ទេសរដ្ឋមន្រ្តី លី ធុជ ជម្រាបអគ្គលេខាធិការរង UN អំពីភាពស្មុគស្មាញនៃបញ្ហាមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ

ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានជួបពិភាក្សាការងារជាមួយ លោកស្រី Izumi Nakamitsu អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកនិសព្វាវុធការពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការសកម្មភាពមីន។

ក្នុងជំនួបដែលធ្វើឡើងនៅថ្ងៃទី១ ខែ ធ្នូ ឆ្នាំ ២០២៥ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម អស់រយៈពេលជាង ៣០ឆ្នាំមកនេះ។ ក្នុងនោះ កម្ពុជាបានប្រែក្លាយពីប្រទេសមួយក្នុងចំណោមប្រទេសដែលមានរងគ្រោះធ្ងន់ធ្ងរបំផុតដោយសារមីន ទៅជាប្រទេសឈានមុខគេក្នុងការបោសសំអាត ការគ្រប់គ្រងព័ត៌មាន និងការគាំទ្រជនរងគ្រោះដែលបន្តរស់រានមានជីវិត។

បន្ថែមលើនេះ កម្ពុជាបន្តរួមចំណែកក្នុងការបោសសម្អាតមីន ក្រោមក្របខ័ណ្ឌរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយប្រតិបត្តិករជាតិ-អន្តរជាតិប្រចាំកម្ពុជា ក៏បានចែករំលែកបទពិសោធន៍ និងជំនាញរបស់ខ្លួនជាសកល តាមរយៈការបណ្តុះបណ្តាល ទស្សនកិច្ចសិក្សា និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសរងគ្រោះដោយសារមីនផ្សេងទៀត។

ឯកឧត្តមបណ្ឌិតគូសបញ្ជាក់ទៀតថា កម្ពុជាទទួលបានជោគជ័យលើវិស័យសកម្មភាពមីន គឺដោយសារការគាំទ្រយ៉ាងពេញទំហឹង និងឆន្ទៈដ៏មុះមុតរបស់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បច្ចុប្បន្ន ក្នុងនោះផងដែរ ក៏មានការចូលរួមចំណែកមិនអាចកាត់ថ្លៃបានពីបណ្តាប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ជាមួយគ្នានេះឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក៏បានបញ្ជាក់អំពីភាពស្មុគស្មាញ និងបញ្ហាប្រឈមនានាចំពោះបញ្ហាមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលកំពុងបង្កគ្រោះថ្នាក់ដល់ទាំងប្រជាជនស៊ីវិល និងកងកម្លាំងយោធា ព្រមទាំងត្រូវការពេលវេលា និងធនធានច្រើនសម្រាប់ធ្វើការដោះស្រាយ។ ប៉ុន្តែទោះបីយ៉ាងណា កម្ពុជានឹងបន្តធ្វើការដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈកិច្ចសហប្រតិបត្តិការ ការសន្ទនា និងផ្អែកលើទិដ្ឋភាពបច្ចេកទេសជាមួយប្រទេសជិតខាង ដើម្បីធានាបាននូវសុខសុវត្ថិភាព។

លោកស្រី Izumi Nakamitsu បានទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដែលនាំមកនូវសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ហើយលោកស្រីបានចាត់ទុកកិច្ចការបោសសម្អាតមីន គឺជាបន្ទុកដ៏ធំរបស់កម្ពុជាដែលត្រូវដោះស្រាយ។ ដោយឡែក ពាក់ព័ន្ធនឹងជម្លោះរវាងកម្ពុជា-ថៃ លោកស្រី Izumi Nakamitsu បានសំណូមពរឱ្យភាគីទាំងពីរធ្វើការដោះស្រាយដោយសន្តិវិធី៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner