់ឯកឧត្តម សមិទ្ធផលទាំងអស់មិនអាចកាត់ផ្តាច់បានពីការចូលរួមរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ដែលបានសហការយ៉ាងស្អិតរមួតជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការរុញការងារក្រសួង ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា៕


អត្ថបទ ៖ ហេង វណ្ណា
រូបភាព ៖ គ្រី សម្បត្តិ