តៃវ៉ាន់ខកខានដាក់ដំណើរការផ្លូវការនាវាមុជទឹកផលិតក្នុងស្រុកដំបូងគេ
តៃប៉ិ ៖ CSBC ដែលជាក្រុមហ៊ុនសាងសង់នាវារបស់កោះតៃវ៉ាន់ បានខកខានមិនអាចធ្វើតាមកាលបរិច្ឆេតកំណត់ដាក់ដំណើរការផ្លូវការនាវាមុជទឹកផលិតក្នុងស្រុកដំបូងគេរបស់កោះតៃវ៉ាន់ នេះបើតាមការអះអាងពីក្រសួងការពារជាតិតៃវ៉ាន់កាលពីថ្ងៃចន្ទ។
ទាក់ទិននឹងការខកខាននេះ រដ្ឋមន្រ្តីការពារជាតិតៃវ៉ាន់ លោក Wellington Koo បានប្រាប់មូលហេតុថា អ្វីគ្រប់យ៉ាងដែលយើងធ្វើ គឺយោងតាមការវាយតម្លៃពីប្រព័ន្ធសុវត្ថិភាពជាចម្បង ហើយមិនប្រញាប់ប្រញាល់ឱ្យឈានដល់ខែ ដែលបានកំណត់ជាក់លាក់ណាមួយឡើយ។
បើតាមប្រមុខការពារជាតិរូបនេះ ជុំវិញបញ្ហាពន្យារពេលនេះទៀតសោត ក៏មានជាប់ពាក់ព័ន្ធជាមួយបញ្ហាគ្រឿងបរិក្ខា និងបុគ្គលិកបច្ចេកទេសរបស់ក្រុមហ៊ុនផលិតនាវាផងដែរ។
បើតាម Channel News Asia, ការសាកល្បងបើកលើផ្ទៃសមុទ្រនៃនាវាមុជទឹកដំបូងគេរបស់តៃវ៉ាន់ ធ្វើឡើងចាប់តាំងពីខែមិថុនា ពោលគឺជិត២ឆ្នាំក្រោយបង្ហាញខ្លួនជាលើកដំបូង។
កងទ័ពជើងទឹកតៃវ៉ាន់បាននិយាយពីមុនថា គោលដៅដំបូងគឺគ្រោងបញ្ចប់ការសាកល្បងនៅត្រឹមថ្ងៃទី៣០ ខែកញ្ញា ហើយដាក់ដំណើរការផ្លូវការនៅត្រឹមចុងខែវិច្ឆិកាឆ្នាំនេះ។
ការសាងសង់នាវាមុជទឹក គឺជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍នាវាមុជទឹករបស់កោះតៃវ៉ាន់ ដែលផ្តួចផ្តើមឡើងចាប់តាំងពីឆ្នាំ ២០១៦ ក្នុងគោលបំណងដាក់ដំណើរការនាវាមុជទឹកចំនួន ៨គ្រឿង ប៉ុន្តែសមាជិកសភាបក្សប្រឆាំងបានរិះគន់ ចំពោះការពន្យារពេលម្តងហើយម្តងទៀតទាក់ទងនឹងគម្រោងនេះ។
យ៉ាងណា តៃវ៉ាន់កំពុងដុតដៃដុតជើងធ្វើទំនើបវិស័យការពារជាតិរបស់ខ្លួន ដើម្បីទប់ទល់នឹងសម្ពាធពីប្រទេសចិន ដែលនៅតែចិញ្ចឹមចិត្តលេបយកកោះប្រជាធិបតេយ្យមួយនេះ ដាក់ជាផ្នែកមួយនៃបូរណភាពទឹកដីរបស់ខ្លួន ហើយថែមទាំងគំរាមប្រើកម្លាំងយោធាក្នុងករណីចាំបាច់។
គួរកត់សម្គាល់ នាវាមុជទឹកតៃវ៉ាន់មានប្រវែងប្រហែល ៨០ម៉ែត្រ និងមានទម្ងន់ចាប់ពី ២,៣០០តោនទៅ២,៧០០តោន ដែលរចនាឡើងបំពាក់ដោយប្រព័ន្ធប្រយុទ្ធដ៏ទំនើប និងប្រព័ន្ធមីស៊ីលប្រឆាំងនាវាមុជទឹក Torpedoes មានប្រភពមកពីក្រុមហ៊ុនផលិតអាវុធការពារជាតិ Lockheed Martin។
បច្ចុប្បន្ន កងទ័ពជើងទឹកតៃវ៉ាន់កំពុងដំណើរការនាវាមុជទឹកចំនួន២គ្រឿង ក្នុងនោះមានមួយគ្រឿងជានាវាមុជទឹកប្រភេទ Swordfish-class ទិញពីហូឡង់ក្នុងឆ្នាំ ១៩៨០។ ហើយក្នុងពេលដំណាលគ្នានោះ ចិនក៏បានប្រែក្លាយខ្លួនជាប្រទេសមានកងនាវាធំបំផុតមួយរបស់ពិភពលោកផងដែរ ដោយសារតែទីក្រុងប៉េកាំងផលិតបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងនាវាដឹកយន្តហោះចម្បាំងផងដែរ៕
ប្រភព ៖ CNA ប្រែសម្រួល ៖ ឈឹម ទីណា